ហ្វីលីពីន​បារម្ភ​អំពី​រដ្ឋប្រហារ​យោធា ចំ​ពេល​មាន​ជម្លោះ​ជាមួយ​ចិន​អំពី​សមុទ្រ​ចិន​ខាងត្បូង​

758
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បារម្ភ​អំពី​រដ្ឋប្រហារ​យោធា​មួយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​ដើម្បី​បណ្តេញ​រូប​លោក​ចេញពី​អំណាច ក្រោយពី​លោក​ទទួល​ព័ត៌មាន​«​គួរអោយ​ជឿ​ទុកចិត្ត​ណាស់​» ចំ​ពេល​មាន​កំណើន​ភាព​តានតឹង​អំពី​សមុទ្រ​ចិន​ខាងត្បូង ,​នេះ​បើ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​របស់​លោក​។​

​សារព័ត៌មាន​អង់គ្លេស​express បាន​និយាយថា​អ្នកនាំពាក្យ​លោក​សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូ បាន​ព្រមាន​ថា លោក​ឌុយ​ទែត អាច​ប្រើ​ច្បាប់អាជ្ញាសឹក​ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុងប្រទេស​។​​យោង​តាម​សារព័ត៌មាន​Newsweek លោក​ប៉ាណេ​ឡូ បាន​និយាយ​ដូច្នេះ​ក្នុងអំឡុង​សុន្ទរកថា​មួយ​ទៅកាន់​អ្នកនយោបាយ​ហ្វីលីពីន​។​ក្នុងអំឡុង​ជំនួប​នេះ លោក​បាន​អំពាវនាវ​អ្នក​​នៅក្នុង​អំណាច​វាយ​តំលៃ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដើម្បី​ការពារ​អំណាច​របស់​លោក​ឌុយ​ទែត​។​

​លោក​បាន​និយាយថា​«​ខ្ញុំ​គិតថា វា​ត្រឹមត្រូវ​ដែល​ព្រមាន​ទៅកាន់​គ្រប់​គ្នា​។​បើ​ពួកគេ​ខឹង ពួកគេ​អាច​ធ្វើ​រដ្ឋប្រហារ​។​លោក​មាន​ព័ត៌មាន​អាច​ជឿ​ទុកចិត្តបាន​ណាស់​។​ការប៉ុនប៉ង​​របស់​ក្រុម​ណាមួយ​ដើម្បី​ទម្លាក់ ប្រធានាធិបតី ឌុយ​ទែត នឹង​បរាជ័យ​»​។​

​លោក​សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូ បាន​ព្រមាន​ថា លោក​ឌុយ​ទែត​(​រូប​) អាច​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​ដោះស្រាយ​ជម្លោះ​របស់​ប្រទេស​

​លោក​បន្តថា «​វា​នឹង​មិន​ទទួលបាន​ការគាំទ្រ​ពី​មហាជន ដែល​នៅតែ​គាំទ្រ​លោក​ប្រធានាធិបតី និង​រដ្ឋាភិបាល​របស់​លោក​យ៉ាង​លើសលប់​។​បើ​ពួក​អ្នកនយោបាយ​ចង់​កែប្រែ​រដ្ឋ​​ធម្មនុញ្ញ ធ្វើ​វា​ទៅ​។​កំដៅ​កំពុង​កើន​ឡើង​ក្នុង​កងទ័ព​»​។​

​ជម្លោះ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​រវាង​ហ្វីលីពីន អាម៉េរិក​និង​ចិន អំពី​សមុទ្រ​ចិន​ខាងត្បូង​។​

​មុននេះ លោក​ឌុយ​ទែតបាន​ពន្យុះ​អោយ​អាម៉េរិក​ប្រកាស​សង្គ្រាម​ជាមួយ​ចិន​ដោយ​បញ្ជូន​នាវាចម្បាំង​ចូល​ក្នុង​ដែនទឹក​ជម្លោះ​ដើម្បី​បណ្តេញ​ចិន​ចេញ​អោយ​ឆ្ងាយ​។​លោក​បាន​​និយាយថា​« ខ្ញុំ​បាន​ស្នើ​វា​។​បើ​អាម៉េរិក​ចង់អោយ​ចិន​ចាកចេញ ហើយ​ខណៈ​ខ្ញុំ​មិន​អាច​ធ្វើបាន ខ្ញុំ​ចង់​អោយ​កង​នា​វាទី​៧​ទាំងមូល​របស់​សហរដ្ឋអាម៉េរិក​នៅទីនោះ​។​នៅ​ពេល​ពួក​​គេ​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខ្ញុំ​នឹង​ចូល​ដែរ​។​ខ្ញុំ​នឹង​ជិះ​នាវា​ជាមួយ​អាម៉េរិក​ដែល​ចូល​ទៅ​ទីនោះ​មុនគេ​។​បន្ទាប់​មក​ខ្ញុំ​នឹង​ប្រាប់​អាម៉េរិក ថា​អូ​ខេ ចូរ​ទម្លាក់​គ្រាប់​លើ​អ្វី​គ្រប់​​យ៉ាង​»​។​

​ព័ត៌មាន​អំពី​យោធា​ចង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​មាត់ដាច​រូបនេះ កើតឡើង​ចំពេល​មាន​ការរិះគន់​លោក ដោយសារ​តែ​ការលេចឮ​ថា លោក​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​​ចិន ក្នុង​ការអនុញ្ញាតអោយ​អ្នកនេសាទ​ចិន​ឆ្លង​មក​នេសាទ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ហ្វីលីពីន​។​ពួក​ប្រឆាំង​ក៏​អំពាវនាវ​អោយ​លោក​ចុះចេញ​ពី​តំណែង​និង​មាន​ការ​​ចោទសួរ​និង​បោះឆ្នោត​សម្តែង​ការជឿ​ទុកចិត្ត​លោក​ឌុយ​ទែត នៅក្នុង​សភា​ដោយសារតែ​អំពើ​របស់​លោក​រំលោភ​រដ្ឋធម្មនុញ្ញ​៕៕​ដោយ​៖​វាសនា​