ហ្គា​រ៉េត បេ​ល ប្រាប់​ក្លឹប Real Madrid ថា នឹងមិន​ចាកចេញ​នៅ​រដូវក្តៅ​នេះ​ទេ

485
ចែករម្លែក

​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) និង​ភ្នាក់ងារ​របស់ខ្លួន​បាន​ប្រាប់​ក្លឹប Real Madrid ថា នឹងមិន​ចាកចេញ​ទៅណា​នៅ​រដូវក្តៅ​នេះ​ទេ ខណៈពេល​កីឡាករ​រូបនេះ​ត្រៀមខ្លួន សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​តំបន់​អាមេរិក​។

​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​នៅសល់​កិច្ចសន្យា​បី​ឆ្នាំ​ទៀត​ជាមួយ​ពហុកីឡាដ្ឋាន Bernabeu ហើយ​មិនទាន់​ប្រញាប់ប្រញាល់​ចាកចេញ​ពី​កិច្ចសន្យា​ដែលមាន​ប្រាក់​ឈ្នួល ៦៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នេះ​ទេ​។

​បើទោះបីជា​ការមកដល់​របស់ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) លូ​កា ចូ​វី​ច (Luka Jovic) និង រ៉ូ​ឌ្រី​ហ្គោ (Rodrygo) ក៏ដោយ ក៏​ពួកគេ​រំពឹងថា នឹង​ប្រជែង​យក​តំណែង​ក្នុង ក្រុម​ជម្រើស​។

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នឹងធ្វើ​ការរុះរើ​ក្រុម​របស់លោក​នៅ​រដូវ ក្តៅ​នេះ បន្ទាប់ពី​នាំយក​កីឡាករ​ថ្មី​៥​រូប រួចហើយ​និង​ចំណាយ​ប្រាក់​៣៤៤​លាន​ផោន​។

​លោក ហ្ស៊ី​ដាន និង​ថ្នាក់ដឹកនាំ​នៅ Bernabeu សង្ឃឹមថា នឹង​លក់​កីឡាករ​ចេញ​ខ្លះ ដើម្បី​សន្សំសំចៃ​ប្រាក់​ឈ្នួល​។ ប្រសិនបើ​ពួកគេ​អាច​លក់ បេ​ល ចេញ​មែន​នោះ មានន័យថា អាច​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​បាន​ច្រើន ទោះបីជា​យ៉ាងណា​កីឡាករ រូបនេះ​ចង់​បន្ត​លេង​មួយឆ្នាំ​ទៀត​មុន​សម្រេចចិត្ត​ចាកចេញ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ