ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​បច្ចេកវិជ្ជា AI ដើម្បី​ការពារ​សុវត្ថិភាព​បណ្តាញ​សង្គម​របស់ខ្លួន​

886
ចែករម្លែក

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ឱបក្រសោប​យក​បច្ចេកវិជ្ជា AI និង​បង្កើន​ចំនួន​បុគ្គលិក​ដើម្បី​ទប់ស្កាត់​សម្តី​ស្អប់ខ្ពើម គណនី​ក្លែងក្លាយ និង ការផ្សាយ​ផ្ទាល់​អំពី​ការ​សម្លាប់ខ្លួន នៅលើ Facebook Live ក្នុង​បំណង​ធ្វើឱ្យ​បណ្តាញ​សង្គម​មួយ​នេះ​មាន​សុវត្ថិភាព​។

​លោក សាយ​ម៉ុ​ន ហា​រ៉ា​រី អ្នកគ្រប់គ្រង​គោលនយោបាយ​សម្រាប់​មាតិកា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​និយាយថា “​ហ្វេ​ស​ប៊ុ​កបាន​ប្រើប្រាស់​បច្ចេកវិជ្ជា​និង​ឧបករណ៍​នានា​ជាមួយ​ស្តង់ដារ​សហគមន៍​កាន់តែ​ច្បាស់លាស់​សម្រាប់​មាតិកា​របស់ខ្លួន​ដើម្បី​ផ្តល់​អំណាច​ដល់​ការកសាង​សហគមន៍​សម្រាប់​ប្រជាជន និង នាំ​ពិភពលោក​ឱ្យ​កាន់តែ​ខិតជិត​គ្នា​”​។

​លោក​ហា​រ៉ា​រី​និយាយថា ជាមួយ​កំណើន​មូលដ្ឋាន​អ្នកប្រើប្រាស់​របស់ខ្លួន​ចំនួន ២,២ ពាន់​លាន​គណនី ហ្វេ​ស​ប៊ុ​ក​ត្រូវតែ​កសាង “​សហគមន៍​ដែល​កាន់​តែមាន​សុវត្ថិភាព និង​សំឡេង​មួយ​សម្រាប់​ប្រជាជន​ដើម្បី​បង្ហាញ​ពី​ខ្លួន​ពួកគេ ជាមួយ​ភាពត្រឹមត្រូវ​ក្នុង​សហគមន៍​សកលលោក​ទូទាំង​វប្បធម៌​ផ្សេងៗ​ទាំងអស់​”​។

​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ​បានចេញ​ផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ស្តង់ដារ​សហគមន៍​រប​ស់​ខ្លួន ដោយ​រាយ​នាម​នូវ​អ្វីដែល​អាច​និង​មិនអាច​ធ្វើបាន​នៅលើ​បណ្តាញ​សង្គម​មួយ​នេះ​។

​ក្រុម​គោលនយោបាយ​មាតិកា​របស់​ហ្វេ​ស​ប៊ុ​ក​គឺមាន​សុទ្ធតែ​ក្រុម​អ្នកជំនាញ​ខាង​ភេរវកម្ម សម្តី​ស្អប់ខ្ពើម និង​សុវត្ថិភាព​របស់​កុមារ​នៅក្នុង​ការិយាល័យ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។

​គោលនយោបាយ​ទាំងនោះ​គឺ​គ្របដណ្តប់​លើ​ការគំរាមកំហែង ការ​សម្លុត ការវាយប្រហារ​លើ​ឥស្សរជន​សាធារណៈ អំពើហិង្សា រូបអាក្រាត ការ​លួច​អត្តសញ្ញាណ​របស់គេ អង្គការ​ចាត់តាំង​គ្រោះថ្នាក់ ការកេងប្រវ័ញ្ច​ផ្លូវភេទ សម្តី​ស្អប់ខ្ពើម ការ​ឆបោក និង សារ​ឥត​បានការ (Spam)៕ ដោយ៖ កញ្ញាដាលីស