ឡានធំ​បុក​រះ​រថយន្ត​៣​គ្រឿង​, បុក​កិន​ម៉ូតូ​៤​គ្រឿង នៅត្រង់​ភ្លើងស្តុប​កណ្តាល​ក្រុង​សិរីសោភ័ណ​: របួស​៣ ស្លាប់​១

970
ចែករម្លែក
  • 1.2K
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឡានធំ​បុក​រះ​រថយន្ត​៣​គ្រឿង​, បុក​កិន​ម៉ូតូ​៤​គ្រឿង​នៅត្រង់​ភ្លើងស្តុប​កណ្តាល​ក្រុង​សិរីសោភ័ណ នា​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥៦ ភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បង្ក​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់​ស្រាល ៣​នាក់​, ស្លាប់​១​។​

​ឧ​ប​ទ្ទ​ហេតុ​កើតឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ចំពេល​ភ្លើងស្តុប​កំពុងដំណើរការ ហើយ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ឈរជើង​នៅ​៤​ចំណុច​នៃ​គោលដៅ​នោះ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្ត​។​

​អ្នកឃើញ​ហេតុការណ៍​ឲ្យ​រស្មី​កម្ពុជា​ថ្ងៃទី​១៥​ខែវិច្ឆិកា រថយន្ត​ធុន​ធំ​បុក​រះ​រថយន្ត​៣​គ្រឿង ម៉ូតូ​៤​គ្រឿង បណ្តាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់​។​

​លោក​វរសេនីយ៍ សួន នី​ប៉ូ នាយរង​និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ធុន​ធំ​ម៉ាក់​ហ៊ី​យិន​ដាយ​កង់​១២ ពាក់​ស្លាក់​លេខ ភ្នំពេញ 3A 2364 បាន​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ​ជាតិ​លេខ​៦ ហើយ​សម្រុក​ល្បឿន​លឿន​បត់​ទៅ​ជើង តាមផ្លូវ​ជាតិ​លេខ​៥៦ ខណៈ​ភ្លើងស្តុប​ពណ៌​ខៀវ​ជិត​ផុត ហើយ​បុក​រះ​ឡាន​៣​គ្រឿង​។

​អ្នកឃើញ​ហេតុការណ៍​និយាយថា អ្នកបើកបរ​ទំនងជា​ខំ​គេច​ពី​រថយន្ត​ទាំង​៣​គ្រឿង ម៉ាក​យ៉ូ​តា​កាម​ឆ​រី​ឆ្លាម​, ម៉ាក​នីសា​ន់​ណា​វ៉ារ​និង​ម៉ាក​ហ៊ីយ៉ាន់ដាយ​កង់​៦ ក៏​ជ្រុល​ទៅបុក​និង​កិន​ពីលើ​ម៉ូតូ​៣​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង បង្ក​ខូច​ខ្ទេចខ្ទី​។ ឯ​រថយន្ត​២​គ្រឿង​១​គ្រឿង​ធុន​កាំ​ម៉ា​រី​ឆ្លាម​ខូច​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ និង​រថយន្ត​ធុន​នី​សាន់​ធ្លាយ​ទ្វារក្រោយ​ខាងឆ្វេង​។ ឯ​រថយន្ត​១​ទៀត​ខូចខាត​ស្រាល បាន​ចេញទៅ​មិន​ចាំ​ទារ​សំណង​។​

​សមត្ថកិច្ច​ស្រង់​ប្រភព​សាក្សី​ដូចដែល​និយាយថា រថយន្ត​ធំ​បុក​រះ​នោះ បណ្តាល​របួសធ្ងន់​៣​នាក់​និង​ស្រាល​២​នាក់​។ ប៉ុន្តែ​ពេល​សង្គ្រោះបន្ទាន់ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម្នាក់​ឈ្មោះ ឡាយ គឹម​កៅ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរីសោភ័ណ​។

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​បញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ អ្នកស្រុក​បាន​ចាប់ខ្លួន​អ្នកបើក​បរបាន ហើយ​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចាត់ការ​។ ឯ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​រថយន្ត​ដែល​ស្រឡាំងកាំង​បាន​ស្លន់ ឬ​ខំ​សំងំ​ក្នុង​កាប៊ីន​រថយន្ត រហូត​ស្ងប់ស្ងាត់​បន្តិច​ទើប​ចុះ​។​

​ចំណែក​បុរស​អ្នក​រ៉ឺម៉ក​ម៉ូតូ​សណ្តោង​រឺ​ម៉ក់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា លោក​ភ័យ​តែ​មិន​នឹកស្មានថា លោក​បាន​ហក់​ចេញពី​ម៉ូតូ​ទាន់ពេល វា​ត្រូវ​ដួល ហើយ​កង់​រថយន្ត​កិន​ខ្ទេច​នោះ​សោះ​៕