ឡុង រ៉ា​មី និង វុត្ថា លាន់​លី​ញ ប្រជែង​ឈ្នះ​កៅអី​សម្រាប់​ជុំ​ទី​៣

1335
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​១៨​សីហា មាន​អ្នក​ប្រដាល់​២​រូប​ទៀតហើយ ដែល​បាន​ប្រជែង​ឈ្នះ​កៅអី​សម្រាប់​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​បន្តទៀត​។​

​អ្នក​ប្រដាល់ តាំង តាក់ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដែលជា​អ្នក​ប្រដាល់​វ័យក្មេង ហើយ​ត្រូវគេ​រំពឹងថា នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លង​ឲ្យ​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​២​នោះ បែរជា​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់ វុត្ថា លាន់​លី​ញ របស់​ក្លិប​អង្គរធំ​គុន​ខ្មែរ​ទៅវិញ​។ ការបរាជ័យ​នេះ ធ្វើ​ឲ្យ តាំង តាក់ ត្រូវ​បញ្ចប់​បេសកកម្ម​ត្រឹមនេះ ចំពោះ វុត្ថា លាន់​លី​ញ ត្រូវ​បន្ត​ហ្វឹកហាត់​ត្រៀមខ្លួន ដើម្បី​ប្រកួត​ជម្រុះ​ជុំ​ទី​៣​ដែល​នៅសល់​ជើង​ខ្លាំង​៨​រូប​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឈាន រស្មី ក្លិប​ខេត្តរតនគិរី ក៏​ខ្ទាត​ចេញពី​ការប្រកួត​ដែរ បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់ ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​នោះ​។​

​អ្នក​ប្រដាល់ ឈាន រស្មី ត្រូវ​វេចសម្ពាយ​វិលត្រឡប់​ទៅ​ផ្ទ​ស​វិញ​ត្រឹមនេះ ក្នុងខណៈដែល ឡុង រ៉ា​មី ត្រៀមខ្លួន​ដើម្បី​ឡើង​ប្រកួត​បន្ត​នៅ​ជុំ​ទី​៣​ទៀត​នោះ​។​

ចំពោះ​ការប្រកួត​ជា​មិត្តភាព​រវាង​កម្ពុជា​-​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ថាវ អ៊ូ​ឡាន (Thav Oulan) នៅ​ទឹក​ទី​៣​។ តាមពិត រិទ្ធី មិនមែនជា​អ្នក​ប្រដាល់​ដែល​ខ្លាំង​អាច​យកឈ្នះ ថាវ អ៊ូ​ឡាន បាន​នោះទេ សូម្បីតែ​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍​ក៏​វេទនា ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ដែរ មិនតែប៉ុណ្ណោះ​ក្នុងការ​ប្រកួត​កន្លងមក ថាវ អ៊ូ​ឡាន និង រឿង សោ​ភ័​ណ្ឌ មាន​ឈ្នះ​-​ចាញ់​ទៅវិញ​ទៀតផង​។ ការប្រកួត​ជាមួយ រិទ្ធី នរណា​ក៏​ជឿថា ថាវ អ៊ូ​ឡាន វ៉ៃ មិន​អស់ពី​សមត្ថភាព ឬក៏​គេ​មក​វ៉ៃ​ដោយ​មិន​ចូល​ក្លិប ដើម្បី​ហាត់​ទៀតផង​។​

​ការប្រកួត​ក្រៅ​ពានរង្វាន់​វិញ​នោះ ឡាញ់ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា បង្ខំ​ឲ្យ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ លើក​ទង់ជ័យ​ស ចុះចាញ់​នៅត្រឹម​ទឹក​ទី​៤៕