ហ្ស៊​កដា​នី​ពន្លិច​រថក្រោះ រថយន្ត​ដឹក​កងទ័ព និង​ឧទ្ធម្ភាគចក្រ​ទៅ​បាតសមុទ្រ​ដើម្បី​បង្កើត​សារមន្ទីរ​យោធា​ក្រោម​ទឹក​

2593
ចែករម្លែក

​រថក្រោះ រថយន្ត​ដឹក​កងទ័ព និង ឧទ្ធម្ភាគចក្រ​ត្រូវបាន​ពន្លិច​ទៅ​បាតសមុទ្រ​នៅ​ប្រទេស​ហ្ស៊​កដា​នី ដែលជា​ផ្នែក​មួយ​នៃ​ការបើក​សម្ភោ​ធ​ជា​លើកដំបូង​នៃ​សារមន្ទីរ​យោធា​ក្រោម​ទឹក​នៅក្បែរ​ឆ្នេរសមុទ្រ​ក្រហម​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩​កក្កដា​។

​ព្រះរាជាណាចក្រ​មួយ​នេះ​សង្ឃឹមថា គ្រឿង​យោ​ធូប​ករ​ណ៍​ឈប់​ប្រើប្រាស់​ទាំង ១៩ គ្រឿង ដែល​ពន្លិច​នៅ​បាតសមុទ្រ​ជម្រៅ ២៨ ម៉ែត្រ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​តំបន់​រមណីយដ្ឋាន​អាកា​បា (Aqaba) ដែល​កំពុងមាន​ប្រជាប្រិយភាព​រួចជាស្រេច​នេះ​។

​អាជ្ញាធរ​តំបន់​សេដ្ឋកិច្ច​ពិសេស​អាកា​បា (Aseza) និយាយថា ទីតាំង​មុជទឹក​សមុទ្រ​មើល​សារមន្ទីរ​យោធា​ក្រោម​ទឹក​នេះ​រួមមាន រថក្រោះ​ជាច្រើន​គ្រឿង រថយន្ត​សង្គ្រោះបន្ទាន់ ដង​ស្ទូច​យោធា នាវា​ដឹក​យោធា កាំភ្លើង​ធំ​ប្រឆាំង​យន្តហោះ កាំភ្លើង​គ្រប់​ប្រភេទ និង ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​។

​អាជ្ញាធរ Aseza និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រឿង​យោ​ធូប​ករ​ណ៍​ដែល​បាន​ពន្លិច​នេះ​ត្រូវ​បានដាក់​នៅក្បែរៗ​ផ្កា​សមុទ្រ ដោយ​យកតាម​ក្បួន​យុទ្ធវិធី​ធ្វើសឹក​សង្គ្រាម​។

​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹង​ទៀតថា សារមន្ទីរ​នេះ​មាន​គោលបំណង​ផ្តល់ជូន​នូវ​បទពិសោធន៍ “​ប្រភេទ​ថ្មី​” ដែល​រួមបញ្ចូល “​កីឡា បរិស្ថាន និង​ការតាំងពិព័រណ៍​” សម្រាប់​ក្រុម​អ្នក​មុជទឹក អ្នក​ពាក់​បំពង់​អុកស៊ីសែន​បាតសមុទ្រ និង ភ្ញៀវទេសចរ​នៅលើ​ទូក​ដែលមាន​បាត​ក្រាល​កញ្ចក់​ថ្លា​៕ ដោយ៖ កញ្ញាដាលីស