ហ្វេ​ស​ប៊ុ​ក ជួយ​ឱ្យ​ស្ត្រី​ដែល​គេ​បោក​យកទៅលក់​នៅ​ចិន​ជាង​ពីរ​ទសវត្សរ៍ បាន​ជួបជុំ​គ្រួសារ​វិញ​

504
ចែករម្លែក

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកក្កដា ផ្ទះ​គ្រួសារ​អ្នកស្រី ង្វៀន ធី លៀន (Nguyen Thi Lien) ស្ថិតក្នុង​ស្រុក​ងី​ឡូ​ក (Nghi Loc) ខេត្ត​ងិ​អាន (Nghe An) មាន​សភាព​អ៊ូអរ​ខ្លាំង ខុសពី​ធម្មតា​។
​ ​
​សាច់ញាតិ និង​ញាតិមិត្ត​ជិតខាង​បានមក​ជួបជុំគ្នា​យ៉ាងច្រើន​កុះករ ព្រោះ​វា​ជា​ថ្ងៃ​ដែល មនុស្ស​ដ៏​សំខាន់​ម្នាក់​ប្រ​លប់​មក​ផ្ទះ​វិញ ក្រោយ​បាត់​ពី​ស្រុកកំណើត​ដោយ​គ្មាន​ដំណឹង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។
​ ​
​អស់​រយៈពេល ២៤ ឆ្នាំ​មកហើយ​ដែល​អ្នកស្រី លៀន មិនបាន​ជួប​មុខ​កូនស្រី ឡេ ធី ឡាន (Le Thi Lan) បន្ទាប់ពី​នាង​ត្រូវគេ​ជួញដូរ​ទៅ​ប្រទេស​ចិន​។​
​ ​
​អាកាសធាតុ​នៅ​ខាងក្រៅ​ផ្ទះ​ក្ដៅហែង ប៉ុន្តែ​មនុស្សម្នា​មិន​ព្រម​ចេញ​ទៅណា​ឡើយ គឺ​សុខចិត្ត​ឈរ​ហាល​ក្ដៅ ព្រោះ​វា​ជា​ថ្ងៃ​ដ៏​ពិសេស និង​រំជួលចិត្ត​ដ្បិត​បាន​ជួប​សាច់ញាតិ ក្រោយ​ព្រាត់ប្រាស​គ្នា​ជាង ២០ ឆ្នាំ​។​
​ ​
​អ្នកស្រី លៀន វ័យ ៦៩ ឆ្នាំ​បាន​យំ​ឱប​កូនស្រី​យ៉ាង​ណែន ហើយ​រៀប​រាប់ទាំង​ទឹកភ្នែក​ថា “​ខ្ញុំ​ស្មានថា​លែង​បានឃើញ​មុខ​នាង​រហូត​ហើយ​។ យប់មិញ​ខ្ញុំ​ដេក​មិន​លក់​សោះ ព្រោះ នៅតែ​នឹក​មមៃ​ដល់ពេល​កូនស្រី​ខ្ញុំ​ត្រលប់មក​ផ្ទះ​វិញ​។ គ្រួសារ​ខ្ញុំ​ចង់​សម្ដែង​ការដឹងគុណ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ជួយ​ផ្សាយដំណឹង​កូនស្រី​ខ្ញុំ​រហូតដល់​ពួកយើង​បាន ជួបជុំគ្នា​វិញ​។ ពួកយើង​មិន​នឹកស្មានថា ឡាន មាន​វាសនា​បាន​ត្រលប់មក​ផ្ទះ​វិញ​ទេ​។ គ្រប់គ្នា​សប្បាយចិត្ត​ណាស់ ហើយ​អបអរសាទរ​”​។​

​ខាងក្រោម​នេះ​គឺជា​ដំណើររឿង​ដ៏​ឈឺចាប់​របស់ ឡាន​៖

​ជា​កូនច្បង​ក្នុង​គ្រួសារ​ក្រីក្រ​ដែលមាន​កូន ៦ នាក់ ឡាន ស្ថិតក្នុង​វ័យ​ក្រមុំ ១៩​ឆ្នាំ​បាន សម្រេចចិត្ត​ទៅធ្វើជា​កម្មករ​ស៊ីឈ្នួល​នៅ​ស្រុក​ងៀ​ដាន (Nghia Dan) ខេត្ត​ងិ​អាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​ប៉ុន្តែ​ជា​សំណាងអាក្រក់ នាង​ត្រូវគេ​បោក​បញ្ឆោត​នាំយកទៅ​ខេត្ត​ក្បែរ​ខាង ថា​ញ់​ហ័​រ (Thanh Hoa) មុនពេល​ត្រូវគេ​បញ្ជូនទៅ​ខេត្ត​គ័ង​ស៊ី (Guangxi) ប្រទេស​ចិន ហើយ​លក់​ទៅឱ្យ​បុរស​ម្នាក់​អាយុ ៦៥ ឆ្នាំ​ក្នុងតម្លៃ​ត្រឹមតែ ៧ លាន​ដុង (៤១០ ដុល្លារ​)​។​

​បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់ ១៣ ឆ្នាំ ឡាន មានកូន ៤ នាក់​ជាមួយ​បុរស​នោះ គឺ​ស្រី ៣ នាក់​ប្រុស​ម្នាក់​។ អំឡុង​ពេលនោះ ឡាន ត្រូវ​ប្ដី​វាយដំច្រំធាក់​ជាប្រចាំ​។ នាង​ធ្លាប់បាន ព្យាយាម​រត់គេចខ្លួន​ជាច្រើន​ដង ប៉ុន្តែ​មិនបាន​សម្រេច​។ ប្ដី​បាន​ចាក់សោ​ឃុំខ្លួន​នាង​ក្នុង បន្ទប់​ងងឹត ហើយ​ថែមទាំង​បង្ខំ​ឱ្យ​នាង​លេបថ្នាំ​ទៀតផង ដែល​ធ្វើឱ្យ​នាង​បាត់​បង់ការ ចងចាំ​បន្តិច​ម្ដងៗ​។​

​បន្ទាប់មក ឡាន ត្រូវ​ប្ដី​លក់​បន្ត​ទៅឱ្យ​បុរស​ម្នាក់ទៀត​ដែល​នាង​បាន​រួមរស់​ជាមួយ​អស់ ១១ ឆ្នាំ​រហូតមកទល់​ពេលនេះ​។ បុរស​ក្រោយ​ដែលមាន​វ័យ ៤៣ ឆ្នាំ​ស្រលាញ់​នាង និង​មិន​ធ្វើបាប​នាង​ដូច​ប្ដី​មុន​ឡើយ​។

​កាលពី ២ ឆ្នាំមុន ឡាន បាន​សុំ​ប្តី​មក​ស្រុកកំណើត​នៅ​វៀតណាម​។ ប្ដី​នាង​បានអនុញ្ញាត ហើយ​ថែមទាំង​ឱ្យ​លុយ​មួយចំនួន​សម្រាប់​នាង​ធ្វើ​សោហ៊ុយ​ទៀតផង ប៉ុន្តែ​នាង​បាន ចាញ់បោក​គេ​អស់ប្រាក់​ពី​ខ្លួន ហើយក៏​មិន​បានមក​ស្រុក​។

​កាលពីដើម​ខែកក្កដា ឡាន បាន​ជួប​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​រស់នៅក្នុង ប្រទេស​ចិន​។ ឱកាស​បាន​ជួបជុំ​គ្រួសារ​បានចាប់ផ្តើម​នៅ​ចំណុច​នោះ​នៅពេល​ស្ត្រី​មក ពី​ខេត្ត​ហ័​រ​ប៊ិ​ញ (Hoa Binh) រូបនោះ​បាន​ជួយ​បង្ហោះ​វីដេអូ ឡាន តាម​ហ្វេ​ស​ប៊ុ​កដោយ សង្ឃឹមថា​នាង​អាចទាក់ទង​ទៅ​គ្រួសារ​។​

​វីដេអូ​នេះ​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត ហើយ ដាង ធី ថាវ (Dang Thi Thao) ដែលជា​ប្អូនថ្លៃ​របស់ ឡាន ក៏​បានឃើញ​វីដេអូ​នេះ​។

​ទោះបីជា ឡាន និយាយ​វៀត​ណា មិន​ស្ទាត់ជំនាញ​ក្ដី ក៏​នាង​នៅចាំ​ឈ្មោះ​ឪពុកម្តាយ និង​ស្រុកកំណើត​នាង ហើយ​ប្រាប់ថា នាង​មានបំណង​ចង់​ត្រលប់​មកជួបជុំ​គ្រួសារ នាង​វិញ​ណាស់​។​

​នាង ដាង ធី ថាវ ដែលជា​ប្អូនថ្លៃ​និយាយថា “​ដំបូង​ខ្ញុំ​ចំណាំ​គាត់​មិន​បានទេ​ប៉ុន្តែ​ពេល​ខ្ញុំ​ឮ គាត់​និយាយ​ពី​អាសយដ្ឋាន​ផ្ទះ ឈ្មោះ​ឪពុកម្តាយ បងប្អូន​ប្រុស​ស្រី ទើប​ខ្ញុំ​ដឹងថា គាត់​ជា​បងថ្លៃ​ខ្ញុំ​”​។​

​នៅពេល​មានការ​បញ្ជាក់ថា ស្ត្រី​នៅក្នុង​វីដេអូ​នោះ​ជា ឡាន គ្រួសារ​របស់​នាង​បាន ព្យាយាម​ទាក់ទង​ទៅ​នាង និង​ជួយ​ឱ្យ​នាង​ចងចាំ​ឡើងវិញ​។ គ្រួសារ​នេះ​បាន​រាយ ការណ៍​រឿងនេះ​ប្រាប់​ប៉ូលិស​ដោយ​សង្ឃឹមថា អាជ្ញាធរ​នឹង​ជួយ​នាំ ឡាន​មក​ប្រទេស វៀតណាម វិញ​ឆាប់ៗ​។

​អ្នកស្រី លៀន ម្តាយ​របស់ ឡាន បាន​រៀបរាប់ថា បន្ទាប់ពី ឡាន បាត់​ខ្លួន គ្រួ​សារបាន ព្យាយាម​តាមរក និង​សួរដំណឹង​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិនបាន​ដំណឹង​អ្វី​សោះ​។ ក្រោយ ឡាន បាត់​ដំណឹង​ឈឹង​រយៈពេល ៤ ឆ្នាំ ឪពុក​របស់​នាង​ក៏បាន​ចែក​ឋាន​មួយផ្នែក ដោយសារ​ជំងឺ​ខូចចិត្ត​ដែល​បាត់បង់​កូនស្រី​។​គាត់​បាន​លាចាក​លោក​ទាំង​គ្មាន​ថ្ងៃ​ដឹងថា កូនស្រី​របស់គាត់​នឹង​ត្រឡប់មកផ្ទះ​វិញ​ពេលណា​។

​លោក ង្វៀន ថា​ញ់​ហាយ (Nguyen Thanh Hai) នាយ​រក​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ងិ​អាន និយាយថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​គ្រួសារ​នាង និង​តាមរយៈ​ការងារ ជំនាញ ទីបំផុត​ប៉ូលិស​ក៏​អាចទាក់ទង ឡាន​។

​ប៉ូលិស​ជាន់ខ្ពស់​រូបនេះ​និយាយថា ទាក់ទង​ទៅ​នាង​មិន​ងាយស្រួល​ឡើយ ព្រោះ​នាង ត្រូវគេ​លក់​បន្ត​ពីមួយ​ទៅមួយ​។ គាត់​បាន​បន្តថា “​ការជួញដូរ​ផ្លូវភេទ​នៅ​កូរ៉េខាងត្បូង ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​។ យើង​បាន​ជំរុញ​លើកទឹកចិត្ត​និង​បង្កើត​ក្រុម​ទំនាក់ទំនង មួយ​រវាង​គ្រួសារ​នេះ​។ បន្តិច​ម្តងៗ ឡាន ក៏​ជឿទុកចិត្ត​លើ​ទីភ្នាក់ងារ​វៀតណាម និង​ជ្ញា​ធរ​ចិន​។ នោះ​ជា​ពេលដែល​យើង​មានឱកាស​អាច​នាំ​នាង​ត្រលប់មក​ផ្ទះ​វិញ​”​។​

​ទាក់​ទិ​ក​ករណី​របស់ ឡាន ប៉ូលិស​ខេត្ត​នឹង​ប្រមូល​ភ័ស្តុតាង ហើយ​បញ្ជាក់​សក្ខីកម្ម របស់​នាង​ដើម្បី​បន្ត​ការស៊ើបអង្កេត​។

​ស្ថិតិ​របស់​ប៉ូលិស​ព្រហ្មទណ្ឌ​បានបង្ហាញ​ថា ក្នុង​មួយឆ្នាំៗ​មាន​ករណី​ជួញដូរ​មនុស្ស​ពី ១២ ទៅ ១៤ ករណី​កើតឡើង​ក្នុង​ខេត្ត​នេះ​។ ជនរងគ្រោះ​ប្រមាណ ៩០% ត្រូវបាន​គេ ជួញដូរ​ទៅ​ប្រទេស​ចិន និង​បង្ខំ​ឱ្យធ្វើជា​ពេស្យា ឬ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស ជនជាតិ​ចិន​។

​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​រកឃើញ​ករណី​ជួញដូរ មនុស្ស​ចំនួន ៣៤ ករណី ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន ៥៧ នាក់​៕ ប្រែ​សម្រួលៈ​ខុម​