ហ្វីលីពីន​ដាក់ពាក្យ​ប្តឹង​អំពី​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អតីត​ប្រធានាធិបតី អាគី​ណូ​

317

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ហ្វីលីពីន​បានធ្វើការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​អតីត​ប្រធានាធិបតី​លោក បេ​នី​ក​ណូ អាគី​ណូ (Benigno Aquino) កាលពី​ថ្ងៃ​ពុធ ទី​៨​វិច្ឆិកា ដោយសារតែ​ធ្វើ​ចំណាត់ការ​មិនល្អ​ក្នុងការ​វាយឆ្មក់​ប្រឆាំង​ជន​សកម្មប្រយុទ្ធ​មួយក្រុម ដែល​បាន​បណ្តាល​ឱ្យស្លាប់​ប៉ូលិស​ពិសេស ៤៤ នាក់ កាលពី​ឆ្នាំ ២០១៥​។​

​ការស្លាប់​របស់​ក្រុមមន្ត្រី​ប៉ូលិស​ទាំងនេះ​ដោយ​សា្ន​ដៃ​នៃ​ពួក​ខ្មាន់កាំភ្លើង​ឧទ្ទាម​មួយក្រុម​បាន​នាំទៅដល់​ការបញ្ឈប់​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​ជាមួយ​ពួក​បំបែក​ខ្លួន​អ៊ីស្លាម​និយម នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន ហើយ​វា​ជា​វិបត្តិ​ដ៏​ធំ​បំផុត​របស់​ប្រធានាធិបតី បេ​នី​ក​ណូ អាគី​ណូ រវាង​ឆ្នាំ​២០១០-២០១៦ ។​

​ការិយាល័យ​ច្បាប់​រដ្ឋាភិបាល បាន​និយាយថា ខ្លួន​បាន​ចោទប្រកាន់ លោក បេ​នី​ក​ណូ អាគី​ណូ ពីបទ​រំលោភ​អំណាច ទទួល​ប្រាក់​សំណូក និង អំពើពុករលួយ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​បឋម​មក​នោះ​។​

​ការិយាល័យ​ច្បាប់​នេះ​បាន​និយាយថា អតីត​មេដឹកនាំ​រូបនេះ បានអនុញ្ញាត មេ​ប៉ូលិស​ដែល​ត្រូវបាន​ផ្អាក​តំណែង​ឱ្យចូល​ពាក់ព័ន្ធ​នៅក្នុង​ការធ្វើផែនការ​និង​ការ​វាយឆ្មក់​ប្រឆាំង​ជន​សកម្មប្រយុទ្ធ​កាល​ខែមករា​ឆ្នាំ​២០១៥​នោះ នៅ​ទីក្រុង​ម៉ា​ម៉ាសា​ប៉ាណូ (Mamasapano) ក្នុង​ខេត្ត​ម៉ា​គ្វី​ន​ដា​ណូ ហើយ​ទុក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មន្ត្រីប៉ូលិស​ដែល​ទទួលខុសត្រូវ និង​​មាន​ជំនាញ​​មិនឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ទេ​។​

​កង​ប៉ូលិស​ពិសេស​នេះ​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា​ចំនួន​២​នាក់ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ស្ទាក់​វាយប្រហារ​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែលមាន​ចំនួន​ច្រើនជាង​ក្នុងអំឡុង​ប្រតិបត្តិការ​នេះ​។​

​ហេតុការណ៍​នេះ បណ្តាលឱ្យមាន​កំហឹង​ជាតិ​(​នៅ​ហ្វីលីពីន​) ហើយ​ការជឿជាក់​លើ​ការដឹកនាំ​របស់ លោក បេ​នី​ក​ណូ អាគី​ណូ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​៕ ដោយ៖ សុខា

​អតីត​ប្រធានាធិបតី លោក បេ​នី​ក​ណូ អាគី​ណូ