ហ៊ែ​រី ខេន អាចជា​ខ្សែប្រយុទ្ធ​ឆ្នើម​សម្រាប់​អង់គ្លេស​ច្រើន​ឆ្នាំ​ទៅមុខទៀត​

247

លោក ចូ​ហ្វ ហើ​ស (Geoff Hurst) ជា​អតីត​ជើងឯក​វើ​ល​ខាប់​ជឿថា ហ៊ែ​រី ខេន (Harry Kane) គឺជា​កីឡាករ​ដែល​អាច​ជំនួស វ៉េ​ន រូ​នី (Wayne Rooney) ជា​ខ្សែប្រយុទ្ធ​លេខ​១​របស់​អង់គ្លេស ខណៈ​កីឡាករ​រូបនេះ​បាន​ឈានចូល​ដល់​ដំណាក់កាល​លេចធ្លោ​បំផុត ក្នុង​អាជីព​របស់ខ្លួន​។​
​ ​
​ទោះបីជា​យ៉ាងណា​លោក ហើ​ស គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​រកបាន គ្រាប់​បាល់​ហ៊ែ​ទ្រិ​ក​ក្នុង​ការប្រកួត​វើ​ល​ខាប់​នោះ មិន​ជឿថា ខេន អាច​បំបែក​ឯតទគ្គ​កម្ម​៥៣​គ្រាប់​របស់ រូ​នី សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានទេ​។​
​ ​
​ខេន ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប Tottenham រកបាន​២​គ្រាប់​ក្នុងការ​ប្រកួត​ឈ្នះ​ក្រុម Malta ៤-០ ដែល​ធ្វើ​ឲ្យ​គ្រាប់​បាល់​របស់ខ្លួន កើន​ដល់​១០​គ្រាប់​ក្នុងការ​បង្ហាញមុខ​២០​លើក​ហើយ​លោក ហើ​ស ដែល​រកបាន​២៤​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​គិតថា កីឡាករ​រូបនេះ​នឹង​ក្លាយជា​ខ្សែប្រយុទ្ធ​សំខាន់​របស់​អង់គ្លេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នេះ​។​
​ ​
​លោក​បន្តថា “​ខេន នៅសល់​ពេល​ពីរ​ឆ្នាំ​ទៀត ដែល​ត្រូវ​រក​គ្រាប់​បាល់​សម្រាប់​ក្រុម Spurs និង​ជម្រើសជាតិ​អង់គ្លេស ហើយ​អ្នក​ទាំងអស់គ្នា នឹង​មើលឃើញថា អ្វីៗ​គឺ​ប្រហាក់ប្រហែលគ្នា​។ ហ៊ែ​រី ខេន កំពុងតែ​រីកចម្រើន ហើយ​កីឡា ករ​រូបនេះ​រឹតតែ​ល្អ​ក្នុង​រយៈពេល​៦​ឆ្នាំ​ទៀត​”​។​
​ ​
​សួរថា តើ​លោក​ជឿថា ខេន អាច​បំបែក​ឯតទគ្គ​កម្ម​រប​ស់ រូ​នី បានដែរ​ឬ យ៉ាងណា​នោះ លោក ហើ​ស បាន​និយាយថា “​ទេ​! វា​គឺជា​រឿង អស្ចារ្យ អ្វីដែល គាត់​បានធ្វើ បំបែក​ឯតទគ្គ​កម្មរ​ប​ស់លោក បប់​ប៊ី ឆាល​ធិ​ន ហើយ​ឯតទគ្គ​កម្មនេះ មិនទាន់មាន​អ្នក​បំបែក​បាន​នៅឡើយ​ទេ​”​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា រូ​នី បានប្រកាស​ចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ កាលពី​១០​ថ្ងៃមុន បើទោះបី ជា​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ចង់​កោះហៅ​កីឡាករ​វ័យ​៣១ ឆ្នាំ​រូបនេះ​មកវិញ​ក៏ដោយ​។​
​ ​
​លោក ហើ​ស ជា​ជើងឯក​វើ​ល​ខាប់​ឆ្នាំ​១៩៦៦​បាន​គាំទ្រ​ការសម្រេចចិត្ត​របស់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​រូបនេះ​។ លោក​បាន​និយាយថា “​ខ្ញុំ​យល់ស្រប​ចំពោះ​ការចូល​និវត្ត​របស់គាត់​ពេញទំហឹង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)