ហ៊ីយ៉ាន់ដាយ​បើក​បុក​កៀរ​ម៉ូតូ​ZOOMER រងរបួស​ធ្ងន់​ម្នាក់

843
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់​ដាយ​ទ្រុង​មួយគ្រឿង ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដេញតាម​ស្ទាក់​ចាប់បាន។ រីឯ​អ្នកបើកបរ​លោត​ចុះ​រត់គេច​បាតជើង​ស​ព្រាត បន្ទាប់ពី​បើកបរ​បង្ក​គ្រោះថ្នាក់ កៀរ​ហើយ​កិន​ម៉ូតូ ZOOMER មួយគ្រឿង ក្នុង​ដំណើរ​ស្រប​ទិស បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ វង្វេង​បាត់ស្មារតី កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​រោងចក្រ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ាន់​ដាយ ទ្រុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2794 អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់។ ហើយ​មុន​កើតហេតុ រថយន្ត​បង្ក​បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​កើ​តទៅ​លិច។ លុះដល់​ចំណុចកើតហេតុ បាន​កៀរ​ហើយ​កិន​ម៉ូតូ ម៉ាក ZOOMER ពណ៌​ទឹកក្រូច ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GC-9717 បើកបរ​ដោយ​បុរស​ម្នាក់ ដំណើរ​ស្រប​ទិស បណ្តាល​ឲ្យ​រងរបួស​បែក​មុខមាត់ ឈាម​ហូរ​កក្លាក់​ពេញមុខ វង្វេង​បាត់ស្មារតី ម៉ូតូ​រង​ខូចខាត​ដំណំ។​

​ក្រោយ​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​បង្ក ដឹងខ្លួន​ថា រថយន្ត​មាន​បញ្ហា​ហើយ បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់គេច ទៅដល់​មុខ​ក្រុមហ៊ុន​ហុងដា ស្រឡះ​ស្ងាត់ ម្យ៉ាង​ពលរដ្ឋ​ដេញតាម​ពីក្រោយ​ផង​នោះ ភ័យ ឈប់​រថយន្ត​លោត​ចុះ រត់គេចខ្លួន​បាត់ បន្សល់ទុករ​ថយ​ន្តៅ​លើផ្លូវ ត្រូវបាន​សមត្ថកិច្ច ចុះទៅពិនិត្យ ពិតជា​រថយន្ត​បង្ក ទើប​ប្រគល់​ឲ្យ​ទៅ​នគរបាល​ជំនាញ​យក​ទាំង​ម៉ូតូ រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ជា​បណ្តោះអាសន្ន រីឯ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង៕B/