ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន អាច​នឹង​ជំនួស​កីឡាករ អ៊ី​គ័​រ កាស៊ី​ល​ឡាស​

778
ចែករម្លែក

​អ្នកចាំទី​ជើងចាស់ ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន (Gianluigi Buffon) អាច​នឹងចូលរួម​ជាមួយ​ក្លឹប Porto នៅ​រដូវក្តៅ​នេះ ប្រសិនបើ​អ្នកចាំទី អ៊ី​គ័​រ កាស៊ី​ល​ឡាស (Iker Casillas) បង្ខំចិត្ត​ចូល​និវត្ត បន្ទាប់ពី​មាន​បញ្ហា​គាំងបេះដូង​កាលពី​ខែឧសភា​។​

​ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន ត្រូវបាន​គេ​ចាត់ទុកជា​គោលដៅ​សម្រាប់​តំណែង​អ្នកចាំទី​ជម្រើស ទី​១​នៅ​ក្លឹប​យក្ស​ព័រ​ទុយ​ហ្គា​ល់​នេះ ប្រសិនបើ កាស៊ី​ល​ឡាស ប្រកាស​ចូល​និវត្ត មែន​នោះ​។​

​ប៊ូ​ហ្វុ​ន នៅ​ទំនេរ បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប PSG កាលពី​សប្តាហ៍​មុន​។ កីឡាករ​រូបនេះ បានបង្ហាញ​មុខ​២៥​លើក អំឡុង​រដូវ​កាល​ដំបូង​និង​តែមួយ​រដូវ​កាល​គត់​ជាមួយ​ក្លឹប យក្ស​បារាំង​នេះ​។​

​បើទោះបីជា​នៅពេលនេះ មាន​វ័យ​៤១​ឆ្នាំ​ក៏ដោយ ក៏​នៅមាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍ នឹង​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ស្របពេល​កីឡាករ​រូបនេះ​កំពុង​ថ្លឹងថ្លែង​ពី​គោលដៅ ផ្ទេរ​បន្ទាប់​។​
​ ​
​ក្លឹប Porto ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍ ប៊ូ​ហ្វុ​ន ខណៈពេល​រង់ចាំ​ដំណឹង​ពី កាស៊ី​ល​ឡាស ដែល​ចូល​សម្រាក​ព្យាបាល​កាលពី​ថ្ងៃទី​១​ខែឧសភា បន្ទាប់ពី​ដួលសន្លប់ អំឡុងពេល​ហ្វឹកហាត់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​