ឡុង ជិន ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​

604
សកម្មភាព​ចុង​សប្ដាហ៍​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២​មិថុនា​មក​នោះ បានបញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃទី​១៨​សីហា​។​

​តាមពិត​រាល់​ការប្រកួត​ផ្ដាច់ព្រ័ត្រ គឺជា​ជំនួប​រវាង​អ្នក​ប្រដាល់​កម្ពុជា និង​អ្នក​ប្រដាល់​ថៃ តែ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ អ្នក​ប្រដាល់​ថៃ​អវត្តមាន​ច្រើន ទើប​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​សម្រេចយក​អ្នក​ប្រដាល់​ខ្មែរ​២​រូប ដែលមាន​ពិន្ទុ​លើសគេ​មក​ប្រជែង​គ្នា​យក​ខ្សែក្រវាត់​តែម្ដងទៅ​។​

​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល​A និង​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ដែល​បាន​ចំណាត់ថ្នាក់​ក្នុង​ពូ​ល​A​ជាមួយគ្នា​នោះ ឲ្យ​ជួបគ្នា​ប្រជែង​យក​ខ្សែក្រវាត់​ដែលមាន​រង្វាន់​អម​ចំនួន ៥.០០០​ដុល្លារ និង​ជើងឯក​រង​៣.០០០​ដុល្លារ​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ពេញ​មួយ​ព្រឹត្តិការណ៍​គេ​ពុំដែល​ស្គាល់​ចាញ់​នោះទេ​។ នៅពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ ឡុង ជិន ឈ្នះ ឈុត សេរី​វ៉ាន់​ថង ដោយ​ពិន្ទុ​។ ចៅក្រម​៥​រូប គឺ​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ឡុង ជិន ឈ្នះ​ទាំង​៥​រូប​។ សូមបញ្ជាក់ថា ឡុង ជិន ពិតជា​ឈ្នះ​មែន ព្រោះ​នៅ​ទឹក​ទី​៤ ឈុត សេរី​វ៉ាន់​ថង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ គេ​ចាញ់ ឡុង ជិន ត្រឹម​រាប់​៨​នេះ​តែម្ដង​។​

​ចំពោះ​ការប្រកួត​នា​យប់​ថ្ងៃទី​១៨​សីហា​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកួត​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​រុស្ស៊ី អូ ហ្សេ​វ (Au Shev)​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​៥​ទឹក​ពេញ​។ ទោះបី​ស្ថានភាព នៃ​ការប្រកួត​ភាគច្រើន​រាជសីហ៍ មានប្រៀប​ជាង​ក៏ពិតមែន តែ​រាជសីហ៍​បានទទួល​ជ័យជំនះ​ទាំង​ឈឺ​សាច់​គ្រាន់បើ​ដែរ​។​

​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផាត ស្រះកែវ (Phat Srakeo) ឲ្យ​ដួលសន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​។​

​ចំពោះ​ការប្រកួត​ឆ្ពោះទៅ​ដណ្ដើម​ប្រាក់​លាន​វិញ​នោះ អ្នក​ប្រដាល់ មុត ខ្លឹម​ខ្មៅ ក្លិប​ម្កុដ​រាជ​សី បានទទួល​ជ័យជំនះ​លើ​អ្នក​ប្រដាល់ ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​មិនចាំបាច់​ឡើង​សង្វៀន​ប្រកួត​។​

​បើតាម​កា​ឲ្យ​ដឹង​ពី​មន្ត្រី​រៀបចំ​ការប្រកួត​នោះ​ថា រដ្ឋា ឈឺ​ជើង​មិនអាច​ប្រកួត​បាន​។ ជ័យជំនះ​នេះ ធ្វើ​២​ប្រកួត​របស់​ខ្លឹម​ខ្មៅ​ឈ្នះ​ទាំង​២​ប្រកួត ក្នុងខណៈដែល​២​ប្រកួត​របស់​រដ្ឋា​ឈ្នះ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលិស​ត្រូវ​អ្នក​ប្រដាល់ អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក វាយ​ឲ្យ​សន្លប់​មុន​ម​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។ ហុង ជី​វ៉ុ​ង ២​ប្រកួត​ចាញ់​ទាំង​២​ប្រកួត ក្នុងខណៈដែល វ​ណ្ណេ​ត ២​ប្រកួត​របស់គេ​ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​។​

​ការប្រកួត​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​វិញ​នោះ អ្នក​ប្រដាល់ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក បាន​ប្រើ​ជង្គង់ និង​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផាត ម៉ា​ហា (Phat Maha) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​

​ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ Wurkz នា​រសៀល​ថ្ងៃទី​១៩​សីហា​អ្នក​ប្រដាល់ ទេស ជីវ៉ា ត្រូវ​អ្នក​ប្រដាល់​ថៃ ហ្វា នី​មី​ត (Fa Nimith) ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​

​ការ​ចាញ់​លើក​នេះ ធ្វើ​ឲ្យ​ការប្រកួត​របស់ ជីវ៉ា ចំនួន​៤​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ចាញ់​ទាំង​៤​ប្រកួត ឯ ហ្វា នី​មី​ត វិញ​៤​ប្រកួត​របស់គេ​ឈ្នះ​បាន​២​ប្រកួត និង​ចាញ់​២​ប្រកួត​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ហាលអាវ​ដូចគ្នា​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ពែ​ក ធៀង (Pek Thieng) ដោយ​ពិន្ទុ​ដាច់​។ ចៅក្រម​ទាំង​៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ពែ​ក ធៀង ឈ្នះ​ទ់ង​អស់​គ្នា គឺ ពែ​ក ធៀង ឈ្នះ វេ​ង សុភ័ក្ត្រ ៥ ទល់ ០ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ ​វេ​ង​ សុភ័ក្ត្រ ​ដែល​៤​ប្រកួត​របស់គេ​ឈ្នះ​២​ប្រកួត​ចាញ់​មួយ​ប្រកួត និង​អវត្តមាន​មួយ​ប្រកួត​នោះ ត្រូវ​ហាលអាវ​ហើយ​។ ចំពោះ ពែ​ក ធៀង វិញ​៤​ប្រកួត​របស់គេ​ឈ្នះ ៣ ប្រកួត និង​អវត្តមាន​មួយ​ប្រកួត​។ ពេលនេះ​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ កំពុងតែ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​គេ​ហើយ​។ គូប្រកួត​ចុងក្រោយ​របស់គេ​ទំនងជា ឡុង សំណាង​ ក្លិប​សាល​វ័​ន្ដ​កីឡា​៕