ហៅ​មន្ត្រី​បច្ចេកទេស ប្រដាល់​គុន​ខ្មែរ ចំនួន​១១២​នាក់ មក​ដុសក្អែល​

224
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ក្រមសីលធម៌ សមត្ថភាព​បច្ចេកទេស​កម្រិត​មធ្យម ដល់​មន្ត្រី​របស់ខ្លួន រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​១២ និង ១៣ មិថុនា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​បញ្ជាក់ថា នេះ​ជាការ​ពង្រឹង​បន្ថែមទៀត ដល់​មន្ត្រី​នានា ដែល​កំពុង​បំពេញការងារ ជា​មន្ត្រី​បច្ចេកទេស ជា​ចៅក្រម ជា​អាជ្ញាកណ្ដាល នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា ដើម្បី​ធ្វើការ​ឱ្យមាន​សុក្រឹតភាព តម្លាភាព យុត្តិធម៌ នៅក្នុង​ការប្រកួត ។​

​សិក្ខាកាម ដែល​ចូល​រួមមាន ចំនួន ១១២ នាក់ ។ សម្រាប់​អ្នក​ដែល​មិនបាន​ចូលរួម ក្នុង​វគ្គ​នេះ អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ នៅតាម​ស្ថានីយ៍ទូរទស្សន៍ ។ នេះ​មិនមែនជា​វគ្គ​បឋម​នោះទេ តែ​ជា​វគ្គ​កម្រិត​មធ្យម សម្រាប់​អ្នក​ដែល​កំពុងតែ បំពេញការងារ​ស្រាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភី​រម្យ ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ បាន​ទទួលស្គាល់ថា មន្ត្រី​របស់​សហព័ន្ធ សព្វថ្ងៃ សមត្ថភាព មិនទាន់​ពេញលេញ ១០០ ភាគរយ​ឡើយ ។ ហេតុនេះ ពួកគេ​ត្រូវតែ​ទទួល​ការ​បំប៉ន បន្ថែម​ជា​ចាំបាច់ ហើយ វគ្គ​នេះ ហាម​មិន​ឲ្យ​អវត្តមាន ជាដាច់ខាត ។​

​វាគ្មិន​ដែល​ឧទ្ទេសនាម ក្នុង​វគ្គ​នេះ មាន​លោក​ព្រឹទ្ធាចារ្យ ឈិ​ត សារឹម លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ យ៉េន អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លោក ហេង សុឃន អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភារ​ម្យ ដែលជា​អគ្គលេខាធិការរង សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ និង​ទី​២ មិថុនា កន្លងមក សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​បើក​វគ្គ​បែបនេះ មួយ​វគ្គ​រួចហើយ នៅ​ខេត្តបាត់ដំបង ដែល​វគ្គ​នោះ សម្រាប់​មន្ត្រី​បច្ចេកទេស ដែល​បម្រើការ នៅ​សង្វៀន​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន​សិក្ខាកាម ចូលរួម​ជាង ៣០ នាក់​៕v