ហ្វី​បៀ​ស​ប្រកាស​គម្រោង​ឌីជីថល​ថ្មី និង​ដៃគូ​សហការ ឆ្លើយតប​នឹង​សក្តានុពល​ឌីជីថល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​

682
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ​ហ្វី​បៀ​ស (Phibious) ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំជាងគេ​មួយ​នៅ​កម្ពុជា​ដោយ​ត្រូវបាន​ទទួលស្គាល់​លើ​ស្នាដៃ​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​អាច បញ្ជាក់បាន​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​ជាច្រើន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។​

​ថ្មីៗ​នេះ ហ្វី​បៀ​ស​បានរៀបចំ កម្មវិធី​ដើម្បី​ប្រកាស​អំពី​គម្រោង​ថ្មី​មួយទៀត​លើ​ផ្នែក ឌីជីថល​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​ឌីជីថល​ផ្ទាល់ខ្លួន និង​ម៉ាក​ផលិតផល​និង​សេវា​របស់​ដៃគូ ពាណិជ្ជកម្ម​។ គោលបំណង​ចំបង​លើ​ផ្នែក​ឌីជីថល​នេះ គឺ​ដើម្បី​រក្សា​ទំនាក់ទំនង និង​ផ្សារ ភ្ជាប់​ទំនាក់ទំនង​ទៅនឹង អ្នកប្រើប្រាស់​ចុងក្រោយ​ដែល​បច្ចុប្បន្ន​យើង​ម្នាក់ៗ​ចំណាយពេល ច្រើន​លើ​ទូរស័ព្ទ ដើម្បី​ទំនាក់ទំនង និង​ការកម្សាន្ត​ផ្សេងៗ​នៅលើ​ប្រព័ន្ធ​ឌីជីថល​។​

​យោងតាម​សេចក្តីប្រកាស​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា​ចំនួន​ទូរស័ព្ទ ដែល​អាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​មាន​ប្រមាណ​ជាង ១០,៧ លាន​គ្រឿង​នៅ​ឆ្នាំ​២០១៧​ពោលគឺ​កើន ឡើង​ប្រមាណ ៣៣,៧៧​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ ចំពោះ​តួលេខ​នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត នៅក្នុង​ឆ្នាំ ២០១៧ ដដែល​នេះ​មាន​ចំនួន ៨,៥​លាន​នាក់ ដែល​ចំនួន​នេះ​កើនឡើង ៥០​ម៉ឺន​នាក់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។​
​លោក​មើ​វីន ជេ​អូ​( Mervyn Cheo) ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វី​បៀ​ស ឥណ្ឌូចិន (Phibious Indochina) បាន​ថ្លែងថា “​នាពេល​បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​ពិតជា​ជឿនលឿន​លើ​ផ្នែក បច្ចេកវិទ្យា​។ នេះ​គឺជា​ឱកាស​ដែល​យើង​ត្រូវ​ចាប់យក​ឲ្យ​បាន​។ យើង​ត្រូវ​ការផ្តោត សំខាន់ ទៅលើ​ជំនាញ និង​សម្ថ​ត​ភាព​ថ្មី​បន្ថែម ដើម្បី​អភិវឌ្ឍ​សេវា​ផ្នែក​ឌីជីថល​ថ្មី​សម្រាប់​ម៉ាក​ផលិតផល​/​សេវា​របស់​អតិថិជន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយ​អ្នកប្រើប្រាស់​ចុងក្រោយ ជាក់ស្តែង​ដូចជា​ការផ្សព្វផ្សាយ និង​កម្សាន្ត​ជា​បែប​ឌីជីថល​កម្មវិធី​សេវា​ហិរញ្ញវត្ថុ និង​ការទិញ​ទំនិញ​លើ​ទូរស័ព្ទដៃ​ជាដើម​”​។​

​លោក​បាន​បន្ថែមទៀតថា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្មីៗ​នេះ​បានប្រកាសថា​នៅ​ឆ្នាំ​២០២៣ ក្រសួង​នឹងធ្វើ​ការផ្លាស់ប្តូរ​ប្រទេសមួយ​នេះ​ឲ្យ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល មានន័យថា ចំណែក​ដ៏​ធំ​នៃ​ប្រជាជន​នឹង​ប្តូរ​ទៅប្រើ​ឧបករណ៍​ឌីជីថល ដោយមាន​សមត្ថភាព ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​និង​ការងារ​របស់ខ្លួន​មាន​ភាពងាយស្រួល​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​រដ្ឋាភិបាល​ដើម្បី​បំពេញ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​ដើម្បី​ប្រកួតប្រជែង​នឹង​ប្រទេស​សមាជិក​អាស៊ាន​។​

​លោក​បាន​បន្តទៀតថា “​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ការផ្លាស់​ប្តួ​រ​ឥតឈប់ឈរ នៃ​ផ្នែក​ឌីជីថល យើង​ជឿថា​គ្រប់​ម៉ាក​ផលិតផល​/​សេវា មិនអាច​ធ្វេសប្រហែស បាន​នោះទេ សូម្បី​១​វិនាទី​ចំពោះ​គូប្រកួត​ប្រជែង​ថ្មីៗ យុទ្ធសាស្ត្រ​ថ្មី និង​អ្វីដែល​បង្កើតឡើង​ថ្មី​ផងដែរ​។ ហ្វី​បៀ​ស មាន​វត្តមាន ១៦​ឆ្នាំ​នៅក្នុង​តំបន់​នេះ ហើយ​យើង​បានឃើញ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​របស់​អ្នកប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្នា​ន​ឆ្នាំនេះ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ នេះ យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដោយ​សម្រប​និង​បង្កើត​គំនិត ច្នៃប្រឌិត​ដើម្បី​ជា​ប្រយោជន៍​ដ៏​ពិសេស​ជាងគេ​សម្រាប់​អតិថិជន​របស់​យើង​។​ការផ្លាស់ប្តូរ​នេះ​គឺជា​ជំហាន​មួយទៀត​ដើម្បី​បង្ហាញ​នូវ​ការទទួលស្គាល់​លើ​ការវិវឌ្ឍ នា​សម័យ ឌីជីថល ដូច​នាពេល​សព្វថ្ងៃ​។​

លោក Jimmy Lim នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ និង​គ្រប់គ្រង​ផ្នែក​ឌីជីថល ក៏បាន​ថ្លែងថា ជាមួយនឹង​ភាព​រីកដុះដាល​លើ​ផ្នែក​ឌីជីថល​វា​ក៏បាន​ក្លាយជា​ផ្នែក​ស្នូល​សម្រាប់​គ្រប់​វិស័យ ដែល​នឹង​នាំមក​នូវ​ភាពជោគជ័យ នៃ​អាជីវកម្ម​ដោយ​ផ្អែកលើ​ការអនុវត្ត និង​ជំនាញ​ក្នុងសម័យ​ឌីជីថល​នេះ​។ បន្ថែម​លើសពីនេះទៅទៀត ការផ្លាស់ប្តូរ​នេះ​តម្រូវ​ឲ្យ​មានការ​ពួតដៃគ្នា និង​ផ្តល់​ការគាំទ្រ​ដោយ​ដើម្បី​ទទួលបាន​ប្រសិទ្ធ ភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​”​។​

​នៅក្នុង​ឆ្នាំ​ថ្មីៗ​នេះ​ហ្វី​បៀ​សបាន​បង្កើត​ប្រព័ន្ធ​ឌីជីថល​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ទូទាំង​តំបន់​ឥណ្ឌូចិន​ដូចជា​ដំណោះស្រាយ​ការផ្សាយពាណិជ្ជកម្ម​តាមរយៈ Programmatic Advertising Solutions និង Performance Marketing​។ នាពេល​ថ្មីៗ​នេះ ហ្វី​បៀ​ស បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Westec Media Limited (WML) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ការបង្កើត​កម្មវិធី​កម្សាន្ត ផ្នែក​ឌីជីថល​ដ៏​សម្បូរបែប​ដូចជា JaikonTV និង Foodbuzz ដើម្បី​ជា​ដំណោះស្រាយ ផ្នែក​ឌីជីថល​សម្រាប់​ម៉ាក​ផលិតផល​ឬ សេវា​នានា​ដើម្បី​ភ្ជាប់​សារ​ផលិតផល​របស់ខ្លួន​ទៅកាន់​អតិថិជន​គោលដៅ​ជាង​១​លាន​នាក់​។

​លោក Jimmy Lim បាន​បន្ថែមថា “​ភាពជា​ដៃគូ​ជាមួយ WML បាន​បង្កើត ដំណោះស្រាយ ថ្មី​មួយ​សម្រាប់​ម៉ាក​ផលិតផល​និង​សេវា​របស់​អតិថិជន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​និង​អាច​លក់ ផលិតផល​/​សេវាកម្ម​ដោយផ្ទាល់​ទៅ​អតិថិជន​ចុងក្រោយ​របស់​WML​។ យើង​កំពុង​ផ្លាស់ប្តូរ ទិសដៅ​បស់​ក្រុមហ៊ុន​ដែល​ពីមុន​ផ្តោត​តែ​លើ​ការយល់ដឹង​របស់ អតិថិជន​គោលដៅ​និង​ទីផ្សារ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ឲ្យ​ទៅជា​បែប ផែន​គំរូ​ថ្មី​ដែល​អនុញ្ញាតឱ្យ​ម៉ាក​ផលិតផល​/​សេវា​របស់​អតិថិជន​អាច​បង្វែរ​អតិថិជន​គោលដៅ​របស់ខ្លួន​ឲ្យ​ក្លាយជា​អ្នកប្រើប្រាស់​”​។​

នៅក្នុង​សន្និសីទកាសែត​ដែល​បាន​ធ្វើឡើង​នៅ The Factory នា​ថ្ងៃទី​១៨ សីហា ២០១៨ ហ្វី​បៀ​ស​ក៏បាន​ប្រកាស​តែងតាំង​មុខតំណែង​ជា​នាយក​គ្រប់គ្រង និង​ជា​ដៃគូ​ប្រចាំ​កម្ពុជា​ទៅ​លោក សៀត ស៊ី​សុភ​ក្តិ ដែលមាន​បទពិសោធន៍ យ៉ាង​ក្រាស់ក្រែល​លើ​ផ្នែក​ទីផ្សារ និង​ផ្នែក​ផ្សព្វផ្សាយ​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ​។​

​លោក Mervyn Cheo បានឱ្យដឹងថា “​យើង​ពិត​ជាមាន​មោទនភាព​ដោយ មាន​អ្នក​ជើងចាស់​ផ្នែក​ទីផ្សារ​កម្ពុជា​ដូចជា​លោក​សៀត ស៊ី​សុភ​ក្តិ ចាប់អារម្មណ៍​ចូលរួម​ជាមួយ​យើង​ដែល​បច្ចុប្បន្នកំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ជោគជ័យ​មួយ​គឺ​ក្រុមហ៊ុន Active Communications ដែលជា​ក្រុមហ៊ុន​ផ្តោតលើ​ការ Events management & Activation ។ តាមរយៈ​បទពិសោធ​របស់គាត់ យើង​ជឿថា ហ្វី​បៀ​ស​ទទួលបាន​ទីផ្សារ​ដ៏​ធំ​ពី​ការរួមបញ្ចូល​គ្នា​នេះ​”​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក សៀត ស៊ី​សុភ​ក្តិ បាន​មាន​ចំណាប់អារម្មណ៍​ថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុងនាម​ជា​ថ្នាក់​គ្រប់គ្រង​មួយរូប​របស់ ហ្វី​បៀ​ស​ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខ​ដំបូង​គេ ក្នុង​ទីផ្សារ​កម្ពុជា​អស់​រយៈពេល ១៦​ឆ្នាំ​មកហើយ​។ ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ការរួមបញ្ចូល​ក្រុមហ៊ុន​ជាមួយ​ហ្វី​បៀ​ស​ដែល​ត្រូវបាន​ទទួលស្គាល់​លើ​ផ្នែក​គំនិត​ច្នៃប្រឌិត និង​ជំនាញ ផ្នែក​ឌីជីថល ក៏ដូចជា​បទពិសោធន៍ និង​ជំនាញ​របស់ខ្ញុំ​លើ Events management & Activation​។ យើង​នឹង​បន្ត​បង្កើត​នូវ​ការងារ និង​ព្រឹត្តិការណ៍​ធំៗ​ដែល​ធ្វើ​ឲ្យ​អតិថិជន​គោលដៅ​ចងចាំ​វត្តមាន​ម៉ាក​ផលិតផល​/​សេវា​របស់​លោកអ្នក​ក្នុង​ទីផ្សារ​កម្ពុជា នេះ​”​។​

​ហ្វី​បៀ​ស​ក៏​កំពុង​មមាញឹក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដែលជា​ដំណោះស្រាយ ផ្នែក​ទីផ្សារ​ដោយមាន​ការចូល​រួមសហកា​រ​ពី WML​។ ដំណោះស្រាយ​រវាង offline-to-online ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ភ្ជាប់​ម៉ាក​ផលិតផល​/​សេវា​របស់ លោកអ្នក​ទៅនឹង​អតិថិជន​គោលដៅ​បាន​យ៉ាង​រលូន​។​

​លោក ស៊ី​សុភ​ក្តិ បានលើកឡើង​បន្ថែមថា ផ្នែក​មួយ​ដ៏​ធំ​នៃ​ការលក់​នាពេល​បច្ចុប្បន្ន​គឺ​បានមក​តាមរយៈ​ការជះឥទ្ធិពល​ពី​ឌីជីថល​។​ភាពជោគជ័យ​ថ្មី​របស់​ទីផ្សារ​សម្រាប់​ម៉ាក ផលិតផល​/​សេវា​នា​សព្វថ្ងៃ​គឺ​ពឹង​ផ្អែកលើ​សមត្ថភាព​ដើម្បី​ជំរុញ​ការសម្រេចចិត្ត​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ខណៈពេលដែល​អ្ន​ក​ប្រើប្រាស់​អាច​ទទួលបាន​បទពិសោធន​ពី​ម៉ាក​ផលិតផល​និង​សេវា នៅតាម​កន្លែង​ដែល​ក្រុមហ៊ុន​រៀបចំ​សម្រាប់​អតិថិជន​គោលដៅ​។ ដំណោះស្រាយ​ទីផ្សារ​ថ្មី​តាមរយៈ​ទូរស័ព្ទ​នឹង​អាចជួយ​ឲ្យ​ម៉ាក​ផលិតផល​/​សេវា​របស់​អ្នក​អាច​បានឃើញ និង​ព័ត៌មាន​បាន​ទៅដល់​អតិថិជន​គោលដៅ និង​អាចឈាន​ទៅជា​អ្នក ប្រើប្រាស់​ផលិតផល​/​សេវា​របស់​អ្នក​ផងដែរ​”​។​

​លោក​បន្តថា “​មាតិកា​នៅលើ​ឌីជីថល មានន័យថា​ផ្តល់ ការកម្សាន្ត​ជា ចំបង​។ រាល់​ការផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន ម៉ាក​ផលិតផល​/​សេវា​ហាក់ដូចជា​ភ្លេច​អំពី មូលដ្ឋាន គ្រឹះ​នៃ​ការផ្សាយពាណិជ្ជកម្ម ដោយ​ព្យាយាម​បញ្ចូល​សារ​អំពី​ព័ត៌មាន ផលិតផល /​សេវា ជាជាង​ច្បិច​យក​ចំណុច​សំខាន់ និង​ការកម្សាន្ត​។ នាពេល​បច្ចុប្បន្ននេះ​គ្រប់គ្នា មានការ​យល់ដឹង និង​មាន​ជម្រើស​កាន់តែច្រើន​នូវ​អ្វីដែល​ពួកគេ​ចង់​មើល​និង​អាន​។ ដោយ​ផ្អែកលើ​ចំណុច​នេះ​ផងដែរ យើង​ឥឡូវនេះ​ក៏​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ Kongchak ដែលជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត និង​រឿង​ភាគ​ខ្មែរ​ដែល​ធ្លាប់​ផលិត​បាន ស្នាដៃ​ធំៗ នាពេល​កន្លងមក​ដូចជា​រឿង Jailbreak & Funny Family” ។​

​លោក សៀត ស៊ី​សុភ​ក្តិ ពន្យល់​ទៀតថា ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ Kongchak នឹងធ្វើ ហ្វី​បៀ​ស​អាច​ទាញ​រាល់​មាតិកា​របស់ Kongchak ឲ្យ​ទៅជា​មាតិកា របស់​ម៉ាក ផលិតផល​ឬ​សេវា និង​ក៏ដូចជា​ការបង្កើត​មាតិកា​ថ្មី​រួមគ្នា​ផងដែរ​។ ថ្មីៗ​នេះ​យើង​រួមគ្នា ចាប់ផ្តើម​ដោយ​ផល​តិ​រឿង​កំប្លែង​បែប​រ៉ូ​មែន​ទិច​មាន​ចំណងជើង​ថា “​ស្នេហា​ក្មេងៗ​” ឬ “Young Love” ដែល​នឹងត្រូវ​បញ្ចាំង​នៅ​រោងកុន​នៅ​ដើមឆ្នាំ​ក្រោយ និង​រឿង​មួយ ទៀត គឺជា រឿង​ភាគ​ដ៏​ពេញនិយម​⁣​គឺ​រឿង “​គ្រួសារ​រីករាយ​” ឬ “Funny Family”​។​

​នាបច្ចុប្បន្ន​ក្រុមហ៊ុន ហ្វី​បៀ​ស ជា​បណ្តាញ​ដៃគូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឯករាជ្យ​ធំ​បំផុត​នៅ​ឥណ្ឌូចិន ដែលមាន​បុគ្គលិក​ជំនាញ​ចំនួន ២០០​នាក់ ដោយ​គ្រោង​នឹង ពង្រីក​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​ខាងមុខនេះ​៕ ល​