ឡាន​៥៧០ ដែល​នាង​ហ្គិ​ច​យកទៅ​ប្រព្រឹត្ត​បទល្មើស ដុត​រោងចក្រ ត្រូវ​ចៅក្រម អ៊ី សុវណ្ណ ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​

1197
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្ដាល​: ឡាន​៥៧០​ផ្លាក​លេខខ​.​ម ដែល​នាង កែវ រតនៈ ហៅ​ហ្គិ​ច ជិះ​ទៅ​ប្រព្រឹត្ត​បទល្មើស​ដុត​រោងចក្រ ត្រូវបាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ ក្រោយ​ឃាត់ទុក​បាន​មួយរយៈ​ខ្លី​។

​មន្ត្រី​តុលាការ ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែមេសា ថា ឡាន​នេះ​ត្រូវបាន​ប្រគល់ជូន​ប្តី​នាង​ហ្គិ​ច​ដែលជា​ម្ចាស់​កម្មសិទ្ធិ ក្រោយ​បំពេញបែបបទ​តាមច្បាប់​រួចរាល់ ។

​ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន​និង​ធ្លាប់​ជាប់ពន្ធនាគារ​ផង​នោះ ឥឡូវនេះ ត្រូវបាន​តុលាការ​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ នេះ សម្រេច​ចោទប្រកាន់​ចំនួន​បី​បទល្មើស រួច​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។

​នាង កែវ រតនៈ ហៅ ហ្គិ​ច ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​”​ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​និង​ក្តា​កុង​ផ្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​តាម​មាត្រា​៦៣០ មាត្រា​២៣៣ មាត្រា​៤១៣​នៃ​ក្រមព្រហ្មទណ្ឌ ។

​គួរ​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បានកើត​ឡើង ទើប​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ជួយ​ពន្លត់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យរ​បស់ទ័ព​ឆត្រយោង​៩១១ អស់ពី​រគ្រឿង ប្រើប្រាស់​ឡានទឹក អស់​៦​គ្រឿង ទើប​រលត់​ជា​ស្ថាពរ​។

​តាម​សាក្សី​បំភ្លឺ​ឈ្មោះ​ឃឿន ធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ គឺ​បានឃើញ​រថយន្ត​មួយគ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​ចូលទៅ​ដុត​ឈើ ហើយ​បាន​គំរាម​មិន​ឱ្យចូល​ពន្លត់ភ្លើង​កំពុង​ឆេះ​នោះទេ ដោយ​ប្រពន្ធ​ម្ចាស់​រោងចក្រ ឈ្មោះ កែវ រតនៈ ហៅ​ហ្គិ​ច បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ខម​-៦៧៦២ ជា​អ្នក​ដុត ។

​បន្ទាប់ពី​បង្កហេតុ​រួច នាង​ហ្គិ​ច បើកឡាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​មកវិញ។

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការអុកឡុក​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។ កាលពី​ដប់​ឆ្នាំមុន ស្ត្រី​រូបនេះ​ធ្លាប់បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​រូបនេះ​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​ពីររូប ត្រូវបាន​តុលាការ​សម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ៕ ល​