ហ្ស៊ី​ដាន់​ប្រកាស​លាលែង​ពី​តំណែង​គ្រូបង្វឹក Real Madrid យ៉ាង​ភ្ញាក់ផ្អើល​

961
ចែករម្លែក

​គ្រូបង្វឹក​ក្រុម Real Madrid លោក ហ្ស៊ី​នី​ឌី​ន ហ្ស៊ី​ដាន់ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ឧសភា ដោយ​ប្រកាស​ចាកចេញ​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឈ្នះ​ជើងឯក​ក្របខណ្ឌ Champions League បី​លើក​ជាប់ៗ​គ្នា​។​

​អតីត​កីឡាករ​បារាំង​វ័យ ៤៥​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​លាឈប់​ពី​តំណែង​ដោយនិយាយ​ថា​វា​ជា​ពេលវេលា​សម្រាប់​ការផ្លាស់ប្តូរ​ខ្លួន​លោក​ផ្ទាល់​និង​ក្លិប ហើយ​គាត់​ទទួលស្គាល់ថា គាត់​មិនមាន​សមត្ថភាព​ក្នុង​ការរក្សា​កំណត់ត្រា​ឈ្នះ​របស់គាត់​នៅ Real ទេ​។​

​ប៉ុន្តែ​លោក​បាន​និយាយថា គ្មាន​ក្លិប​ណាមួយ​ពាក់ព័ន្ធ​នៅក្នុង​ការសម្រេចចិត្តរ​បស់​គាត់​ដើម្បី​ចែកផ្លូវ​ពី Real នោះទេ ហើយ​ទោះបី​អ្នកជំនាញ​បាន​ភ្ជាប់​គាត់​ទៅនឹង​ការងារ​គ្រូបង្វឹក​ជម្រើសជាតិ​បារាំង​ក៏ដោយ ក៏​ហ្ស៊ី​ដាន់​បាន​ទទូចថា គាត់​មិនបាន​សម្លឹងមើល​តំណែង​ផ្សេងទៀត​នោះទេ​នៅ​ខណៈពេល​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​យ៉ាង​ប្រញាប់ប្រញាល់​មួយ​ថា “​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​បន្ត​ធ្វើជា​គ្រូបង្វឹក​របស់​ក្លិប Real Madrid នៅ​ឆ្នាំក្រោយ​ទេ​”​។​

​លោក​និយាយថា “​ក្លិប​នេះ​សម​នឹង​បន្ត​ទទួលបាន​ជ័យជម្នះ​ហើយ​ត្រូវការ​ការផ្លាស់ប្តូរ​” ដោយ​បន្ថែមថា​លោក​ជឿជាក់ថា “​ពេលវេលា​នោះបាន​មកដល់​ហើយ​”​។​

​លោក​បាន​បន្ថែមទៀតថា “​បន្ទាប់ពី​រយៈពេល​បី​ឆ្នាំ ក្លិប​ត្រូវការ​សំឡេង​ថ្មី​មួយទៀត និង វិធីសាស្ត្រ​ផ្សេងទៀត​ដើម្បី​ធ្វើការ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្ស៊ី​ដាន់​លាលែង​ពី​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍