ឡុង សំណាង ស្មើ រ៉ុង ណា​ផា ឯ ឡុង បេន​លឿន និង អេ​លី​ត ភក្ដី កក់​កៅអី​ជុំ​ទី​២

164
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock Out Serie by K-Cement នា​យប់​ថ្ងៃទី​២៥ មករា បាន​រកឃើញ​អ្នក​ប្រដាល់ ចំនួន​២ រូប​ទៀតហើយ ដែល​បាន​កក់​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។​

​អ្នក​ប្រដាល់ អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ បាន​យកឈ្នះ អ្នក​ប្រដាល់ ភិន សុច​ន្ទី ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ ។ តាមពិត អ្នក​ប្រដាល់ ភិន សុច​ន្ទី ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ​គេ​មាន​កលល្បិច​វ៉ៃ មិន​អន់​ឡើយ ។ មុន​ឡើង​សង្វៀន គេ​បានប្រកាសថា គេ​រីករាយ ដែល​បាន​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ដែលមាន​កេរ្តិ៍ឈ្មោះ ដូចជា អេ​លី​ត ភក្ដី ទោះបី​គេ​ចាញ់ ក៏​គេ​មិនតូច​ចិត្ត​ដែរ តែ​គេ​នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ។​

ទិដ្ឋភាព​ប្រកួត​

​ចំពោះ អេ​លី​ត ភក្ដី វិញ ក៏​គេ​បានប្រកាស​ដែរ​ថា នេះ​ជាការ​ប្រកួត​ដ៏​សំខាន់ សម្រាប់​រូបគេ ហេតុនេះ គេ​ត្រូវតែ​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ។ គេ​បន្តថា ម្យ៉ាង​សម្រាប់​រូបគេ ម្យ៉ាង​សម្រាប់​ក្លិប និង កេរ្តិ៍ឈ្មោះ របស់​គ្រូ​របស់គេ ។​ការប្រកួត ដែល​មានតែ ៣ ទឹក​នោះ ភក្ដី ពិតជា​ធ្វើ​បានល្អ​មែន ទោះបី​ពេលខ្លះ គេ​ទទួលរង​ការកៀបសង្កត់ ពី​គូប្រកួត​ក៏ដោយ ។ អេ​លី​ត ភក្ដី ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ក្នុងខណៈដែល អ្នក​ប្រដាល់ ភិន សុច​ន្ទី ត្រូវ​ខ្ទាត​ចេញ​ការប្រកួត នៅត្រឹម​ជុំ​ទី ១ នេះ ។​

​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា បាន​កក់​កៅអី សម្រាប់​ជុំ​ទី​២ ដែរ ដោយ​​គេ​បាន​យកឈ្នះ អ្នក​ប្រដាល់ សឿន ឆ្នើម ដោយ​ពិន្ទុ​នោះ ។​

​សឿន ឆ្នើម​វ៉ៃ បានល្អ​នៅ ២ ទឹក​ដំបូង តែ​ចាប់ពី​ទឹក​ទី​៣ ទៅ​កម្លាំង​របស់គេ ស្រុតចុះ​តែម្ដង ។ ភាគច្រើន អ្នក​ប្រដាល់ សឿន ឆ្នើម ការពារ​ច្រើនជាង ការវាយលុក ។ អ្នក​ប្រដាល់​រូបនេះ បង្ហាញ​ឲ្យ​គូប្រកួត​ដឹង ពី​ការស្រុតចុះ នៃ​កម្លាំង​របស់ខ្លួន ។ បែបនេះ វា​បាន​ក្លាយជា​ឱកាស សម្រាប់ បេន លឿន វាយ​សម្រុក ។ នៅ​ទឹក​ទី​៣ ដែលជា​ទឹក​ចុងក្រោយ សឿន ឆ្នើម ត្រូវ​អាជ្ញាកណ្ដាល រាប់​៨ ដោយសារតែ​កម្លាំង​រប​ស់​គេ ស្រុតចុះ​ខ្លាំង​ ​តែ​ទោះជា​យ៉ាងណា ក៏ សឿន ឆ្នើម តស៊ូ​រហូត​ចប់​ទឹក​ទី​៣ ។ សឿន ឆ្នើម ខ្ទាត​ចេញពី​ការប្រកួត ត្រឹមនេះ រីឯ ឡុង បេន​លឿន ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ បន្តទៀត។​

ទិដ្ឋភាព​ប្រកួត​

​ចំពោះ​ការប្រកួត ជា​មិត្តភាព​ជាមួយ អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ផាន់ ផា​ណាត់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​បង្ខំ​ឲ្យ​អ្នក​ប្រដាល់ សេង សាយ ក្លិប​ពន្លឺ​វិបុល ត្រូវ​អាជ្ញាកណ្ដាល បញ្ឈប់ នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៣ ។ សេង សាយ ក៏ត្រូវ​ការ​ឈ្នះ​ដែរ តែ​សមត្ថភាព​របស់គេ មិន​ដល់​។ នៅ​ទឹក​ទី​៣ គេ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ដល់​ទៅ ២ លើក ។ បន្ទាប់មក ក៏ត្រូវ​អាជ្ញាកណ្ដាល បញ្ឈប់​តែម្ដង ដោយសារ​តែមួយ​ទឹក មិនអាច​រាប់ ៨ ដល់​ទៅ ៣ ដង បានឡើយ ៕v