ឡាវ​សុំវៀតណាម​អោយជួយរក​ជន​​បាត់​ខ្លួន​ដោយ​ទឹកជំនន់​

494
ចែករម្លែក

​ក្រុម​អាជ្ញាធរ​នៅ​ស្រុក​វៀង​សៃ នៃ​ប្រទេស​ឡាវ​បាន​ស្វែងរក​ជំនួយ​ពី​វៀតណាម​ដើម្បី​ស្វែងរក​មនុស្ស​៧ នាក់​ដែល​បាត់​ខ្លួន​បន្ទាប់ពី​ខ្យល់ព្យុះ​Wipha​វាយប្រហារ​។​

​ក្រុម​អាជ្ញាធរ​នៅ​ស្រុក​វៀង​សៃ នៅ​ខេត្ត​ហោ​អា​ហ្វាន​ប្រទេស​ឡាវ​បាន​និយាយ​ថា​មនុស្ស​៧​នាក់​ត្រូវបាន​ទឹក​ហូរ​នាំយក​ទៅ​នៅ​ស្ទឹង​Xia​ដោយ​ទឹកជំនន់​ដែល​ជន់​ឡើង​ភ្លាមៗ​ដែល​​បាន​បង្កឡើង​ដោយ​ខ្យល់ព្យុះ​Wipha​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។​

​ក្រុម​អាជ្ញាធរ​នៅ​ស្រុក​វៀង​សៃ បាន​ធ្វើ​ការស្វែងរក​តា​ម​បណ្តោយ​ស្ទឹង​នេះ​រហូតដល់ ព្រំដែន​ឡាវ​-​វៀតណាម ប៉ុន្តែ​រក​មិន​ឃើញ​ជនរងគ្រោះ​ទាំងនោះ​ទេ​។​

​ដោយសា​ទឹកស្ទឹង​ហូរ​កាត់​ព្រំដែន​ចូល​ស្រុក កួ​ន សឺ​ន នៅ​ខេត្ត ថាញ់​ហ័រ ប្រទេស​វៀតណាម​នោះ ក្រុម​អាជ្ញាធរ​ស្រុក​វៀង​សៃ កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្ញើ​លិខិត​ស្នើ​សុំ​ជំនួយ​ពី​ស្រុក​កួន​សឺ​ន​​ក្នុង​ការស្វែងរក​ក្រុម​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​។​

​ខេត្ត​ថាញ់​ហ័រ របស់​វៀតណាម​នេះ ក៏​ត្រូវ​បាន​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​Wipha ដែល​បាន​មកដល់​ខេត្ត​ក្វាង និ​ញ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​មុន​ពេល​វា​បាន​ចុះថយ​​កម្លាំង​ទៅ​ជា​វិសម្ពាធ​ត្រូពិច និង​បក់បោក​លើ​ដី​គោក​ដោយ​នាំមក​នូវ​ទឹកភ្លៀង​ខ្លាំង​នៅ​បណ្តា​ខេត្ត​ភាគ​ខាងជើង​និង​កណ្តាល​នៃ​ប្រទេស​នេះ​។​

​វិសម្ពាធ​ត្រូពិច​បានចុះ​ខ្សោយកម្លាំ​ង​បន្ថែម​ទៀត​នៅ​ពេល​វា​បាន​ទៅ​ដល់​ប្រទេស​ឡាវ​ភាគ​ខាងជើង ។​

​ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ Wipha នៅ​ប្រទេស​វៀតណាម បាន​កើនឡើង​ដល់​១២ នាក់​ខណៈ​ដែល​មនុស្ស​៩​នាក់​ផ្សេង​ទៀត នៅ​បាត់​ខ្លួន​នៅឡើយ​៕​ដោយ​៖​សុខា​/sn

ទន្លេ​លឿង នៅ​ខេត្ត​ថាញ់​ហ័​រដែល​ភ្ជាប់​ទៅ​នឹង​ស្ទឹក​Xia នៅ​ប្រទេស​ឡាវ​