ហ្វីលីពីន ចាប់​ស្ត្រី​ឥណ្ឌូនេស៊ី​ដែល​លួច​នាំ​ថ្នាំញៀន​ទៅ​ពី​កម្ពុជា​

632
ចែករម្លែក

​អាជ្ញាធរ​ហ្វីលីពីន បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​ស្ត្រី​ឥណ្ឌូនេស៊ី ដែល​នាំចូល​ថ្នាំញៀន​៨​គីឡូក្រាម​តំលៃ​១​លាន​ដុល្លារ ក្នុង​ដំណើរ​ទៅ​ពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​។​

​ការិយាល័យ​គយ​បាន​និយាយថា នាង​អា​កណេ​ស អា​ឡិច​សង់​ដ្រា ត្រូវបាន​ឃាត់ខ្លួន​កាលពី​ពាក់កណ្តាល​យប់​នៅ​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល ក្រោយ​ពី​អាជ្ញាធរ​រកឃើញ​ថ្នាំញៀន​​មេតំ​ហ្វេ​តា​មីន​ក្រាម​(​ម៉ា​ទឹកកក​)​ចំនួន​៨​គីឡូក្រាម​នៅក្នុង​ស្បោង​អីវ៉ាន់​របស់​នាង ក្នុង​ជើងហោះហើរ​ទៅ​ពី​ក្រុង​សៀមរាប​។​ទោះជា​យ៉ាងណា​នាង​បាន​យំ​និង​គ្រប​មុខ​ហើយ​ថា​​ស្បោង​អីវ៉ាន់​នោះ​មិន​ជា​របស់​នាង​ទេ​។​

​មន្ត្រី​គយ​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា «​ជនសង្ស័យ​បាន​និយាយថា មាន​គេ​ហុច​ស្បោ​នេះ​អោយ​នាង​កាន់ តែ​វា​ជា​រឿង​ដោះសារ​របស់គេ​»​។​

​អា​ឡិច​សង់​ដ្រា នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ជួញដូរ​ថ្នាំញៀន នេះ​បើ​តាម​មន្ត្រី​ហ្វីលីពីន​។​

​អាជ្ញាធរ​ហ្វីលីពីន​បាន​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​និង​កញ្ចប់​អីវ៉ាន់ ដោយសារ​អ្វី​ដែល​គេ​និយាយថា ការប៉ុនប៉ង​របស់​ក្រុមហ៊ុន​ថ្នាំញៀន​ដើម្បី​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​ខុសច្បាប់​​កាត់​តាម​ច្រក​ព្រំដែន​របស់​ខ្លួន​។​កាលពី​ខែ​មុន មន្ត្រី​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល បាន​ចាប់​បាន​ស្បោង​និង​សាក់​កាដូ​មួយ​ផ្ទុក​ទៅ​ដោយ​ថ្នាំ​ញៀន​មេតំ​ហ្វេ​តា​មីន​។​ទំនិញ​នោះ​​ទៅ​ពី​ប្រទេស​វៀតណាម​៕​ដោយ​៖​វាសនា​

អាជ្ញាធរ​គយ​និង​អាកាសយានដ្ឋាន​ហ្វីលីពីន បង្ហាញ​ថ្នាំញៀន​ខុសច្បាប់​៨​គីឡូក្រាម ដែល​ចាប់បាន​ពី​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ម្នាក់​កាលពី​ថ្ងៃ​៧​តុលា​