ហ្វីលីពីន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ឱសថ​យក្ស​បារាំង​ហៅ​ត្រឡប់​ទៅវិញ​នូវ​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ជុំវិញ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​

490

​ហ្វីលីពីន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ឱសថ​យក្ស​របស់​បារាំង​ឈ្មោះថា Sanofi Pasteur យក​ត្រឡប់មកវិញ​នូវ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម​ដំបូង​គេ​បង្អស់​របស់ខ្លួន គឺ ថ្នាំ Dengvaxia ដែល​ត្រូវបាន​គេ​រកឃើញថា បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ចំពោះ​មនុស្ស​ដែល​មិន​ធ្លាប់​ឆ្លង​ជំងឺ​នេះ​ពីមុន​។​

​នៅក្នុង​ការផ្តល់​ប្រឹក្សា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី ៤​ធ្នូ រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​របស់​ហ្វីលីពីន (FDA) បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Sanofi “​ផ្អាក​ការលក់ ការចែក​ចាយ និង​ការធ្វើ​ទីផ្សារ​” និង​នាំឱ្យមាន​ការដកចេញ​នូវ​ថ្នាំ Dengvaxia នេះ​តែម្តង​។​

​រដ្ឋបាល​នេះ​ក៏បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Sanofi “​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​ក្រុមប្រឹក្សា​យោបល់​ផងដែរ​”​។​

FDA បាន​ណែនាំ​អ្នកលក់​ឱសថ​និង​គ្រូពេទ្យ​ទាំងអស់​ឱ្យ​រាយការណ៍​ពី “​ឧបទ្ទវហេតុ​ណាមួយ​ដែល​បង្ហាញថា​ថ្នាំ Dengvaxia បាន​បណ្តាលឱ្យ​មានការ​ស្លាប់ កើត​ជំងឺ​ធ្ងន់ធ្ងរ ឬ​របួស​ធ្ងន់ធ្ងរ ដល់​អតិថិជន អ្នកជំងឺ​អ្នក ឬ​មនុ​ស្សណា​ម្នាក់​” ។​

​សេចក្តីសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​ផ្អាក​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំងឺគ្រុនឈាម​របស់ខ្លួន​តម្លៃ ៧០ លាន​ដុល្លារ​អាមេរិក និង​ខណៈដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​ដើម្បី​ស្វែ​រក​ការទទួលខុសត្រូវ​លើ​ការអនុម័ត​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​។​

​នៅ​ថ្ងៃ​ចន្ទ​ទី ៤ ធ្នូ ក្រុមហ៊ុន Sanofi បាន​ព្យាយាម​ដោះស្រាយ​ការព្រួយបារម្ភ​លើ​ការប្រើប្រាស់​ថ្នាំ Dengvaxia ដោយ​និយាយថា ការប្រយ័ត្នប្រយែង​ក្រោយ​ការសាកល្បង​ឱសថ​លើ​មនុស្ស​គឺ​គ្របដណ្តប់​មួយផ្នែក​លើ​អ្នក​ដែល​ធ្លាប់បាន​ចាក់​វ៉ាក់សាំង​ពីមុន​។​

​ក្នុងការ​ប្រុងប្រយ័ត្នរ​បស់​ខ្លួន​នោះ ក្រុមហ៊ុន Sanofi បាន​និយាយថា ការស្រាវជ្រាវ​បន្ថែមទៀត​បានបង្ហាញ​ថា ចំពោះ​អ្នក​ដែល​ធ្លាប់មាន​ជំងឺគ្រុនឈាម វ៉ាក់សាំង​នេះ​អាច​បង្ការ​ការឆ្លង​ម្តងទៀត​បាន​។​

​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិនមាន​ជំងឺគ្រុនឈាម​ពីមុន ប្រសិនបើ​ពួកគេ​ឆ្លង​វីរុស​គ្រុនឈាម បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​មួយ​នេះ “​នោះ​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ទៀត​អាច​នឹង​កើតមានឡើង​”​។​

​ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​តាម​មូស​ដែល​បាន​ចម្លង​មេរោគ​ដល់​មនុស្ស ៤០០ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​មន្ត្រី​សុខាភិបាល​ហ្វីលីពីន​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជំងឺគ្រុនឈាម​លើ​កុមារ​ជាង ១ លាន​នាក់​កាលពី​ខែមេសា​ឆ្នាំ ២០១៦ ជាមួយ​ថ្នាំ Dengvaxia ចំពេល​អ្នកតស៊ូ​មតិ​ដើម្បី​សុខភាព​សាធារណៈ​បានបង្ហាញ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ថ្នាំ​នេះ​។​

​យ៉ាងហោចណាស់ មាន​កុមារ ៧៣០.០០០ នាក់​បានទទួល​វ៉ាក់សាំង​លើកដំបូង​ចំនួន ៣ ដង​រួចមកហើយ​គិត​ត្រឹម​ថ្ងៃទី ១៧ ខែវិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Dengvaxia