អ្នកចូលរួមបុណ្យសព៣នាក់បានស្លាប់និង៥នាក់ទៀតរងរបួស ក្រោយឪម៉ាល់មួយហ្វូងទិចក្រុមគ្រួសារមួយដែលកំពុងចេញពីបុណ្យសពមួយនៅចិន។
សមាជិក៨នាក់នៃគ្រួសារប៉ាងបានជួបនឹងហ្វូងឪម៉ាល់ដោយចៃដន្យនៅពេលពួកគេចាកចេញកន្លែងបុណ្យសពសាច់ញាតិរបស់គេកាលពីថ្ងៃសៅរ៍ទី១៦វិច្ឆិកា។ជនរងគ្រោះទាំង៨នាក់មានអាយុចាប់ពី៤៥ទៅ៨៧ឆ្នាំ និងត្រូវគេជឿថាកំពុងដើរនៅពេលរងការវាយប្រហារពីហ្វូងសត្វឪម៉ាល់នៅជិតសំបុករបស់វានៅភូមិ តាងឌូ។
បុរវ័យ៧០ឆ្នាំបានស្លាប់ភ្លាមក្រោយត្រូវឪម៉ាល់ទិច មុនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។នៅមន្ទីរពេទ្យបុរស២នាក់ទៀត អាយុ៦០ឆ្នាំនិង៨៧ឆ្នាំ ក៏បានស្លាប់ដោយការទិចរបស់ឪម៉ាល់។អ្នករបួស៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនិងម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គេអាចឃើញទ្រនិចឪម៉ាល់រាប់រយ នៅលើដងខ្លួន ដៃនិងមុខជនរងគ្រោះ។
ក្រោយហេតុការណ៍នេះ ផ្នែកពន្លត់អគ្គិភ័យប្រចាំមូលដ្ឋាននិង អ្នកជំនាញ់សត្វព្រៃបានចុះទៅកាត់ទម្លាក់ចោលសំបុកឪម៉ាល់។ចំណែកការស៊ើបអង្កេតមួយក៏បានធ្វើឡើង៕ដោយ៖វាសនា
ជនរងគ្រោះ២នាក់ដេកនៅនឹងដី ក្រោយត្រូវឪម៉ាល់ទិច
សំបុកឪម៉ាល់ ត្រូវបានកាត់ច្រកចូលក្នុងស្បោងយកទៅកំទេចោល ក្រោយឧបទ្ទវហេតុកាលពីថ្ងៃសៅរ៍