ហ្វី​ហ្វី ចាប់​ទីផ្សារការងារ​ក្រៅប្រទេស​ច្រើនជាង​ក្នុងស្រុក

327
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង​និង​ចម្រៀង​កញ្ញា ហ្វី​ហ្វី ក្រោយ​ស្ងាត់បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​មក បានរៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​ឆ្នាំនេះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​ដោយបាន​បង្ហើប​រឿង រ៉ាវ​ប​ជាច្រើន​ព្រមទាំង​ប្រកាស​ពី​ទីផ្សារការងារ​នៅ​ប្រទេស​ជា​បន្តបន្ទាប់​ដែល​ត្រៀម​ទទួល​ជាជាង​ក្នុងស្រុក​ទៅវិញ​។​

​បើទោះបីជា​បាត់​មុខ​ក្នុង​ពិភព​សិល្បៈ​ក្នុងស្រុក​អស់​ពេល​ជាង​មួយឆ្នាំ​មក​ក៏ដោយ​ក៏​តារា​ស្រី​សិច​ស៊ី​រូបនេះ​មាន​ទីផ្សារ​និង​ប្រជាប្រិយភាព​ដោយ​លេចមុខ​នៅក្នុង​កម្មវិធី​សិល្បៈ​នានា​ក្រៅប្រទេស​ជាច្រើន​ដោយ​មិន​នឹកស្មាន​ឡើយ​។​

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​ខួបកំណើត​គម្រប់​វ័យ​២៩​ឆ្នាំ​របស់​នាង​កាលពី​រាត្រី​ថ្ងៃទី​១២ ខែធ្នូ នេះ​នៅ​ភោជនីយដ្ឋាន​មួយ​ក្រោម​វត្តមាន​មិត្ត​រួម​អាជីព​និង​អ្នក​ជិតដិត​នោះ ហ្វី​ហ្វី ឱ្យដឹងថា នាង​ទើបនឹង​ត្រឡប់​មកពី​សម្តែង​នៅ​ប្រទេស​ជប៉ុន​ហើយ​តារា​ស្រី​ល្បីឈ្មោះ​រូបនេះ​ត្រៀមខ្លួន​ចេញទៅ​សម្តែង​នៅ​បណ្តា​ប្រ​ទស​មួយចំនួនទៀត​ដូចជា​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​អូស្ត្រាលី ជាដើម​។

​កញ្ញា ហ្វី​ហ្វី បាន​បញ្ជាក់ថា មួយរយៈ​នេះ​នាង​ផ្អាក​ការងារ​ក្នុងស្រុក​ខ្លះ​ព្រោះតែ​ត្រូវបំពេញ ការងារ​សិល្បៈ​មួយចំនួន​នៅ​បណ្តា​ប្រទេស​មួយចំនួន​ដែលជា​កម្មវិធី​រៀបចំ​ដោយ​សមាគម​និង​ប្រជាជន​ខ្មែរ​រស់នៅ​បរទេស​។ មួយរយៈ​មុន​នាង​ទើបនឹង​បញ្ចប់​ការងារ​សម្តែង​និង​ច្រៀង​នៅ ប្រទេស​សិង្ហ​បុរី ប្រទេស​ម៉ាឡេស៊ី​ហើយ​ថ្មីៗ​នេះ​នាង​ទើប​បង្ហើយ​ការងារ​នៅ​ប្រទេស​ជប៉ុន​កាល ពី​ខែ​មុន​។ នាង​បាន​ថា​វិល​ពី​បំពេញការងារ​ទើបនឹង​រៀបចំ​កម្មវិធី​ខួបកំណើត​តូច​មួយ​ដែលមាន អ្នក​ជិតដិត​ប្រមាណ​ជាង​១០០​នាក់​ប៉ុណ្ណោះ​ព្រោះតែ​ចង់​ជួបជុំ​និង​ការ​នឹករលឹក​។

​តារា​លេងខ្លួន​រូបនេះ​បាន​និយាយថា សម្រាប់​ឆ្នាំ​២០២០​នាង​មាន​គម្រោង​ចេញទៅ​សម្តែង នៅ​សហរដ្ឋ​អាម៉េរិក និង​អូស្ត្រាលី​តាម​ការអញ្ជើញ​ពី​សមាគម​មួយចំនួន​នៅ​ទីនោះ​។ នាង​ថា ចន្លោះពេល​ចេញទៅ​ក្រៅប្រទេស​នេះ​នាង​អាច​ទទួលបាន​ការងារ​សម្តែង​ខ្លះ​ដែល​មិន​ចំណាយពេល​វេលា​យូរ​។

​ទោះបីជា​មហាជន​ខ្លះ​មិន​ស្គាល់​នាង ក៏ប៉ុន្តែ​ក្រៅប្រទេស​មាន​ខ្មែរ​យើង​ជាច្រើន​ស្គាល់ ហ្វី​ហ្វី ហើយ​នាង​បានបង្ហាញ​ពី​អារម្មណ៍​ពិត​របស់​នាង​ថា នាង​ថា​ពិតជា​សប្បាយចិត្ត​ដែល​ការងារ រីកចម្រើន​ខ្លាំង​ពិសេស​ការអញ្ជើញ​របស់​អ្នករៀបចំ​កម្មវិធី​នៅក្រៅ​ប្រទេស​ដែល​ជួយ​លើកមុខ​មាត់​នាង និង​អាច​រកប្រាក់​ចំណូល​បាន​មួយចំណែក​។ ក្តី​ប្រាថ្នា​របស់​នាង​សូម​ឱ្យតែ​ការងារ​សិល្បៈ របស់​នាង​នឹង​រីកចម្រើន​ខ្លាំង​ជាង​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា កញ្ញា ហ្វី​ហ្វី បច្ចុប្បន្ន​មាន​អាយុ​២៩​ឆ្នាំ​។ ប៉ុន្តែ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​នៅតែ ស្រស់ និង​សិច​ស៊ី លេងខ្លួន​ឆើតឆាយ​មួយ​ទំហឹង រហូតដល់​ក្មេងៗ​ស្រករ​ក្មេង​នៅ​សុំ​ចាញ់​។ បើ​និយាយ​តារា​ដើមទ្រូង​ធំ ក្នុង​ពិភព​សិល្បៈ​វិញ ហ្វី​ហ្វី ជា​តារា​ល្បី​មួយ​ផងដែរ​ឈរ​ក្នុងចំណោម តារា​សិច​ស៊ី​ជួរមុខ​កម្ពុជា​។

​កញ្ញា ហ្វី​ហ្វី មានឈ្មោះ​ពិត​គឺ “​ប៉ិន បូ​ហ្វី​” ជា​កូនកាត់​ខ្មែរ​ថៃ​ដោយ​ម្តាយ​ជា​ខ្មែរ​ហើយ​លោកឪពុក នាង​ជា​ជនជាតិ​ថៃ កើត​នៅ រ៉ាក់យ៉ង​ប្រទេស​ថៃ ។ នាង​បាន​ប្រឡូក​ក្នុង​វិស័យ​អស់​ពេល​ប្រាំពីរ​ឆ្នាំ មក​ហើយដោយ​ផ្តើមចេញពី​តួ​សម្តែង​។​មាន​បណ្តា​អ្នកដឹកនាំ​កម្មវិធី​តន្ត្រី​មង្គលការ​ដឹងថា​នាង មាន​សមត្ថភាព​ចេះ​ច្រៀង​ក៏​អញ្ជើញ​នាង​ទៅ​ច្រៀង​រហូត​ក្លាយជា​តារាចម្រៀង​ដូច​សព្វថ្ងៃ​៕ ដោយៈ បូ​រិ​ន​