ឡាវ​នឹង​បើក​ការហោះហើរ​ត្រង់​មក​កម្ពុជា​ឡើងវិញ​នៅ​ខែតុលា​

730
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ / ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែរ​ឡាញ​(Loas Airline) របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ នឹង​បើក​ការហោះហើរ​មកកាន់​កម្ពុ​ជា​ឡើងវិញ នា​អំឡុង​ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ​ក្រោយពី​ផ្អាក​ការហោះហើរ​អស់​មួយរយៈ​កន្លងមក​។​គោលដៅ​សំខាន់​នៅ​ចំពោះ​សម្រាប់​ការហោះហើរ​នេះ រួមមាន រាជធានី​ភ្នំពេញ សៀមរាប​-​អង្គរ ព្រះសីហនុ និង​ខេត្ត​ផ្សេងទៀត​នៅ​តំបន់ឆ្នេរ​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​បញ្ជាក់​ឲ្យ​ដឹង​។​

ជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា លោក អាម​ផៃ គីន​ដាវ​ង្ស នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាល​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩(​រូបថត​ក្រសួង​)

​ប្រភព​ដដែល​និយាយថា​ដំណឹង​ដ៏​ល្អ​នេះ​ត្រូវបាន​បង្ហាញឡើង​នាឱកាស​ជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា ឯកឧត្តម អាម​ផៃ គីន​ដាវ​ង្ស (Amphay Kindavong) នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាល​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។​

​ប្រភព​ដដែល​បាន​ស្រង់​ប្រសាសន៍​លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​សវនាការ​នេះ​លោក​អាម​ផៃ គីន​ដាវ​ង្ស បាន​ជម្រាប​លោក​រដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា នា​អំឡុង​ខែតុលា​ខាងមុខនេះ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែរ​ឡាញ នឹង​ចាប់ផ្ដើម​បើក​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ឡើងវិញ​។​ក្នុងនោះ​ឡាវ​នឹង​បើក​ការហោះហើរ​ត្រង់​ដំបូង​ពី​រដ្ឋធានី​វៀងចន្ទន៍​មក​រាជធានី​ភ្នំពេញ ហើយនឹង​បើក​ការហោះហើរ​មកកាន់​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ទៀត​។​ពិសេស​ជាង​នេះ​លោក​ឯកអគ្គរដ្ឋទូត​ឡាវ​បាន​បង្ហើប​ថា ពេលដែល​អាកាសយានដ្ឋាន​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ ខេត្តកោះកុង ត្រូវបាន​សាងសង់​រួចរាល់​នៅក្រោយ​ឆ្នាំ​២០២០ ឡាវ​នឹង​បន្ត​បើក​ការហោះហើរ​ត្រង់​ទៅកាន់​កន្លែង​នេះ​បន្ថែមទៀត ដើម្បី​នាំ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តារា​សាគរ និង​តំបន់​នានា​នៅ​ខេត្តកោះកុង​។​ត្រង់ចំណុច​នេះ​បង្ហាញថា ភ្ញៀវទេសចរ​ឡាវ និង​ភ្ញៀវទេសចរ​ប្រទេស​ទី​៣ (​ប្រហែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន​) ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ និង​តំបន់​ទេសចរណ៍​តាម​មាត់សមុទ្រ​របស់​ក​ម្ពុ​ជា​។​

​ប្រភព​ដដែល​បន្តថា​ចំណែក​លោក​រដ្ឋមន្ត្រី ថោង ខុន វិញ​បាន​ឯកភាព​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ឡាវ​ថា តាមរយៈ​ការភ្ជាប់​ជើងហោះហើរ​ឡើងវិញ​នេះ កម្ពុជា​-​ឡាវ នឹង​ខិតខំ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរ ជូន​ដល់​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​សម្បូរបែប​ថែមទៀត ។​ពិសេស​គោលដៅ​ទេសចរណ៍​នៅ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​។​លោក​រដ្ឋមន្ត្រី​បន្តថា​មួយវិញទៀត កម្ពុជា​-​ឡាវ ក៏​ចង់ឱ្យ​ខ្សែ​ទស្សនកិច្ច «​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​» កាន់តែ​ត្រូវបាន​ជំរុញឱ្យមាន​សកម្មភាព​ច្រើនឡើង​ថែមទៀត ដោយ​ប្រទេស​ទាំងពីរ​ក៏មាន​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក «​សៀមរាប​-​អង្គរ តំបន់​ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និង​ប្រាសាទ​វត្ត​ភូ​របស់​ឡាវ​» ផងដែរ ដែល​តំបន់​ប្រាសាទ​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ឡាវ​ជាង ៤២​ម៉ឺន​នាក់​។ ដោយឡែក ក្នុង​រយៈពេល​បួន​ខែ ឆ្នាំនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​ឡាវ​ជាង ១២​ម៉ឺន​នាក់ ។​ឡាវ​ឈរលើ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ ១០​ប្រទេស ដែល​មក​ទស្សនា​កម្ពុជា (Top 10)​។​
​ប្រទេស​ឡាវ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរ​ទៅដោយ​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​បេតិកភណ្ឌ ប៉ុន្តែ​ប្រទេស​ឡាវ​មិនមាន​សមុទ្រ​ទេ​៕ ល​