ឡើងអ្នកតា​ឈើទាល​ទោល​នៅ​បឹង ព្រះ​ពន្លៃ​នៃ​ទី​ស្ថាន​សត្វ​ស្លាប​ព្រៃចម្រុះ​

137

​ពោធិ៍សាត់​៖ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង ពិធីបុណ្យ​ឡើងអ្នកតា​ឈើទាល​ទោល ឬ​លោកតា​ថ្មអណ្តែត ដើម្បី​សុំ​សេចក្តី សុខ​ចម្រើន​ជូន​ប្រជា ពលរដ្ឋ​ក្នុងភូមិ ស្រុក​និង​ដើម្បី​រក្សា​ទំនៀមទម្លាប់​បែប បុរាណ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។
​ ​
​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ បរិវេណ​បឹង​ព្រះ​ពន្លៃ ស្ថិត​ក្នុងភូមិ ព្រះ​ពន្លៃ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នា​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ​កន្លងទៅនេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​
​ ​
​បើតាម​លោកពូ ឈៀង ប្រជា​-​ពលរដ្ឋ​ឃុំ​ផ្ទះ​រុង​បានឱ្យដឹងថា ពី​ដើម​នៅក្នុង​បឹង​ព្រះ​ពន្លៃ​មាន សសរកី​ឈើ​ដាំ ក្នុង​ទឹក និង​មាន​អ្នកតា​មួយ​កាន់​រក្សា ការពារ​ឈ្មោះ​អ្នកតា​ឈើទាល​ទោល ឬ​លោកតា​ថ្មអណ្តែត ។ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​៣​រោច ខែមាឃ អ្នកភូមិ​ក្នុង​តំបន់ បឹង​ព្រះ​ពន្លៃ តែង​ប្រមូល​ផ្តុំគ្នា ដើម្បី រៀបចំ​ទំនៀម​ឡើងអ្នកតា​ឈើទាល ទោល​នេះ ដើម្បី​រក្សា​ទំនៀមទម្លាប់​បែប បុរាណ និង​ចង់​បង្ហាញថា​ពួកគាត់​នៅ តែ​រក្សា​ជំនឿ​អរូបី​មិនអាច​បំភ្លេច បើទោះបីជា​សម័យកាល នេះ​មាន​ការរីក ចម្រើន​ទៅហើយ​ក្តី ។ អ្នកខ្លះ​យក​បាយ សម្ល បង្អែមចម្អាប គ្រឿង​សំណែន ផ្សេងៗ ពិសេស​គឺ​នំ​បញ្ចុក​តែម្តង​ពី​ផ្ទះ រៀងៗ​ខ្លួន ដើម្បី​យក​សែនអ្នកតា សុំ សេចក្តីសុខ​ចម្រើន​ក្នុង​គ្រួសារ និង​ក្នុង ភូមិ​ស្រុក​របស់ខ្លួន ។​
​ ​
​ជាមួយគ្នា​នោះ វត្តមាន​សត្វ​ស្លាប ព្រៃចម្រុះ រាប់ពាន់​ម៉ឺន​ក្បាល និង មច្ឆជាតិ នៅ​អាង​ព្រះ​ពន្លៃ ក្នុង​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មួយ រយៈ​មកនេះ បាន​បង្កើត​ក្តីសប្បាយ​រីករាយ និង​មាន​មោទនភាព​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ខេត្ត ជាពិសេស​ភ្ញៀវទេសចរ ក៏​ខំ​ទៅ​មើល សត្វ​ពេល​ព្រលឹម​អុរ ដល់​ថ្ងៃ​កម្ពស់ ពាក់កណ្តាល​ដើមឈើ និង​ពេល​ជិត អស្តង្គត ៕ ដោយ​: ព​.​ស​