ហ្វូងមនុស្ស​រាប់ពាន់នាក់​ប្រមូលផ្តុំ​តវ៉ា​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ត្រូវបាន​កាត់ទោស​ដាក់គុក​

507

​ក្រុម​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង​ចំនួន​៣​នាក់​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​នោះ បានធ្វើ​ការតវ៉ា​នៅតាម​ផ្លូវ​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃអាទិត្យ​ទី​២០​សីហា​ដើម្បី​តវ៉ា​ប្រឆាំង​ការកាត់ទោស​របស់​ពួកគេ​ទាំងនេះ​។​

​លោក យ៉ូ​ស្វេ វ៉ង់ លោក ណា​ថា​ន ឡ និង លោក​អា​ឡិច ចូ​វ ដែលជា​ក្រុម​មេដឹកនាំ​នៃ “​ចលនា​ឆត្រ​ឆ្នាំ​២០១៤” នោះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពី​៦​ខែ​ទៅ​៨​ខែ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​មាន​តួនាទី​ជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុងការ​តវ៉ា​មួយ​ដែល​បាន​បណ្តាលឱ្យមាន​ការធ្វើ​បាតុកម្ម​ច្រើន​ខែ​ដោយ​អំពាវនាវ​ឱ្យមាន​ការធ្វើកំណែទម្រង់​តាមបែប​ប្រជាធិបតេយ្យ​។​

​ហ្វូងមនុស្ស​រាប់ពាន់នាក់ បាន​ដើរ​ដង្ហែ​តវ៉ា​ទៅកាន់​តុលាការ​ឧទ្ធរណ៍​នៅ​ទីក្រុង​ហុងកុង ដោយ​តវ៉ា​ប្រឆាំង​ចំពោះ​ការដាក់ទោស​នេះ​។​

​ក្រុមអ្នកតវ៉ា បាន​កាន់​បដា​តវ៉ា​ជាច្រើន ដោយ​រួមទាំង​បដា​ដែល​សរសេរថា “​ផ្តល់​សេចក្តីសង្ឃឹម​មកឱ្យ​កូនចៅ​របស់ខ្ញុំ​វិញ​” និង បដា​សរសេរថា “​អ្នកទោស​មនសិការ​ម្នាក់ គឺ វា​ច្រើនណាស់ ដែល​តំណាងឱ្យ​ប្រជាជន​ច្រើន​នាក់​” ខណៈដែល​ពួកគេ​បាន​ប្រមូលផ្តុំ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុងចំណោម​ការប្រមូលផ្តុំ​តវ៉ា​ច្រើន​កាលពីពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​នេះ ។​

​បុរស​ម្នាក់ ជា​វិស្វករ អាយុ​ជាង​៤០​ឆ្នាំ បាន​ពិពណ៌នា​ការគ្រប់គ្រង​អំណាច​នៃ​ទីក្រុង​នេះ​ថា​ជាការ​ចាប់ផ្តើម​អំពើ​ផ្តាច់ការ​និង​បំភិតបំភ័យ​ឱ្យមាន​ការភ័យខ្លាច នៅ​ទីក្រុង​នេះ​។​

​លោក ជែក​សុន វ៉ៃ បុរស​វ័យ​ចំណាស់​ជា​គ្រូបង្រៀន​ចូលនិវត្តន៍ អាយុ​ជាង​៧០​ឆ្នាំ​បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​បារាំង​ទាំង​ស្រក់​ទឹកភ្នែក​ថា “​យុវជន​ទាំងនេះ ជា​ក្តីសង្ឃឹម​របស់​យើង​សម្រាប់​អនាគត​។ យើង​មិនគួរ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​បែបនេះ​ទេ​”​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​និង​ក្រុម​សកម្មជន​បាន​ហៅ​ករណី​ប្រឆាំង​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​វ័យក្មេង​៣​នាក់​នេះ​ថា​ជាការ​ធ្វើទុក្ខបុកម្នេញ​ខាង​ន​យោ​យ​បាយ និង មាន​ភស្តុតាង​ជាច្រើន​ទៀត ដែលថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ពង្រឹង​អំណាច​និង​ការគាបសង្កត់​របស់ខ្លួន​នៅ​ទីក្រុង​ពា​ក់ណ្តាល​ស្វ័យភាព​នេះ​៕ ដោយ៖ សុខា

​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​៣​នាក់​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​គុន​នោះ ធ្វើការ​តវ៉ា​នៅតាម​ផ្លូវ​នៅ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​តវ៉ា​ប្រឆាំង​ការកាត់ទោស​របស់​ពួកគេ​ទាំងនេះ