ហ្គ្រេតាជួបម៉ាឡាឡា ៖ សកម្មជនវ័យក្មេងទាំងពីរថតរូបជាមួយគ្នានៅសាកលវិទ្យាល័យអក់ស្វត

171
ចែករម្លែក

សកម្មជនអាកាសធាតុវ័យក្មេងនាង ហ្គ្រេតា ថាន់បឺក បានជួបជាមួយម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនាង ម៉ាឡាឡា យូសាហ្វហ្សៃ នៅឯសាកលវិទ្យាល័យអក់ស្វតរបស់អង់គ្លេសកាលពីថ្ងៃអង្គារ ទី២៥ កុម្ភៈ និងថតរូបជាមួយគ្នា។

នាងម៉ាឡាឡាគឺជានិស្សិតនៅឯសាកលវិទ្យាល័យអក់ស្វត។

និស្សិតវ័យ ២២ ឆ្នាំរូបនេះបានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram របស់នាងជាមួយនាងថាន់បឺកអង្គុយលើកៅអី ជាមួយចំណងជើងថា “អរគុណ ហ្គ្រេតាថាន់បឺក” និងរូបសញ្ញាបេះដូង។

នាងថាន់បឺកអាយុ ១៧ ឆ្នាំកំពុងស្ថិតនៅចក្រភពអង់គ្លេសដើម្បីចូលរួមធ្វើកូដកម្មនៅសាលាមួយនៅទីក្រុងប៊្រីសស្តុលនៅថ្ងៃសុក្រខាងមុខ។

នារីទាំងពីរបានល្បីឈ្មោះទូទាំងពិភពលោកបន្ទាប់ពីបានក្រោកឈរឡើងដើម្បីដោះស្រាយបញ្ហាសកលសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុនិងការអប់រំរបស់ស្ត្រី។

នាងថាន់បឺកបានក្លាយជាល្បីឈ្មោះបន្ទាប់ពីគេចម៉ោងរៀននៅប្រទេសស៊ុយអែតដើម្បីតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ ខណៈនាងម៉ាឡាឡាត្រូវពួកតាលីបង់បាញ់ចំក្បាលនៅក្នុងប្រទេសប៉ាគីស្ថានក្នុងពេលកំពុងធ្វើយុទ្ធនាការដើម្បីឱ្យក្មេងស្រីត្រូវបានអនុញ្ញាតឱ្យទៅសាលារៀន។

ក្នុងឆ្នាំ ២០១៤ នាងម៉ាឡាឡាបានក្លាយជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាពវ័យក្មេងជាងគេសម្រាប់ការតស៊ូមតិលើវិស័យអប់រំ។

នាងបានក្លាយជានិមិត្តរូបនៃភាពធន់របស់ស្ត្រីនៅលើពិភពលោកក្នុងពេលប្រឈមមុខនឹងការជិះជាន់។

នាងថាន់បឺកបានជាប់ឈ្មោះសម្រាប់ប្រជែងពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៩ និង ២០២០៕ ដោយ៖ កញ្ញាដាលីស

នាងហ្គ្រេតាថាន់បឺក និង នាងម៉ាឡាឡា (ស្តាំ) ថតរូបជុំគ្នានៅសាកលវិទ្យាល័យអក់ស្វត