ហ្វា​ន ពីង​ពីង សុំទោស​ចំពោះ​ការ​គេចពន្ធ​ក្រោយ​ត្រូវបាន​បញ្ជា​អោយ​បង់ពន្ធ​និង​ប្រាក់​ពិន័យ​សរុប​១២៩​លាន​

1025
ចែករម្លែក
  • 45
    Shares

តារាចិន នាងហ្វាន ពីងពីង បានចេញមុខដោះស្រាយជាមួយអ្នកគាំទ្រជាលើកដំបូងនៅរយៈពេលប៉ុន្មានខែមក​នេះ ដើម្បីបញ្ជាក់ប្រាប់ថាតើហេតុអ្វីបានជានាងបាត់មុខយូរយ៉ាងនេះ។

កំពូលតារាអន្តរជាតិដែលបានបាត់ខ្លួនភ្លាមៗនៅដើមខែកក្កដាបានបង្កពាក្យចចាមអារ៉ាមអំពីទីកន្លែងស្នាក់នៅនិងសុវត្ថិភាពរបស់នាងនោះ កាលពីថ្ងៃពុធទី៣តុលាតាមបណ្តាញសង្គមបានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្ររាប់លាននាក់ក្រោយពីត្រូវបានអាជ្ញាធរពន្ធពិន័យប្រាក់នាងរាប់រយលានយ័នដោយសារគេចពន្ធនិងបទល្មើសផ្សេងៗ។

ហ្វាន ត្រូវបានចោទប្រកាន់កាលពីខែឧសភាថាបានចុះហត្ថលេខាលើកិច្ចសន្យាថតភាពយន្តដោយសម្ងាត់ដើម្បីគេច​​ពីការបង់ពន្ធច្រើនជូនរដ្ឋ។គេបានរកឃើញថានាងបានធ្វើកិច្ចសន្យា២ ដោយកិច្ចសន្យាដាក់ជូនអាជ្ញាធរពន្ធដាក់តំលៃឈ្នួលថតទាបតែតាមពិតនាងទទួលថ្លៃឈ្នួលខ្ពស់ឆ្ងាយ។

ក្នុងការបង្ហោះសារសុំទោសកាលពីថ្ងៃពុធ នាងបាននិយាយថានាង”មានអារម្មណ៍ខ្មាសអៀននិងដឹងថាមានមានកំហុសចំពោះអ្វីដែលខ្ញុំបានធ្វើហើយរងការឈឺចាប់បំផុតដែលខ្ញុំពុំដែលធ្លាប់ជួប ក្រោយធ្វើការពិនិត្យមើលខ្លួន​ឯងយ៉ាងជ្រាលជ្រៅ”។

ក្រៅពីបានអរគុណបក្សកុំម្មុយនីស្តចិន និងអ្នកគាំទ្ររបស់នាង និងថានាងនឹងបង់ប្រាក់ពិន័យនៅពេលខាងមុខ ទៅតាមច្បាប់និងការបញ្ជា នាងហ្វានបាននិយាយថា”ឆ្លងកាត់ការសហការជាមួយអាជ្ញាធរពន្ធនៅក្នុងការស៊ើបអង្កេតគណនីនិងក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំដឹងថា ក្នុងនាមជាបុគ្គលសាធារណៈមួយរូប ខ្ញុំគួរគោរពច្បាប់ បង្កើតគំរូល្អសំរាប់សង្គមនិងឧស្សាហកម្មកម្សាន្ត។ខ្ញុំមិនគួរបាត់បត់លទ្ធភាពគ្រប់គ្រងខ្លួនឯងនៅក្នុងការប្រឈមនឹង​ផលប្រយោជន៍សេដ្ឋកិច្ចដែលនាំអោយខ្ញុំរំលោភច្បាប់។ខ្ញុំសុំទោសដោយស្មោះចំពោះសង្គម មិត្តភ័ក្តិដែលខ្វល់អំពីខ្ញុំ សាធារណជននិងអាជ្ញាធរពន្ធ”។

ហ្វានបានបន្តទៀតថា នាងព្រមទទួលយកការពិន័យពីអាជ្ញាធរពន្ធទាំងស្រុងក្រោយការស៊ើបអង្កេតល្អិតល្អន់ និង​​គោរពតាមបញ្ជាពីអាជ្ញាធរពន្ធ ព្រមទាំងខិតខំប្រមូលប្រាក់ដើម្បីបង់ពន្ធនិងប្រាក់ពិន័យ ព្រោះ”ជោគជ័យរបស់ខ្ញុំបានមកពីការគាំទ្រពីប្រទេសរបស់ខ្ញុំ និងប្រជាជនរបស់ខ្ញុំ។បើគ្មានគោលនយោបាយអស្ចារ្យរបស់បក្ស និងប្រទេសរបស់ខ្ញុំ គ្មានការស្រឡាញ់ពីប្រជាជន នោះគ្មានហ្វាន ពីងពីង ទេ”។

ជាចុងក្រោយ នាងបានបញ្ជាក់ថា បន្ទាប់ពីឧបទ្ទវហេតុនេះ នាងនឹងព្យាយាមគោរពច្បាប់និងបញ្ជា ព្រមទាំងទទួលការខុសត្រូវ៕

ហ្វាន ត្រូវបានគេនិយាយថាត្រូវបានបង្ខាំងទុកក្នុងផ្ទះប្រណិតមួយ ក្នុងពេលអាជ្ញាធរធ្វើការស៊ើបអង្កេតករណីរបស់នាង។យោងតាមកាសែត South China Morning Postនាងត្រូវបានរក្សាទុកនៅរមណីយដ្ឋានលំហែកាយមួយនៅសង្កាត់ជាយក្រុងវូស៊ី ក្នុងខេត្តជាំងស៊ូ៕ដោយ៖វាសនា

ហ្វាន ជាតារាចិនដែលមានការនិយមចូលចិត្តបំផុតម្នាក់ ជាមួយអ្នកគាំទ្រជាង៦៥លាននាក់

តារាវ័យ៣៦ឆ្នាំនេះ សម្តែងភាពយន្តបានជាង៥០រឿង ទាំងភាពយន្តចិននិងលោកខាងលិច រួមមានរឿងIron Man 3 និង X-Men: Days Of Future Past

 

នាងជាតារាចិនលំដាប់ទៅ២ខាងទទួលចំណូលខ្ពស់បំផុត បន្ទាប់ពីតារាជើងចាស់លោកជែកគី ចាន