ឡាន​ពិសេស​សម្រាប់​ដឹក​លោកពូ​ទីន ដែល​គ្រោង​ផលិត​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ ត្រូវបាន​ទិញ​អស់រលីង ទាំង​មិនទាន់បាន​ផលិត​ចេញ​ជា​រូបរាង​

1057
ចែករម្លែក
  • 575
    Shares

​រថយន្ត Aurus ដែល​រចនា​ឡើង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​គម្រោង “​រថយន្ត​ហែ​ក្បួន​” សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ឥឡូវនេះ​ត្រូវបាន​លក់​អស់រលីង​សម្រាប់​ម៉ូ​ដែល​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។​

​លោក​វ៉ា​ឌី​ម ស្វេត​សូវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sollers ដែល​ផលិត​ឡាន​ម៉ាក Aurus បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​៣១​តុលា​ថា រថយន្ត Aurus ដែល​នឹង​ផលិត​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត គឺ​ត្រូវបាន​គេ​បញ្ជា​ទិញ​អស់រលីង​ហើយ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន RIA​។​

​លោក​ស្វេត​សូវ​និយាយថា “​ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា ទាំង​រថយន្ត Aurus សម្រាប់​ឆ្នាំ ២០១៩ និង​សម្រាប់​ឆ្នាំ ២០២០ គឺ​មិន​អាចធ្វើ​ការបញ្ជាទិញ​បានឡើយ ពីព្រោះ​អតិថិជន​បាន​បញ្ជា​ទិញ​ទុក​មុន​២​ឆ្នាំ​អស់រលីង​ហើយ​។ នេះ​គឺជា​សញ្ញា​មួយ​បង្ហាញថា​ការចាប់អារម្មណ៍​សម្រាប់​រថយន្ត​ប្រណីត​ទំនើបៗ​នៅក្នុង​ប្រទេស​រុស្ស៊ី កំពុង​កើនឡើង​ខ្ពស់​”​។​

​រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​រុស្ស៊ី​លោក ដេ​នី​ស ម៉ាន់​ទូ​រ៉ូ​វ បាន​និយាយ​កាលពីដើម​ឆ្នាំនេះ​ថា រថយន្ត​ប្រភេទ​នេះ​តែ ១២០ គ្រឿង​ប៉ុណ្ណោះ​គ្រោង​នឹង​ផលិត​នៅ​ឆ្នាំ ២០១៩ ដោយ​ពាក់កណ្តាល​នៃ​រថយន្ត​ទាំងនេះ​នឹងត្រូវ​ទិញ​ដោយ​សេវា​សន្តិសុខ​សហព័ន្ធ ដែលមាន​ភារកិច្ច​ការ​ពារ​សុវត្ថិភាព​ជូន​លោកពូ​ទីន​។ រថយន្ត​សេសសល់​ត្រូវបាន​រំពឹងថា​នឹងត្រូវ​ទិញ​ដោយ​មន្ត្រី​រដ្ឋាភិបាល​ឬ​បុគ្គល​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Aurus ម៉ូ​ដែល ២០១៩ និង ២០២០ ត្រូវបាន​បញ្ជា​ទិញ​ជាមុន​អស់​ទៅហើយ ទាំង​មិនទាន់បាន​ផលិត​នៅឡើយ