ហ្វា​ន ពីង​ពីង នឹង​ប្តឹង​លោក គូ វិ​ន​គួ​យ ជុំវិញ​ការ​អះអាងថា​នាង​បាន​ដេក​ជាមួយ​មន្ត្រី​បង្ក្រាប​អំពើពុករលួយ​ថ្នាក់​កំពូល​របស់​ចិន​

770

​តារា​សម្តែង​ចិន នាង​ហ្វា​ន ពីង​ពីង បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា នាង​នឹងមិន​អត់ទ្រាំ​ចំពោះ “​ការ​បង្កាច់បង្ខូច​ព្យាបាទ​” តទៅទៀត​ឡើយ ដោយ​ប្រកាសថា នាង​នឹង​ប្តឹង​មហាសេដ្ឋី​ជំនួញ​រត់គេចខ្លួន លោក គូ វិ​ន​គួ​យ ពីបទ​បរិហាកេរ្តិ៍ បន្ទាប់ពី​សេដ្ឋី​រូបនេះ​បាន​បំផុស​ពាក្យ​ចចាមអារ៉ាម​បង្កហេតុ​ជ្រុល​ហួសហេតុ​អំពី​ជីវិត​ផ្លូវភេទ​របស់​នាង​។

​លោក​គូ​បាន​បង្កបញ្ហា​ជា​ទៀងទាត់​ក្នុង​ជួរ​អ្នកមានអំណាច​ក្នុងប្រទេស​ចិន​ឆ្នាំនេះ ដោយ​គាស់កកាយ​រឿងអាស្រូវ​អំពី​ឥស្សរជន​ជាន់ខ្ពស់​ចិន​ទៅ​បណ្តាញ​ផ្សព្វផ្សាយ​បរទេស និង អ្នកគាំទ្រ​របស់ខ្លួន​លើ​បណ្តាញ​សង្គម ចេញពី​ទីជម្រក​សុវត្ថិភាព​របស់ខ្លួន​នៅផ្ទះ​ប្រភេទ Penthouse ដ៏​ប្រណិត​នៅ​សង្កាត់​មែន​ហា​ថែ​ន ក្នុង​បុរី​ញូវយ៉ក​។ កាលពី​ខែ​មុន លោក​គូ​បាន​បញ្ចេញ​វីដេអូ​មួយ​នៅលើ​យូ​ធូប ដែល​ក្នុងនោះ​គាត់​បាន​ចោទ​នាង​ពីង​ពីង និង តារា​ស្រី​ល្បីៗ​ជាច្រើនរូប​ទៀតថា​បានរួម​ភេទ​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ លោក វ៉ាង ឈិ​សាន ដែលជា​មន្ត្រី​បង្ក្រាប​អំពើពុករលួយ​ថ្នាក់​កំពូល​របស់​ចិន និង​អ្នកខ្លះ​និយាយថា ជា​បុរស​មេដឹកនាំ​លេខ ២ របស់​ចិន​។​

​នៅលើ​បណ្តាញ​សង្គម​វៃ​ប៉ាវ (Weibo) ក្រុម​គ្រប់គ្រង​របស់​នា​ង​ពីង​ពីង និយាយថា ការចោទប្រកាន់​នេះ “​ត្រូវបាន​ប្រឌិត​ឡើង​ទាំងស្រុង​” និង “​បាន​បំផ្លាញ​កិត្តិនាម​របស់​នាង​យ៉ាងធ្ងន់ធ្ងរ​”​។ ទន្ទឹមនេះ លោក​វ៉ាង មិនទាន់​បានធ្វើ​ការឆ្លើយ​តប​អ្វី​នៅឡើយ​ទេ​។

​ពាក្យបណ្តឹង​របស់​ហ្វា​ន ពីង​ពីង ដែល​នឹងធ្វើ​ឆាប់ៗ​នេះ គឺ​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ពាក្យបណ្តឹង​មួយ កាលពី​ឆ្នាំ ២០១២ ដែល​ប្តឹង​ដោយ​តារា​សម្តែង​ចិន នាង ចាង ហ្ស៊ី​យី ប្រឆាំងនឹង​វេ​ប​សាយ Boxun.com នៅ​អាមេរិក បន្ទាប់ពី​វេ​ប​សាយ​នេះ​បាន​បង្អើល​ពាក្យ​ចចាមអារ៉ាម ថា នាង​ជា​ស្រី​លួចលាក់​របស់លោក បូ ស៊ី​ឡៃ​។ ជា​ញឹកញយ តារា​ស្រី​ចិន​ជាច្រើនរូប​បាន​រង​ការចោទប្រកាន់ថា​លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​មន្ត្រី​កំពូល និង អ្នកមាន​ស្តុកស្តម្ភ​៕ ដោយ ៖ កញ្ញាដាលីស

លោក វ៉ាង ឈិ​សាន (​ឆ្វេង​) នាង​ហ្វា​ន ពីង​ពីង (​កណ្តាល​) និង លោក គូ វិ​ន​គួ​យ (​ស្តាំ​)