ហ្គ្រែ​ម សាវ​ណេ​ស ៖ ប៉ុក​បា លេង​បាល់​ដូច​ក្មេង​សិស្សសាលា​

75

​លោក ហ្គ្រែ​ម សាវ​ណេ​ស (Graeme Souness) អតីត​វីរបុរស​ក្លឹប Liverpool បាន​រិះគន់​ខ្លាំងៗ លើ​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​បាន​ប្រដូច​កីឡាករ បារាំង​រូបនេះ​ទៅនឹង​ក្មេង​សិស្សសាលា​។
​ ​
​ប៉ុក​បា បាន​វិលត្រឡប់​មកកាន់​ពហុកីឡាដ្ឋាន Old Trafford ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​៨៩​លាន​ផោន កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​ចំណាយពេល​៤​ឆ្នាំ​នៅ​ក្លឹប Juventus​។

​កីឡាករ​រូបនេះ​បាន​ជួយ​ក្រុម​យូ​ណាយ​ធី​ត​ឡើងមក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវក្តៅ​ឆ្នាំមុន ហើយ​ដើរតួនាទី​សំខាន់​ក្នុង​ការលើក​ពាន​ក្របខណ្ឌ Europa League ប៉ុន្តែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ហាក់ដូចជា​មិនសូវ​ពេញ​ចិត្តនឹង​ទម្រង់​លេង​នាពេល​ថ្មីៗ​របស់​កីឡាករ​រូបនេះ​ទេ​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Tottenham បន្ទាប់ពី​មាន ការតវ៉ា​ជាមួយ​អ្នកចាត់ការ ហើយ​មិនបាន​បង្ហាញមុខ​ក្នុងពេល​ប្រកួត​ជាមួយ​ក្រុម Huddersfield កាលពី​សប្តាហ៍​មុន​។​

​លោក សាវ​ណេ​ស ជឿថា ប៉ុក​បា មិន​យល់ច្បាស់​ពី​តំណែង​របស់ខ្លួន ដើម្បី​ក្លាយ​ខ្សែបម្រើ​ឆ្នើម ម្នាក់​នោះទេ​។​
​ ​
​លោក សាវ​ណេ​ស បានសរសេរថា “ ផូ​ល ប៉ុក​បា អាច​នឹង​ក្លាយជា​កីឡាករ​ឆ្នើម ប៉ុន្តែ​នៅពេលនេះ គាត់​មិនទាន់​ជា​កីឡាករ​ឆ្នើម​នៅឡើយ​ទេ​។ អ្វី​ដែលជា​បញ្ហា​នោះ​គឺថា កីឡាករ​រូបនេះ​ខ្វះ​ការទទួល ខុសត្រូវ ក្នុងឋានៈ​ជា​ខ្សែបម្រើ​កណ្តាល​”​។​

​លោក សាវ​ណេ​ស បាន​និយាយថា “​ប៉ុក​បា មាន​វ័យ​២៤​ឆ្នាំ​នៅពេលនេះ ហើយ​មានតម្លៃ​ខ្លួន​៨៩ លាន​ផោន ប៉ុន្តែ​គាត់​មិន​យល់ថា តើ​កីឡាករ​ដែល​លេង​ក្នុង​តំណែង​នេះ​ត្រូវការ​អ្វី​។ គាត់​លេង​ដូច សិស្សសាលា​រត់តាម​បាល់​នៅក្នុង​ទី ធ្លា​ក្មេង​លេង​ចឹ​ង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)