ឡេង ណា​វ៉ា​ត់​ត្រា មិន​ចាញ់​តារាចម្រៀង​ដែល​ល្បីៗ​ក្រោយ​បញ្ចេញ​បទ “​រាំ​បិទគូទ​”

517

(​ភ្នំពេញ​)៖ បើទោះជា​ការ​ឌី​ហ្សា​ញយ​ក​រូប​ទម្រង់​សិល្បៈ​បុរាណ​ដូចជា​ល្ខោនខោល​មក​ដាក់​ពីលើ​បទ​ចម្រៀង​ធ្វើអោយមាន​ការរិះគន់​ធ្ងន់ៗ​​ពី​សំណាក់​តារាចម្រៀង​លោក អាចារ្យ​ធំ ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ថា​បទ​បែក​ស្លុក​បើកឆាក​របស់​តារាចម្រៀង​លោក ឡេង ណា​វ៉ា​ត់​ត្រា ដែល​ទើប​ទទួល​ងារ​ជា​ឧកញ៉ា​នោះ មានការ​គាំទ្រ​។

​លោក​ក៏បាន​បង្ហាញ​ពី​ការរំពឹង​យ៉ាងខ្លាំង​ថា បទ​ចម្រៀង​នេះ​នឹងធ្វើ​អោយមាន​លោក​ក្លាយជា​តារាចម្រៀង​ដែលមាន​អ្នក​ស្គាល់​កាន់តែ​​ច្រើន​ទ្វេ​រដង ស្របពេល​ដែល​លោក​ក៏​ទើបតែ​ឡើង​ធំ​លើសពី​ការងារ​សិល្បៈ​នាពេល​ចុងក្រោយ​ផង​។

​លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​អះអាងថា​បទ​ចម្រៀង​«​រាំ​បិទគូទ​»​របស់លោក​គឺជា​បទ​សាកល្បង​ដំបូង​បំផុត​ចាប់តាំងពី​លោក​បាន​​ក្លាយជា​តារាចម្រៀង និង​ជា​ម្ចាស់​ផលិតកម្ម ដែលមាន​បទ​ប្រភេទ​បែក​ស្លុយ​បែបនេះ​ប្រកួតប្រជែង​។ ​ចម្រៀង​មួយ​បទ​នេះ​លោក​មានការ​តាក់តែង​ទំនុកច្រៀង​ពី​ការចូលរួម​គំនិត​រប​ស់លោក ហើយ​មាន​ក្រុមការងារ​ជា​អ្នកធ្វើ​ភ្លេង​អោយ ដោយ​ទម្រាំ​សម្រេចបាន​មួយ​បទ​នេះ គឺ​លោក​បាន​ចំណាយពេល​ច្រើន ហើយ​បើ​និយាយ​ពី​ការឆ្លង​យោបល់​ចុះឡើងៗ​ទម្រាំ​តែ​បានចេញ​បទ និង​សម្រេចយក​សាច់ភ្លេង​នោះ​ក៏​ឆ្លងកាត់​ច្រើន​ដែរ​។

​លោក​បាន​និយាយថា បទ​ចម្រៀង​នេះ ស្ថិតក្នុង​ការរៀប​គម្រោង​រៀបចំ​ចេញ​ថត​យ៉ាង​យកចិត្តទុកដាក់​បំផុត​ខណៈដែល​គ្រាន់តែ​លោក​​ជួល​គ្រូ​អោយមក​បង្កើត​ក្បាច់​រាំ​ដើម្បីអោយ​ប្លែក និង​បង្ហាត់​តារា​សម្ដែង​អោយ​រាំ​ស្រុះគ្នា​នៅក្នុង​MV ផង ក៏​ចំណាយ​អស់​ខ្ពស់​ដើម្បី​ធ្វើ​​អោយ​បទ​ចម្រៀង​ទាំងមូល​កាន់តែ​មាន​ភាព​ទាក់ទាញ​នៅពេល​ដាក់​បង្ហាញ​ជា​ឈុត​ឆាក​វិ​ដេ​អូ​។

​លោក​បាន​បញ្ជាក់ថា នឹង​មិនមាន​គម្រោង​ផលិត​បទ​បែក​ស្លុយ​សម្រាប់​ច្រៀង​ខ្លួនឯង​បន្ថែមទៀត​នោះទេ​ដោយ​លោក​នឹង​ងាក​មក​ផលិត​​បទ​បែប​ប្រពៃណី ឬ​បែប​មនោសញ្ចេតនា​សម្រាប់​ជំហាន​បន្តបន្ទាប់​វិញ​ជាជាង បើទោះជា​បទ​«​រាំ​បិទគូទ​»​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ក៏ដោយ​៕​ដោយ ៖បូ​រិ​ន​/sn