ហ្វេ​ស​ប៊ុ​កបិទ​គណនី​ខ្លះ​របស់​ពួក​ប្រកាន់​តឹង​មី​យ៉ាន់​ម៉ា​

3033
ចែករម្លែក

ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក(Facebook)បានបញ្ចូលពុទ្ធសាសនិកប្រកាន់តឹងនៅមីយ៉ាន់ម៉ាមួយក្រុមចូលក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយសារតែក្រុមនេះល្បីខាងប្រើពាក្យសម្តីបង្កសម្អប់ជាតិសាសន៍លើជនអ៊ីស្លាមបេងហ្កាលីខណៈក្រុមហ៊ុនបានខិតខំបង្ហាញថាខ្លួនព្យាយាមតាមដានអត្ថបទឬរូបភាពណាដែលខ្លឹមសារញុះញង់បញ្ឆេះសម្អប់ក្នុងសហគមន៍។

Facebookដើរតួនាទីធំនៅក្នុងប្រទេសមួយដែលទើបមានសេវាអនឡាញនិងមានគណនីហ្វេសប៊ុកប្រមាណ១៨លានក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៥០លាននាក់នៃប្រទេសនេះ។

ពួកអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបាននិយាយថាFacebookត្រូវបានប្រែក្លាយជាសត្វតិរច្ឆាននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយពាក្យសម្តីស្អប់ខ្ពើមនិងការញុះញង់បង្កហិង្សាប្រឆាំងពួកបេងហ្កាលីកើតមានជាទូទៅនៅលើFacebook។

ក្នុងការឆ្លើយតប Facebookនៅសប្តាហ៍នេះបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយទៅមីយ៉ាន់ម៉ា និងបានជូនដំណឹងដល់មន្រ្តីនៃប្រទេសនេះថាខ្លួនហាម ចលនាជាតិនិយមព្រះពុទ្ធសាសនាMa Ba Thaមិនអោយចូលប្រើផេករបស់ខ្លួនទេ ព្រមទាំងបុគ្គលសង្ឃមួយចំនួនដែលល្បីខាងបង្កសម្អប់ចំពោះពួកបេងហ្កាលី។

ដាវីដ ការ៉ាគ្លីយ៉ាណូ នាយកគោលនយោបាយខ្លឹមសាររបស់Facebookបាននិយាយថា” ពួកគេមិនត្រូវបានអនុញ្ញាតអោយមានវត្តមានលើFacebookទេ និងយើងក៏នឹងដកចេញគណនីនិងខ្លឹមសារណាដែលគាំទ្រ សរសើរតំណាងអោយបុគ្គលឬអង្គការទាំងនេះ “។

ឥឡូវសង្ឃជ្រុលនិយមParmaukkha និងThuseittaបានចូលរួមជាមួយសហសេវិកWirathuនៅក្នុងបញ្ជីខ្មីរបស់Facebookក្រោយពីសង្ឃអង្គនេះត្រូវបានហាមប្រើហ្វេសប៊ុកកាលពីខែមករា។

ទោះជាយ៉ាងណា ពួកសកម្មជនបានរិះគន់ក្រុមហ៊ុនបណ្តាញសង្គមនេះថាចាត់វិធានការយឺតបន្តិចលើអត្ថបទអុជអាលដោយអត្ថបទខ្លះត្រូវបានចែកបន្តគ្នាអស់ជាង៤៨ម៉ោងមុនត្រូវបានដកចេញ៕ដោយ៖វាសនា

រដ្ឋមន្រ្តីព័ត៌មានមីយ៉ាន់ម៉ា ទទួលជួបគណៈប្រតិភូ Facebookដឹកនាំដោយលោក ស៊ីម៉ុន មីលន័រ អនុប្រធានFacebookនៅក្រុងណៃពីដោរកាលពីថ្ងៃ៦មិថុនា