ហ្វូង​កណ្តូប​ដ៏​ធំ​នៅ​អាហ្វ្រិក​ខាងកើត ឥឡូវនេះរាលដាល​ដល់​ប្រទេស​កុង​ហ្គោ​

198
ចែករម្លែក

​ទីភ្នាក់ងារ​ចំណីអាហារ​និង​កសិកម្ម​(FAO) របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាល​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ថា​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់​មួយ​ក្រុម​តូច​បាន​​ចូល​ក្នុងប្រទេស​កុង​ហ្គោ​។​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​សត្វល្អិត​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ប្រទេស​អាហ្វ្រិក​កណ្តា​ល​នេះ​ចាប់​តាំងពី​ឆ្នាំ ១៩៤៤​មក​។ ទី​ភ្នាក់​​ងារ​ចំណីអាហារ​និង​កសិកម្ម បាន​ព្រមាន​អំពី​”​ការគំរាមកំហែង​ភាពអត់ឃ្លាន​ដ៏​ធំ​”​នៅ​អាហ្វ្រិក​ខាងកើត ដោយសារ​ពួក​សត្វល្អិត​ទាំងនោះ​។​

​ប្រទេសកេន​យ៉ា សូ​ម៉ាលី និង អ៊ូ​ហ្គង់​ដា បាននិងកំពុង​ប្រយុទ្ធប្រឆាំង​នឹង​ហ្វូង​សត្វ​កណ្តូប​ដែល​បាន​កើត​ឡើង​ច្រើន​បំផុត​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​ខាង​​កើត ដែល​គេ​មិន​ដែល​ជួបប្រទះ​នៅ​រយៈពេល​៧០ ឆ្នាំ​ចុងក្រោយ​នេះ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា​ហ្វូង​សត្វ​កណ្តូប​ជាច្រើន​ត្រូវបាន​គេ​ឃើញ​នៅ​ប្រទេស​ជី​ប៊ូ​ទី អេ​រី​ត្រេ និង តង់​សានី​ហើយ កាលពី​ពេល​ថ្មី​នេះ​បាន​ទៅដល់​​ប្រទេស​ស៊ូដង់​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ប្រហែល​ពាក់កណ្តាល​បាន​ប្រឈម​នឹង​ភាពអត់ឃ្លាន​រួច​ហើយ​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​។​

​សេចក្តីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​អង្គារ​ពី អគ្គនាយក​អង្គការ​FAO លោក​គុយ ដុង​យូ លោក​ម៉ាក ឡូ​វ​កុក ប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រ​​ជា​ជាតិ និង លោក​ដា​វីត ប៊ី​សលី នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ហៅ​ហ្វូង​សត្វ​កណ្តូប​ទាំងនោះ​ថា​ជា​”​ការបង្ក​ការ​ទុក្ខលំបាក​ធំធេង​និង​​ដ៏​គួរ​ភ័យព្រួយ​ខ្លាំង​អំពី​ភាព​ងាយ​រងគ្រោះ​នៅ​តំបន់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ហ្វូង​សត្វ​កណ្តូ​ប ត្រូវបាន​គេ​ឃើញ​នៅ​ប្រទេសកេន​យ៉ា​កាលពី​ថ្ងៃទី​១​ខែ​កុម្ភៈ ឆ្នាំ​២០២០​បន្ទាប់​ពី ប្រទេស​នេះ​មិន​បាន​មើលឃើញ ហ្វូង​សត្វ​កណ្តូប​បែបនេះ​ អស់​រយៈពេល ៧៥ ឆ្នាំ​មកហើយ​