ហ៊ុន ម៉ា​នីៈ ស្មារតី​អ្នក​បន្តវេន​ មិនចាំ​ដល់​មានបុណ្យ​សក្តិ​ ទើប​ធ្វើការ​ទេ​

108
ចែករម្លែក
លោក ហ៊ុន ម៉ា​នី ថ្លែង​ទៅកាន់​អង្គពិធី ( ​រូបៈ មេសា​ )

ដោយៈ មេសា​:​ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា “ យុវជន​ដែលជា​អ្នក​បន្តវេន​ការពារ កសាង និង ដឹកនាំប្រទេសជាតិ មិនមែន​រង់ចាំ​ដល់ពេល​មាន​ឋានៈ​បុណ្យ​សក្តិ ទើប​ធ្វើការ​ឡើយ ហើយ​ប្រសិនបើ គិតថា​ចាំ​ដល់ពេល​មាន​ឋានៈ​បុណ្យ​សក្តិ​ទើប​ធ្វើការ​ដើម្បី​ជាតិ នោះ​គឺជា​គិត​ខុស ហើយ​អ្នក​គិតបែបនេះ ថែមទាំង​អាច​នាំ​ហានិភ័យ​ដល់​ប្រទេសជាតិ​ទៀតផង ។ នៅពេលដែល​យើង​យក​ប្រទេសជាតិ និង ប្រជាជន ជា​បុព្វហេតុ នៃការងារ​របស់ខ្លួន នោះ​ហើយ​គឺជា​ស្មារតី​របស់​អ្នក​បន្តវេន ។ ប្រវត្តិសាស្ត្រ​ចងចាំ​ត្រឹមតែ​ថា​អ្នកណា​ធ្វើ​អ្វី​ប៉ុណ្ណោះ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​មិន​ចងចាំ​ថា អ្នកណា​មាន​ឋានៈ ឬ បុណ្យ​សក្តិ​អ្វី​ឡើយ “ ។​

លោក ហ៊ុន ម៉ា​នី មានប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​យុវជន​ក្នុង​វិស័យ​សង្គមកិច្ច រៀបចំ​នៅឯ​ក្រសួង​សង្គមកិច្ច​កាលពី​រសៀល​ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ។​

​នៅពេល​ពោល​សំដៅ​ដល់​របប​ខ្មែរក្រហម លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ទៅកាន់​យុវជន​ប្រមាណ​ជា ៤០០ នាក់​ថា ថ្វីដ្បិតតែ​យើង​មិនបាន​រស់ក្នុង​អតីតកាល ប៉ុន្តែ​យើង​មិនត្រូវ​បំភ្លេច​អតីតកាល​ឡើយ ។ យុវជន​មាន​កាតព្វកិច្ច​សំខាន់​ណាស់ ក្នុងការ​រួមចំណែក​ថែរក្សា​ការពារ​សុខសន្តិភាព និង ស្ថិរភាព​ជាតិ ។ យុវជន​អាច​រៀនសូត្រ​ពី​ស្មារតី ២ ធ្នូ ដើម្បីធ្វើជា​អ្នក​បន្តវេន ហើយ​ស្មារតី ២ ធ្នូ គឺ​ការយក​ប្រយោជន៍​ផ្ទាល់ខ្លួន និងបក្ខពួក​ទុកមួយដុំ ហើយ​រួបរួមគ្នា​ធ្វើការ​ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល ។ ហេតុនេះ យើង​ត្រូវឱ្យ​ប្រាកដថា ការលះបង់​របស់​យើង វា​នឹង​នាំនូវ​អ្វី​មកដល់​ប្រទេសជាតិ​របស់​យើង ៕
-​ ចំណងជើង​រូបៈ លោក ហ៊ុន ម៉ា​នី ថ្លែង​ទៅកាន់​អង្គពិធី ( ហ៊ុន ម៉ា​នី )
-​ ​រូបៈ មេសា​

-​ ​អ្នកចូលរួម​ក្នុង​កម្មវិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​យុវជន​ក្នុង​វិស័យ​សង្គមកិច្ច ( ​រូបៈ មេសា​ )