ហ្វី​ហ្វា​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កីឡាករ​បាល់ទាត់​បា​រ៉ែ​ន ហា​ឃីម អាល់​អា​រ៉ៃ​ប៊ី ជាបន្ទាន់​

491
ចែករម្លែក

​ហ្វី​ហ្វា​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ថៃ​ដោះលែង​ជាបន្ទាន់​នូវ​កីឡាករ​បាល់ទាត់​បា​រ៉ែ​ន ឈ្មោះ ហា​គីម អាល់​អា​រ៉ៃ​ប៊ី (Hakeem al-Araibi) ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​បាងកក​អស់​រយៈពេល​ជិត ២ ខែ​និង​បារម្ភ​ថា​គាត់​នឹង​ត្រូវគេ​ធ្វើ​ទារុណកម្ម​ហើយ​អាច​នឹង​ត្រូវគេ​សម្លាប់​ប្រសិនបើ​គាត់​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា សហព័ន្ធ​បាល់ទាត់​ពិភពលោក (​ហ្វី​ហ្វា​) បាន​ព្រមាន​ថា អា​រ៉ៃ​ប៊ី “​កំពុង​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ​ក្នុង​ការរង​ការធ្វើ​បាប​ក្នុងប្រទេស​របស់ខ្លួន​”​។ ហ្វី​ហ្វា​ក៏​បញ្ជាក់​ផងដែរ​ថា អា​រ៉ៃ​ប៊ី​មិនគួរ​ត្រូវបាន​គេ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​ខណៈ​កំពុង​ក្រេប​ទឹកឃ្មុំ​នោះទេ ព្រោះ​រូបគេ​ត្រូវបាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដោយ​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី​ត្រូវគេ​ធ្វើ​ទារុណកម្ម​នៅក្នុង​ប្រទេស​បា​រ៉ែ​ន​។​

​អគ្គលេខាធិការ​ហ្វី​ហ្វា​លោកស្រី​ហ្វា​ត​ម៉ា សា​ម៉ូ​រ៉ា (Fatma Samoura) បាន​និយាយ​នៅក្នុង​លិខិត​នោះ​ថា “​អាល់​អា​រ៉ៃ​ប៊ី​បច្ចុប្បន្នកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​ថៃ​ដោយ​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​បា​រ៉ែ​ន​។ ស្ថានភាព​នេះ​មិនគួរ​កើតឡើង​ទេ​ជាពិសេស​ចាប់តាំងពី​អាល់​អា​រ៉ៃ​ប៊ី​កំពុង​រស់នៅ ធ្វើការ និង​លេង​កីឡាករ​បាល់ទាត់​អាជីព​នៅ​អូស្ត្រាលី កន្លែង​ដែល​គាត់​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​”​។​

​លោកស្រី​បាន​បន្ថែមថា “​នៅពេលដែល​យោងតាម​ឋានៈ​ជនភៀសខ្លួន​របស់​អាល់​អា​រ៉ៃ​ប៊ី អាជ្ញាធរ​អូស្ត្រាលី​បាន​សន្និដ្ឋានថា​គាត់​កំពុង​ប្រឈម​នឹង​ការ​ធ្វើបាប​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កំណើត​រប​ស់គា​ត់​។ ដូច្នេះ​ហ្វី​ហ្វា​អំពាវនាវ​ឱ្យ​ថៃ​ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានាថា អាល់​អា​រ៉ៃ​ប៊ី​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅកាន់​អូស្ត្រាលី​វិញ​ដោយ​សុវត្ថិភាព​ក្នុងពេល​ឆាប់ៗ​នេះ​បំផុត​”​។​

​ហ្វី​ហ្វា​ក៏បាន​ស្នើឱ្យ​ថៃ​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់ខ្លួន​និង​សហជីព Fifpro របស់​កីឡាករ​បាល់ទាត់ “​ដូច្នេះ​រឿងនេះ​អាច​ត្រូវបាន​ដោះស្រាយ​តាមរបៀប​មនុស្សធម៌​”​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Guardian ពី​ពន្ធនាគារ​រី​ម៉ាន​ក្នុង​ក្រុង​បាងកក អា​រ៉ៃ​ប៊ី​បាន​និយាយថា គាត់​មានការ “​ភ័យខ្លាច​” និង “​អស់សង្ឃឹម​” បន្ទាប់ពី​ជាប់គុក​ចាប់តាំងពី​ចុងខែ​វិច្ឆិកា​។ អា​រ៉ៃ​ប៊ី​បាន​បន្ថែមថា “​តើ​ពួកគេ​អាច​ចាក់សោ​ខ្ញុំ​របៀបនេះ​បាន​យ៉ាងដូចម្តេច​? សូមជួយ​ខ្ញុំ​ផង​។ នៅ​បា​រ៉ែ​ន​គ្មាន​សិទ្ធិមនុស្ស​ទេ ហើយ​គ្មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ជា​ដូច​រូបខ្ញុំ​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

ហា​គីម អាល់​អា​រ៉ៃ​ប៊ី ជាប់គុក​នៅ​ថៃ​ពីរ​ខែ​មកហើយ