ហ្គោ​បា​ឆូវ​៖ ការ​រលំរលាយ​សហភាព​សូ​វៀត​មិនមែន​មកពី​ការដួលរលំ​កំផែង​ក្រុង​ប៊ែរ​ឡាំង​ទេ​

3480
ចែករម្លែក

​មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ អតីត​ប្រធានាធិបតី​សូ​វៀត ជឿ​ថា​ហេតុផល​ពិត​នៃ​ការ​រលំរលាយ​សហភាព​នៃ​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​(​សហភាពសូវៀត​)​មិនមែន​មកពី​ការ​វាយ​ផ្តួល​​រំលំ​កំផែង​(​ជញ្ជាំង​)​ក្រុង​ប៊ែរ​ឡាំង​នោះទេ​។​

​ហ្គោ​បា​ឆូវ ជា​អតីត​មេដឹកនាំ​សូ​វៀតទី​៨​និង​ចុងក្រោយ​គេ ធ្លាប់ធ្វើ​ជា​អគ្គលេខា​បក្ស​កុំម្មុយនីស្ត​ចាប់ពី​ឆ្នាំ​១៩៨៥​ដល់​១៩៩១ និង​ជា​មេដឹកនាំ​សូ​វៀត​ចាប់ពី​ឆ្នាំ​១៩៩០​ដល់​១៩៩១​។​​ឥឡូវ ក្នុង​វ័យ​៨៨​ឆ្នាំ លោក​ត្រូវបាន​គេ​សរសើរ​ចំពោះ​ការរារាំង​មិន​អោយ​ផ្ទុះ​សង្គ្រាមលោកលើកទី​៣ និង​បញ្ចប់​សង្គ្រាមត្រជាក់​តាម​រយៈ​កិច្ចការ​ទូត​ជាមួយ​អតីត​ប្រធានាធិបតី​អា​​ម៉េ​រិក រ៉ូ​ណាល់ រេ​ហ្គឹ​ន​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា លោក​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​វិទ្យុ​BBC Radio 4 នៅមុន​ខួ​ន​ទី​៣០​ឆ្នាំ​នៃ​ការដួលរលំ​កំផែង​ក្រុង​ប៊ែរ​ឡាំង ។​

​ក្នុង​កម្មវិធី​លោក​បាន​ព្រមាន​ថា ពិភពលោក​ស្ថិត​ក្រោម​ការ​គំរាម​ធំ​មហិមា​ពី​ការបំផ្លាញ​ខ្ទេចខ្ទី​ដោយសារ​សព្វាវុធ​នុយគ្លេអ៊ែ​រ​។​លោក​ថា​«​ដរាបណា​នៅតែ​មាន​សព្វាវុធ​មហា​ប្រល័យ​ គ្រោះ​ថ្នាក់​គឺ​ធំ​មហិមា​»​និង​បាន​អំពាវនាវ​អោយ​បំផ្លាញ​សព្វាវុធ​នុយគ្លេអ៊ែរ​ចោល​ទាំងអស់​នៅលើ​លោក​។​

​ការ​វាយ​កំទេច​ចោលរ​បង​ខណ្ឌ​ចែក​អាល្លឺម៉ង់​សេរី​និង​សង្គមនិយម​នៅ​ក្រុង​ប៊ែរ​ឡាំង ត្រូវបាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ព្រឹត្តិការណ៍​ជា​និមិត្តរូប​នៅ​ពេល​របប​កុំម្មុយនីស្ត​នី​អឺរ៉ុប​​ខាងកើត បាន​ឈាន​ដល់​ទីបញ្ចប់​។​ទោះជា​យ៉ាង លោក​ហ្គោ​បា​ឆូវ​បាន​បញ្ចេញ​គំនិត​ពិត​របស់​លោក​អំ​ពីអ្វី​ដែល​បាន​បង្ក​អោយ​លទ្ធិ​កុំម្មុយនីស្ត​ដួលរលំ ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​​ឆ្នាំ​២០០៦ ដែល​ពេលនោះ​លោក​អះអាង​ថា វា​គ្មានអ្វី​ក្រៅពី​បំណង​របស់​លោក​ចង់​ធ្វើការ​កែ​ទំរង់​(​ប៉េរេ​សស្ត្រយ​កា )​។​

​លោក​មិន​បាន​រំលេច​សារសំខាន់​នៃ​ការផ្តួលរំលំ​កំផែង​ក្រុង​ប៊ែរ​ឡាំង​ទេ តែ​បាន​កត់សំគាល់ថា គ្រោះមហន្តរាយ​នុយគ្លេអ៊ែរ​នៅ​រោងចក្រ​ឆែរ​ណូ​ប៊ីល​នា​ឆ្នាំ​១៩៨៦ ជា​ព្រឹត្តិ​ការសំខាន់​​មួយ​នៃ​ការដួលរលំ​សហភាពសូវៀត​។​

​លោក​បាន​និយាយថា​« ការផ្ទុះ​បែកធ្លាយ​សារធាតុ​នុយគ្លេអ៊ែរ​នៅ​ឆែរ​ណូ​ប៊ី​ល អាច​ថា​ខ្លាំង​ជា​គំនិត ប៉េរេ​សស្ត្រយ​កា របស់​ខ្ញុំ​ទៀត ទំនង​ជា​ហេតុផល​ពិត​នៃ​ការដួលរលំ​សហភាព​​សូ​វៀត​នៅ​៥​ឆ្នាំ​ក្រោយមក​»​។​

​គ្រោះមហន្តរាយ​ឆែរ​ណូ​ប៊ីល​ជា​ឧបទ្ទវហេតុ​នុយគ្លេអ៊ែរ​ដ៏​អន្តរាយ​បំផុត​មួយ​ដែល​បាន​កើត​នៅ​រោងចក្រ​ថាមពលនុយគ្លេអ៊ែរ​ឆែរ​ណូ​ប៊ីល​នៅក្នុង​ទីក្រុង ព្រីប​យ៉ា​ត ប្រទេស​អ៊ុ​យក្រែន​​នា​ថ្ងៃ​២៥​មេសា ឆ្នាំ​១៩៨៦​។​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រោះមហន្តរាយ​នុយគ្លេអ៊ែរ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។​

​ដំបូងៗ ក្រោយ​គ្រោះមហន្តរាយ​នេះ លោក​ហ្គោ​បា​ឆូវ​និង​បក្ស​កុំម្មុយនីស្ត​មិនអោយ​សារសំខាន់​ពេក​ទេ​ទាំង​ក្នុងស្រុក​និង​លើ​ឆាក​អន្តរជាតិ ដោយ​ហៅ​វា​ថា​ជា​ហេតុការណ៍​តូច​មួយ​​ដែល​«​មិន​តំរូវ​អោយមាន​វិធានការ​ពិសេស​ដើម្បី​ការពារ​ប្រជាជន​»​ទេ​។​

​ការដោះស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​បន្ត​បង្ហាញ​ការ​ពិត​នៃ​កំហុស​របស់​មនុស្ស​នៅក្នុង​ប្រព័ន្ធ​សូ​វៀត​និង​បង្ក​មន្ទិល​ព្រមទាំង​សំណួរ​ស្តី​ពី​សមត្ថភាព​​ដឹកនាំ​អន់​នៅ​វិមាន​ក្រឹម​ឡាំង ដែល​គេ​មិនដែល​ប្រទះ​ចាប់តាំងពី​មុន​សង្គ្រាម​លើក​លើក​ទី​២​។​

​លោក​ហ្គោ​បា​ឆូវ​មិន​អាច​ស្តារ​និង​បញ្ហា​រួម​ទាំង​សម្ពាធ​ចេះតែ​កើន​រហូត​ទាល់តែ​ដួលរលំ​របប​ដឹកនាំ​នៅ​ទីបំផុត​ហើយ​ការដួលរលំ​កំផែង​ក្រុង​ប៊ែរ​ឡាំងក៏​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​​និមិត្តរូប​នៃ​ការ​រលត់រលាយ​សហភាព​សូវៀ​តទៅ​។​

​បើ​តាម​សម្តី​របស់​ហ្គោ​បា​ឆូវ ឆែរ​ណូ​ប៊ីល​ជា​ចំណុច​ដើម​ហេតុនៅ​ក្នុ​ង​ប្រវត្តិ​សូ​វៀត​និង​មហន្តរាយ​នេះ​នាំ​ដល់​ការដួលរលំ​ជញ្ជាំង​ក្នុង​ទីក្រុង​អាល្លឺម៉ង់​ដោយ​ចៀស​មិន​ផុត​៕​ដោយ​៖​វាសនា​

អតីត​មេដឹកនាំ​សូ​វៀត​គិតថា គ្រោះមហន្តរាយ​ឆែរ​ណូ​ប៊ីល​ទំនង​ជា​ហេតុផ​លពិត​ដែល​បង្ក​ការ​ដួល​រំ​សហភាពសូវៀត និង​កំផែង​ក្រុង​ប៊ែរ​ឡាំង​

គ្រោះមហន្តរាយ​នៅ​ឆែរ​ណូ​ប៊ី​ល បញ្ចេញ​ជាតិ​វិទ្យុសកម្ម​លើស​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ហ៊ី​រ៉ូស៊ី​ម៉ានិង​ណាហ្កា​សាគី​ដល់ទៅ​៤០០​ដង​