ហ្វ្រែ​ង ឡាំ​ផាត ចង់បាន​ខ្សែការពារ​វ័យក្មេង ជេ ដា​ស៊ី​ល​វ៉ា របស់​ក្លឹប​ឆេ​ល​ស៊ី

1009
ចែករម្លែក

​ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ចង់បាន​ខ្សែការពារ​ឆ្នើម ជេ ដា​ស៊ី​ល​វ៉ា (Jay Dasilva) របស់​ក្លឹប​ឆេ​ល​ស៊ី​ជា​ផ្នែក​នៃ​ការរៀបចំ​ក្រុម Derby County ឡើងវិញ​។

​ខ្សែការពារ​ស្លាប​វ័យ​២០​ឆ្នាំ​រូបនេះ​ស្ថិតក្នុង​ចំណោម​វីរបុរស អំឡុងពេល​ប្រកួត​យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ជួយ​ក្រុម​ជម្រើស​យុវជន​ក្រោម​២១​ឆ្នាំ​របស់​អង់គ្លេស​លើក​ពាន Toulon Tournament ជា​លើក​ទី​៣​ជាប់​គ្នា​។

​ឡាំ​ផាត និង​ជំនួយការ ចូ​ឌី ម័​រ​រី​ស (Jody Morris) តាមឃ្លាំមើល​សកម្មភាព​របស់ ដា​ស៊ី​ល​វ៉ា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អំឡុងពេល​ក្រុម​ជម្រើស​យុវជន​អង់គ្លេស​យកឈ្នះ​ក្រុម​ស្កុ​តឡែ​ន​។

​ក្លឹប Charlton ចង់បាន​កីឡាករ ដា​ស៊ី​ល​វ៉ា ត្រឡប់​ទៅវិញ បន្ទាប់ពី​កីឡាករ​រូបនេះ​លើក​ពាន​កីឡាករ ឆ្នើម​ប្រចាំឆ្នាំ​កាលពី​ដំណាច់​នៃ​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ប៉ុន្តែ​មាន​ក្លឹប​ពីរ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​និង​ក្លឹប​មួយចំនួន​នៅ​ក្របខណ្ឌ Championship ចង់​ឲ្យ​កីឡាករ​រូបនេះ​បន្ត ការអភិវឌ្ឍ​ខ្លួន​មួយកម្រិត​ទៀត​។

​ឡាំ​ផាត សង្ឃឹមថា នឹង​ទទួលបាន ដា​ស៊ី​ល​វ៉ា ដែល​បាន​លើក​ពាន​យុវជន​ឆ្នើម​បី​លើក​និង​ពាន UEFA Champions Leagues ពីរលើក​មកហើយ​នោះ​។

​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី ចាប់អារម្មណ៍​នឹង​ភាព​រីកចម្រើន​របស់​កីឡាករ​វ័យក្មេង​រូបនេះ និង​បានផ្តល់ កិច្ចសន្យា​បួន​ឆ្នាំ​កាលពី​ខែកក្កដា​ឆ្នាំមុន​។ ដា​ស៊ី​ល​វ៉ា ត្រូវបាន​ផ្ទេរចេញ​ទៅលេង​ក្នុង​កិច្ចសន្យាខ្ចី ជើង​នៅ​ក្លឹប Charlton​។

​នៅពេលនេះ ដា​ស៊ី​លវា ក្លាយជា​កីឡាករ​វ័យក្មេង​ម្នាក់​ក្នុងចំណោម​កីឡាករ​វ័យក្មេង​ប្រកបដោយ ទេពកោសល្យ​នៅ​ប្រទេស​អង់គ្លេស និង​ជា​ផ្នែក​សំខាន់​នៃ​ជម្រើស​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​របស់ អង់គ្លេស​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែការពារ​វ័យក្មេង ជេ ដា​ស៊ី​ល​វ៉ា (Jay Dasilva)