ហ្វីលីពីនបានបញ្ជូនកងទ័ពបន្ថែមទៀតដើម្បីសម្លាប់មាន់ឈឺរាប់ពាល់ក្បាលចោល ក្នុងមួយថ្ងៃ បន្ទាប់ពីក្រសួងកសិកម្ម បានអះអាងអំពីការឆ្លងរាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីនៅខេត្តទី២ ភាគខាងជើងនៃទីក្រុងម៉ានីល។
លោក អ៊ីសាហ្គានី ណាតូ អ្នកនាំពាក្យកងទ័ពបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទាហានជាង១០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងហ្សង់ និងទីក្រុងសាន់ អ៊ីស៊ីដ្រូ នៅខេត្តនូវ៉ាអេស៊ីចា (Nueva Ecija) កាលពីថ្ងៃសៅរ៍ បន្ទាប់ពី២ករណីនៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងចំណោមសត្វបក្សីទាំងនោះ។
ករណីថ្មីនៃជំងឺគ្រុនផ្តាសាយបក្សីនេះ គឺស្ថិតនៅប្រហែល៥០គីឡូម៉ែត្រពីការផ្ទុះពីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សីនៅតំបន់ផាំផានហ្គា។
ក្រុមអាជ្ញាធរ មិនបានរកឃើញមូលហេតុនៃការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី នេះទេ ហើយក៏មិនទាន់បានរកឃើញជំងឺពិតប្រាកដនៅឡើយដែរ ដោយសារការធ្វើតេស្តិ៍នេះ កំពុងត្រូវបានធ្វើនៅប្រទេសអូស្ត្រាលី។
មិនមានករណីឆ្លងមេរោគនេះទៅមនុស្សទេក្នុងចំណោមករណីជំងឺនេះដែលបានផ្ទុះឡើងនោះ។ កាលពីថ្ងៃព្រហស្បតិ៍ មាន់មានជំងឺជិត៣០.០០០ក្បាល ត្រូវបានសម្លាប់ចោល ដោយក្រុមទាហាននៅកសិដ្ឋានមួយនៅតំបន់ផាំផានហ្គា។ ក្រសួងកសិកម្ម បាននិយាយថា មាន់ជិត៦០០.០០០ក្បាល នៅកសិដ្ឋានចំនួន៣៦ នៅតំបន់នេះនឹងត្រូវបានសម្លាប់ចោល៕ ដោយ ៖ សុខា