ហ្វីលីពីន​ចាកចេញ​ពី​ICC​ដែល​ស៊ើបអង្កេត​ការបង្ក្រាប​ថ្នាំញៀន​របស់​ប្រធានាធិបតី​ឌុយ​ទែត​

581
ចែករម្លែក
  • 24
    Shares

​ហ្វីលីពីន​នៅ​ថ្ងៃអាទិត្យ​ទី​១៧​មីនា លែង​ជា​ផ្នែក​នៃ​សន្ធិសញ្ញា​ដែល​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​ទៀតហើយ​។​

​ការដកខ្លួន​របស់​ប្រទេស​នេះ​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម​បាន​កើតឡើង​នៅ​មួយឆ្នាំ ក្រោយ​ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​តវ៉ា​ចំពោះ​អ្វី​ដែល​លោក​មើលឃើញថា​ជា​«​កិច្ចខិតខំ​​រួមគ្នា​»​មួយ​ដោយ​បុគ្គលិក​អង្គការសហប្រជាជាតិ​ដើម្បី​លាប​ពណ៌​រូប​លោក​ថា​ជា​«​ជន​រំលោភ​សិទ្ធិមនុស្ស​គ្មាន​មេត្តា​និង​ព្រៃផ្សៃ​»​ម្នាក់​។​លោក​បាន​ប្រឆាំង​តប​នឹង​«​ការវាយប្រហារ​​យង់ឃ្នង​មិនដែល​ធ្លាប់​មាន​មក​លើ​រូប​ខ្ញុំ​»​តាមរយៈ​ជេរប្រមាថ​និង​ប្រកាស​ដក​ខ្លួន​ចេញ​។​

​អនុម័ត​និង​ចុះហត្ថលេខា​ដោយ​រដ្ឋ​១២៣​នៅ​ឆ្នាំ​១៩៩៨ ក្នុងអំឡុង​សន្និសីទ​ការទូត​មួយ​នៅ​ក្រុង​រ៉ូម លក្ខន្តិកៈ​ក្រុង​រ៉ូម​(Rome Statute)​បង្កើត​ICC​និង​ផ្តល់​យុត្តាធិការ​ដល់​វា​ចំ​​ពោះ​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

ICC​នេះ​កាលពី​ខែ​កុម្ភៈ ឆ្នាំមុន បានចាប់ផ្តើម​ការស៊ើបអង្កេត​បឋម​មួយ​លើ​ការបង្ក្រាប​ដ៏​ប្រទូសរ៉ាយ​របស់​លោក​ឌុយ​ទែត លើ​ការជួញដូរ​និង​ចរាចរណ៍​ថ្នាំញៀន​។​

​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ថ្នាំញៀន​ជាង​៥.០០០​នាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់​គ្នា​ក្នុងអំឡុង​ចុះបង្ក្រាប​ចាប់តាំងពី​លោក​ឌុយ​ទែតបាន​ឡើងកាន់អំណាច​នៅ​ពាក់​​កណ្តាល​ខែមិថុនា តែ​សកម្មជន​សិទ្ធិមនុស្ស​និយាយថា​ចំនួន​មនុស្ស​ដែល​ស្លាប់​ក្នុង​សង្គ្រាម​ថ្នាំញៀន​នៅ​ហ្វីលីពីន​អាច​លើ​២០.០០០​នាក់​។​ពីរភាគបី​នៃ​អ្នក​ត្រូវបាន​សម្លាប់ ត្រូវគេ​​ជឿ​ថា​ត្រូវ​បាន​សម្លាប់​ដោយ​ឃាតករ​ស៊ីឈ្នួល​ដែល​គាំទ្រ​ដោយ​ប៉ូលិស​។​

​លោក​ឌុយ​ទែត ត្រូវបាន​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ នៅ​ចំពោះមុខ​ICC​ដោយសារ​តែ​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​។​តែ​លោក​ប្រធានាធិបតី​​បាន​និយាយថា​លោក​បាន​ប្រាប់​ប៉ូលិស​អោយ​សម្លាប់​តែ​ជនល្មើស​ថ្នាំញៀន​ណា​ដែល​តដៃ​ជាមួយ​ប៉ូលិស​ប៉ុណ្ណោះ​។​

​ការដកខ្លួន​របស់​ហ្វីលីពីន មិន​រារាំង​ICC​ពី​ការបន្ត​ការស៊ើបអង្កេត​ករណី​ប្រឆាំង​លោក​ឌុយ​ទែតឡើយ​។​តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា រដ្ឋាភិបាល​នឹង​មិន​សហ​​ការ​ជាមួយ​ការស៊ើបអង្កេត​ណាមួយ​ឡើយ​៕​ប្រែ​សម្រួល​៖​វាសនា​

ICC​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន បាន​ចាប់ផ្តើម​ស៊ើបអង្កេត​លោក​ឌុយ​ទែត ចំពោះ​ការស្លាប់​មនុស្ស​ច្រើន​ពេក​ក្នុង​សង្ក្រាម​ប្រឆាំង​ថ្នាំញៀន​នៅក្នុង​ប្រទេស​របស់​លោក​