ឡាន​ដឹក​កម្មករ​បេះ​ផ្លែ​មៀន​ប៉ៃលិន​រេ​ធ្លាក់​ប្រឡាយ​ក្រឡាប់​ខ្លួនឯង​របួស​កម្មករ​ជាង​៤០​នាក់​

1182
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ / ប៉ៃលិនៈ​ មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ជាង​៤០​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ឡាន​ដឹក​កម្មករ​បេះ​ផ្លែ​មៀន​ប៉ៃលិន​មួយគ្រឿង បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ខ្លួនឯង ហើយ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ស្ថិតក្នុង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​តាម​ប្រភពព័ត៌មាន​ពី​កម្មករ​ដែល​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ជិះ​រថយន្ត​មួយគ្រឿង ដឹក​កម្មករ​ជាង​៤០​នាក់ ចេញពី​ច្រក​ឡែ​ម​ស្រុក​កំរៀង ខេត្តបាត់ដំបង មក​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដើម្បី​ទៅ​បេះ​ផ្លែ​មៀន​ឲ្យ​គេ​នៅ​ភូមិ​ភ្ញាវ​ឃុំ​ត្រែង​។ មិនទាន់​ដល់ទី​កន្លែង​បេះ​ផ្លែ​មៀន​ផង ស្រាប់តែ​រថយន្ត​ដែល​ពួកគាត់​ជិះ បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ប្រប​ថ្នល់ជាតិ​ក្រឡាប់​ខ្លួនឯង បណ្ដាល​ឲ្យ​កម្មករ​ជិះ​ក្នុង​ឡាន​រងរបួស​ធ្ងន់​ស្រាល​ទាំង​អ្នកបើកបរ​តែម្ដង​។ ពួកគាត់​ជា​កម្មករ​ចំណាកស្រុក ដែល​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​ហើយ​មាន​ស្រុកកំណើត​មកពី​បណ្តា​ខេត្ត​ផ្សេងៗ មាន​ខេត្តពោធិសាត់ កំពុងធំ បាត់ដំបង បន្ទាយមានជ័យ តាកែវ ជាដើម​។​ល​។ ក្រោយពេល​កើតហេតុ​ការណ៍​នេះ ពួកគាត់ ត្រូវបាន​គេ​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ​។

​លោក តែម សារ​ដ្ឋ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា មកទល់​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នៅ​មិនទាន់​កំណត់​ចំនួន​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ បាន​នៅឡើយ​ទេ ដោយ​ក្រុម​គ្រូ​កំពុង​ម​ម៉ា​ញឹក​ក្នុង​សង្គ្រោះ​អ្នកជំងឺ​នៅឡើយ​។ អ្នកខ្លះ​កំពុងតែ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារតែ​ស្ថានភាព​ជំងឺ​របស់​ពួកគាត់​មាន​សភាព​ធ្ងន់ធ្ងរ​៕L