ហ៊ីយ៉ាន់ដាយ​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង បុក​ម៉ូតូ​ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​

1086
ចែករម្លែក

ដោយ​៖​ចាន់ ថន / ព្រៃវែង​: ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​ប្រពន្ធ​គាប​ជាប់​រនាំង​ដែក ឯ​ប្ដី​ហោះចូល​ទឹក ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​១ ចំណុច​ខាងកើត​គល់ស្ពាន​អ្នក​លឿង​ចំងាយ​១៥០​ម៉ែត្រ ក្នុងភូមិ​ព្រែក​ខ្សាយ​ជើង​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តប្រៃវែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨​។

​លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3C 8836 បើកបរ​ដោយ​ឈ្មោះ ស៊ុត សាវុធ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​បើកបរ រស់​នៅឯ​ខេត្តកំពត​។ ដោយ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចុះ​ពីលើ​ស្ពាន​អ្នក​លឿង ហើយ​បាន​ដាច់​ទុយោ​ហ្រាំ្វ​ង​ជាន់​មិន​ជាប់ ធ្វើ​ឲ្យ​រថយន្ត​នោះ បោះពួយ​យ៉ាង​លឿន​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅបុក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល 1R 1594 ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ឈ្មោះ ខឹម ស៊ី​ឃឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ខេត្តកណ្តាល ហោះចូល​ទឹក​ស្លាប់​នៅ​កន្លែងកើតហេតុ​។ និង​អ្នករួមដំណើរ​ឈ្មោះ ឆាយ សុភា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ ត្រូវបាន​រថយន្ត​នោះ​បុក​ផ្ទប់​ជាមួយ​ម៉ូតូ​គាប​ជាប់​នឹង​រនាំង​ដែក​ស្លាប់​នៅនឹងកន្លែង​។

​ជាមួយគ្នា​នោះ រថយន្ត​មិន​អស់​ល្បឿន​បាន​ជ្រុល​ហោះចូល​ទឹក​បាត់​តែម្ដង​។ នៅ​ល្ងាច​ថ្ងៃ​ដដែល ទើប​ស្ទូច​ស្រង់​រថយន្ត​បាន ប៉ុន្តែ​មិនឃើញ​តៃកុង​ឡើយ មិនដឹងថា​ស្លាប់​ឬ​រស់​?

​ទោះបីជា​យ៉ាងណា ព្រូឡាន​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​សួរនាំ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​តៃកុង​រថយន្ត​បាន​ប្រាប់​រូបគេ​ថា ឯង​លោត​ចុះទៅ ឡាន​យើង​ដាច់​ហ្វ្រាំង​ហើយ ចុះ​ពីលើ​ស្ពាន លឿន​ណាស់ ភ្លាមនោះ​ក៏​ជ្រុល​បុក​ម៉ូតូ​និង​ហោះចូល​ទឹក​បែបនេះ​ទៅ​។

​លោក សេង ពន្លក អធិការ​ស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹងថា ករណីនេះ រថយន្តបុក​រះ​បាក់​ដែក​សុវត្ថិភាព​តាម​ជាយ​ផ្លូវ​ចំនួន​៧​កង់​។ រីឯ​សាកសព​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ យើង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក រថយន្ត​និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែ​ខ្សាយ​(​ក​) ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវីធី​៕