ហ្វីលីពីន​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អាស៊ាន​អំពី​ការរុករក​ប្រេង​រួមគ្នា​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

1367
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កក្កដា​ហ្វីលីពីន​បាន​ព្យាយាម​ធានា​ដល់​ប្រទេសជិតខាង​នៅ​អាស៊ីអាគ្នេយ៍​អំពី​សំណើ​របស់ខ្លួន​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​រុករក​ប្រេង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ ដោយ​សន្យាថា​នឹង​ប្រឹក្សា​ជាមួយ​ពួកគេ​អំពី​ផែនការ​នានា​ទាំងឡាយ​។​

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បន្ធូរបន្ថយ​គោលនយោបាយ​របស់​មេដឹកនាំ​មុន ដែល​ប្រឆាំងនឹង​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន ដែល​លាតសន្ធឹង​ស្ទើរតែ​ទាំងស្រុង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​បង្ក​ការព្រួយបារម្ភ​ក្នុងចំណោម​ប្រទេសជិតខាង​នៅ​អាស៊ីអាគ្នេយ៍ ដែល​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះដែរ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ឌូ​តឺ​តេ​និយាយថា រដ្ឋាភិបាល​របស់លោក កំពុង​ពិភាក្សា​ជាមួយ​ចិន ជុំវិញ​ការ​ខួង​យក​ធនធានធម្មជាតិ​រួមគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ងាក​ចេញពី​ភាព​តានតឹង​រាប់​ឆ្នាំ​មក​នោះ​។​

​ប៉ុន្តែ​លោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន អា​ឡាន់ ភី​ត​ធើ កា​យ៉េ​ថា​ណូ និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ហ្វីលីពីន​នឹង​ពិគ្រោះ​ជាមួយ​សមាជិក​អាស៊ាន ៩ ទៀត អំពី​សំណើ​នេះ​។

​លោក​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​វា​នឹង​មិនមែនជា​សកម្មភាព​ឯកតោភាគី​ពី​ហ្វីលីពីន​ទេ ព្រោះ​សម្តី​អះអាង​របស់លោក​ប្រធានាធិបតី គឺ​សន្តិភាព​និង​ស្ថិរភាព ហើយ​រាល់​សកម្មភាព​ឯកតោភាគី​ដោយ​នរណាម្នាក់​នោះ គឺ​នឹង​នាំទៅរក​អស្ថិរភាព​។ ក៏​នឹងមាន​ការពិគ្រោះ​យោបល់​ជាមួយ​អាស៊ាន​ទាំងមូល​ផងដែរ ព្រោះ​យើង​ចង់​ថែរក្សា​ស្ថិរភាព​នៅ​ទីនោះ​”​។​

​លោក​ឌូ​តឺ​តេ​អាយុ ៧២ ឆ្នាំ បាន​និយាយ​សម្រាល​អំពី​ជម្លោះដែនសមុទ្រ​របស់​ប្រទេស​គាត់​ជាមួយ​ប្រទេស​ចិន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​ពី​ចិន​។

​លោក​ក៏បាន​បដិសេធ​ប្រើប្រាស់​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ​កាលពី​ឆ្នាំមុន ដែល​បដិសេធ​ការអះអាង​សិទ្ធិ​ទាមទារ​របស់​ចិន​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ភាគច្រើន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

សមុទ្រ​ចិន​ខាងត្បូង