ហ្វីលីពីន​កិនកម្ទេច​រថយន្ត​ទំនើប ១៤ គ្រឿង និង​រថយន្ត​ធម្មតា​ជិត ១.០០០ គ្រឿង រត់ពន្ធ​ខុសច្បាប់

1083
ចែករម្លែក

​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បំផ្លាញ​រថយន្ត​ប្រណីត​ចំនួន ១៤ គ្រឿង​ដោយ​ប្រើ​អេស្កាវ៉ាទ័រ និង​អា​ប៊ុល​ឈូសឆាយ សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី “​ថ្កោលទោស​និង​បំផ្លាញ​ជា​សាធារណៈ​នូវ​យានយន្ត​ម៉ាក​ទំនើប​” ។ ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការចាប់ផ្តើម​ប៉ុណ្ណោះ​។​

​ក្នុងចំណោម​រថយន្ត​ទំនើប​ដែល​ត្រូវបាន​បំផ្លាញចោល​នោះ​រួមមាន​រថយន្ត Maserati Quattroporte រថយន្ត BMW B12 Alpina រថយន្ត Porsche 911 GT3 រថយន្ត BMW Z1 ក៏ដូចជា​រថយន្ត Opel Manta រថយន្ត Renault R5 និង​រថយន្ត Mercedes-Benz G-Klasse​។
​រថយន្ត​ទាំងនេះ​ត្រូវបាន​នាំចូល​មក​ហ្វីលីពីន​ពី​កូរ៉េខាងត្បូង​និង​ជប៉ុន​ក្នុង​ឆ្នាំ ២០១៤ ទោះបី​រដ្ឋាភិបាល​ហាមឃាត់​ការ​នាំចូល​រថយន្ត​មួយ​ទឹក​ក៏ដោយ​។ តម្លៃ​សរុប​នៃ​រថយន្ដ​ទាំង ១៤ គ្រឿង​នេះ​គឺ​ប្រហែល ២៧ ពាន់​លាន​ប៉េ​សូ ឬ ៥១៧.៧០០ ដុល្លារ​។​

​ប៉ុន្តែ​រថយន្ត​ខ្ទេច​អស់ទាំង ១៤ គ្រឿង​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ បន្ទាប់ពី​ការបង្ហាញ​សកម្មភាព​កិនកម្ទេច​រថយន្ត​ទំនើបៗ​ទាំងនេះ រថយន្ដ​រត់ពន្ធ​ចំនួន ៨៤១ គ្រឿង​ទៀត​ត្រូវបាន​បំផ្លាញ​។ យោងតាម​ទូរទស្សន៍ RTVM បានឱ្យដឹងថា ពិធី​កិ​ច​កម្ទេច​នេះ​ធ្វើឡើង​នៅ​កំពង់ផែ​អាយ​រី​ន ខេត្ត​កា​ហ្គា​យ៉ាន​។​

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ថា “​ការបំផ្លាញ​រថយន្ត​ប្រណីត​ទាំងនេះ​បង្ហាញ​ពី​ការតាំង​ចិត្ត​មោះមុត​របស់​យើង​ក្នុងការ​ស្តារឡើងវិញ​នូវ​អភិបាលកិច្ច​ល្អ រក្សា​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន​”​។​

​លោក​បាន​បន្តទៀតថា “​ខ្ញុំ​សូមបញ្ជាក់​ម្ដង​ទៀតថា​ខ្ញុំ​នឹងមិន​អត់ឱន​ចំពោះ​ការរត់ពន្ធ​និង​រាល់​ទម្រង់​នៃ​ភាពមិនប្រក្រតី​ណាមួយ​នៅក្នុង​កំពង់ផែ​របស់​យើង​នោះឡើយ ជាពិសេស​នៅ​កំពង់ផែ​សេរី​របស់​យើង​។ ការអនុវត្ត​ខុសច្បាប់​នឹង​ត្រូវបាន​ដោះស្រាយ​ជាមួយ ដើម្បី​ធានាថា រាល់​នាយកដ្ឋាន ទីភ្នាក់ងារ និង​អង្គភាព​នានា​របស់​រដ្ឋាភិបាល គឺ​មិនមាន​អំពើពុករលួយ​”៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​រត់ពន្ធ​រាប់រយ​គ្រឿង​ត្រូវបាន​បំផ្លាញចោល​នៅ​ហ្វីលីពីន
#