ហ្វូង​ក្ងោក​ព្រៃ​ឈ្លានពាន​ពេញ​ភូមិ ធ្វើឱ្យ​អ្នកស្រុក​ក្ដៅក្រហាយ​

307
ចែករម្លែក

គ្រាន់តែ​ឮ​ភ្លាម វា​ហាក់ដូចជា​រឿងនិទាន​អញ្ចឹង ប៉ុន្តែ​វា​ជា​រឿង​ពិត​ដែល​ភូមិ​មួយ​ត្រូវបាន​ឈ្លានពាន​ដោយ​ហ្វូង​ក្ងោក​ព្រៃ​។​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ ហ្វូង​ក្ងោក​ព្រៃ​ចូល​ឈ្លានពាន​ភូមិ​ហ្វី​នី​ង​លី (Finningley) ដ៏​ស្រស់បំព្រង ធ្វើឱ្យ​អ្នកស្រុក​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ដល់​ថ្នាក់​ពួកគេ​បាន​ប្ដឹង​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​។​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​សត្វ​ក្ងោក បាន​ក្លាយជា​បញ្ហា​ឈឺក្បាល​សម្រាប់​អ្នកស្រុក ដែល​បានចាត់ទុក​ពួកវា​ជាស​ត្វ​ចង្រៃ​ដោយសារ​ពួកវា​រាតត្បាត​គ្រប់កន្លែង​មិន​ថា​ផ្លូវថ្នល់ សួន​សាធារណៈ ទីធ្លា​ផ្ទះ និង​សូម្បី​បំផ្លាញ​ដំបូលផ្ទះ​របស់​ពួកគេ​ទៀតផង​។​

​វិបត្តិ​សត្វ​ក្ងោក​នៅ​ភូមិ​ស្ថិតក្នុង​តំបន់​សៅ យ៉​ក​សៀ (South Yorkshire)​ប្រទេស​អង់គ្លេស​ខាងលើនេះ​បាន​បណ្ដាលឱ្យ​អ្នក​បរិស្ថាន​ម្នាក់​សរសេរ​ពាក្យបណ្ដឹង​ដាក់ជូនទៅ ក្រុមប្រឹក្សា​សុំឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ ទោះជា​យ៉ាងណា សំណើ​សុំឱ្យ​សម្លាប់​ក្ងោក​ខ្លះ​ដើម្បី​សម្រាល​ស្ថានការណ៍​ត្រូវបាន​ប្រធាន​ក្រុមប្រឹក្សា​ច្រានចោល​៕ ប្រែ​សម្រួលៈ ខុម​