ឡេ​ឌី​ហ្គា​ហ្គា​ពាក់​ខ្សែក​ពេជ្រ​តម្លៃ​៣០​លាន​ដុល្លារ​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ​

428
ចែករម្លែក
  • 16
    Shares

​នៅពេល​និយាយ​អំពី​ការ​ស្លៀកពាក់​សម្រាប់​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​អូ​ស្ការ វា​ពិតជា​មិនអាច​ទៅរួច​ឡើយ ដែល​ពួក​តារាៗ​មិន​លេងខ្លួន​ឱ្យ​សាហាវ​កប់ៗ​។​

​ប៉ុន្តែ​ជាមួយនឹង​ត្បូង​ពេជ្រ Tiffany ទំហំ​១២៨,៥៤​កា​រ៉ាត់​តម្លៃ ៣០ លាន​ដុល្លារ​ពាក់​នៅ​ជុំវិញ​ក​របស់​នាង នាង​ឡេ​ឌី ហ្គា​ហ្គា​គឺមាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​គ្រប់គ្រាន់​ដែល​នាង​ត្រូវការ​។ តារា​ក្នុង​រឿង A Star Is Born ដែល​ជាប់​ជា​បេ​ក្ខ​នារី​សម្រាប់​ពានរង្វាន់​តារា​សម្តែង​ឆ្នើម​រូបនេះ​បាន​អម​ខ្សែក​លឿង​ស្រស់ស្អាត ដែល​ធ្លាប់​ពាក់​ដោយ​នាង​អូ​ដ្រេ ហេ​ប​បឺ​ន នៅក្នុង​ការផ្សព្វផ្សាយ​រូបថត​របស់​នាង​សម្រាប់​ភាពយន្ត Breakfast At Tiffany’s ជាមួយ​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​រចនា​ម៉ូត​ដោយ​លោក​អា​ឡិច​សង់​ឌ័​រ ម៉ាក​ឃ្វី​ន​។​

​ចូលរួម​ជាមួយ​នាង​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​ដែរនោះ គឺ​នាង​ជេ​នី​ហ្វើ ឡូ​ប៉េ​ស និង​នាង​ប្រ៊ី ឡា​សុន ដែល​ស្លៀកពាក់​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ទឹកប្រាក់​ភ្លឺ​ផ្លេក​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កុម្ភៈ​នៅ​រោង​មហោស្រព Dolby នៅ​មណ្ឌល Hollywood & Highland ក្នុង​សង្កាត់​ហូលីវូដ​។​

​ពេជ្រ Tiffany ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ១៨៧៧ ក្នុង​តំបន់​រ៉ែ​គីម​បឺ​ឡេ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ លោក​ឆា​លី ឡេ​វី​ស ទី​ហ្វា​នី ដែល​បង្កើត​ក្រុមហ៊ុន​អលង្ការ Tiffany ដ៏​ល្បី​ក្នុង​ឆ្នាំ ១៨៣៧ បាន​ទិញ​ពេជ្រ​ទំហំ ២៨៧,៤២ កា​រ៉ាត់​នេះ​នៅ​ឆ្នាំ​បន្ទាប់ ក្រោយពី​ការរកឃើញ​ពេជ្រ​នេះ​។​

​គាត់​បាន​កាត់​ពេជ្រ​នេះ​ទៅជា​ពេជ្រ​រាង​ដូច​ខ្នើយ​ទំហំ​១២៨,៥៤​កា​រ៉ាត់ និង​ដាក់​វា​តាំង​ជាធម្មតា​នៅ​ហាង​ពេជ្រ Tiffany & Co. ក្នុង​ទីក្រុង​ញូវយ៉ក​៕ ដោយ៖ កញ្ញាដាលីស

#