ហៅ​សួរនាំ​រឿង​បាត់​ម៉ូតូ ឆែក​ឃើញ​គ្រឿងញៀន​៤​កញ្ចប់ សមត្ថកិច្ច​ឃាត់ខ្លួន​២​នាក់​

646
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ឃាត់​នាំខ្លួន​ទៅ​សាកសួរ ផ្អែក​តាម​បណ្តឹង​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​ទៅនឹង ករណី​លួច​ម៉ូតូ ខណៈដែល​ហៅ​នាំទៅ​សាកសួរ បែ​ជា​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ចំនួន​៤​កញ្ចប់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១ ឈ្មោះ ជា ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២​។ ទី​២ ឈ្មោះ គុណ ប្រាថ្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​កើតហេតុ​ខាងលើ រាយការណ៍ ដាក់​ការសង្ស័យ ទៅលើ​ឈ្មោះ ជា ប្រុស បាន​លួច​ម៉ូតូ របស់​អ្នកភូមិ ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-6053 កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​កន្លងមក ហើយ​គេចខ្លួនបាត់ ទើប​នៅ​ព្រឹក ថ្ងៃទី​៣០ ខែតុលា​នេះ ឃើញ​ឈ្មោះ ជា ប្រុស មក​ផ្ទះ​វិញ សង្ស័យ​រាយការណ៍​ប្រាប់​ប៉ុ​លី​ស ហៅ​នាំទៅ​សាកសួរ តែ​ក្នុងពេលដែល​ប៉ូលីស​ចុះទៅ ឃើញ​មនុស្ស​២​នាក់ កំពុង​នៅ​ជាមួយគ្នា ទើប​ឃាត់ខ្លួន​ទាំង​២​នាក់​តែម្តង​។​

​ទោះជា​យ៉ាងណាក្តី ជនសង្ស័យ​មិន​ឆ្លើយ​សារភាពថា​ខន​លួ​ន​លួច​ម៉ូតូ​ឡើយ ថ្វីបើ​ដាក់​ការសង្ស័យ ពី​ជនរងគ្រោះ ឈ្មោះ នឹង ភិនភាគ​នឹង​ហើយ​ជា​អ្នក​លួច​ម៉ូតូ PCX កន្លងមក តែ​ជនសង្ស័យ​នៅតែ​ប្រកែក រហូតដល់​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ចំនួន​៤​កញ្ចប់ នៅ​ខ្លួន​ជនសង្ស័យ ជា ប្រុស ចំណែក​ជនសង្ស័យ​ឈ្មោះ គុណ ប្រាថ្នា តេស្ត​ទឹកនោម រកឃើញ​មាន​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន សាកសួរ និង​កសាង​សំណុំរឿង ដើ​ម្បិ​បញ្ជូនទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​៕​