ហ្វីលីពីន​ចាប់ផ្តើម​បញ្ជូន​សំរាម​ច្រើន​តោន​ត្រឡប់​ទៅ​កាណាដា​វិញ​

467
ចែករម្លែក

​សំរាម​ច្រើន​តោន​ដែល​ត្រូវបាន​បញ្ជូន​មក​ប្រទេស​ហ្វីលីពីន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​ប្រទេស​កាណាដា​វិញ​នៅ​ថ្ងៃ​សុក្រ​ទី​៣១​ខែ​ឧសភា​បន្ទាប់ពី​មាន​ជម្លោះ​​ការទូត ខណៈពេល​ដែល​បណ្តា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​បាន​បដិសេធ​ការ​ធ្វើ​ជា​កន្លែង​ចាក់ចោល​សំរាម​អន្តរជាតិ​។​

​បន្ទាប់​ពី​យុទ្ធនាការ​ដ៏​យូរ​មក​ដើម្បី​ជម្រុញ​ឱ្យ​ប្រទេស​កាណាដា​យក​កាកសំណល់​រលួយ​ទាំងនេះ​ទៅ​វិញ​នោះ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែតបាន​រិះគន់​ខ្លាំងៗ​លើ​​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​(​កាណាដា​)​នេះ កាលពី​សប្តាហ៍​មុន​ហើយ​បាន​បញ្ជា​ឱ្យ​បញ្ជូន​សំរាម​ទាំងនេះ​ត្រឡប់​ទៅ​វិញ​។​

​សំរាម​ចំនួន​៦៩​កុងតឺន័រ​នេះ ត្រូវបាន​ដាក់​នៅ​លើ​នាវា​ធំ​មួយ​នៅ​ឈូង​សមុទ្រ​Subic ដែល​ជា​តំបន់​កំពង់​ផែ​នៃ​ទីក្រុង​ម៉ានីល ហើយ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាណាដា​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាណាដា លោកស្រី Catherine McKenna បាន​ស្វាគមន៍​ចំពោះ​ដំណឹង​អំពី​សំរាម​ដែល​ត្រូវបាន​ប្រគល់​ត្រឡប់​មក​វិញ​នេះ ដោយ​ប្រាប់​អ្នកយក​ព័ត៌មាន​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​បាន​ប្តេជ្ញា​ជា​មួយ​ហ្វីលីពីន ហើយ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​” ។​

​កាលពី​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​កាណាដា​មួយ បាន​បញ្ជូន​សំរាម​ទាំងនេះ​មក​ប្រទេស​ហ្វីលីពីន ដោយ​បិទ​ស្លាក​សញ្ញា​ក្លែងបន្លំ​ថា​ជា​របស់របរ​កែច្នៃ​ឡើងវិញ​៕​ដោយ​៖​សុខា​/sn