អក្សរ​ខ្មែរ លើ​ស្លាក​ហាង​ចិន​!

1018
ចែករម្លែក

“​ការជួល​ដី ឬ​ការច្របាច់បញ្ចូលគ្នា​” “​ជីកដី​ឡើង ភ្នែក​ចាប់​” “​លក់​សាច់​កម្ពុជា​” “​ផ្សារ ទំនើប​ថ្នាំជក់ និង​គ្រឿង​ស្រវឹង​”… ទាំងអស់នេះ គឺជា​ស្លាក​យីហោ​ហាង​របស់ ជនជាតិ ចិន ដែល​បើក​រកស៊ី​នៅ​កម្ពុជា​។ ស្លាក​យីហោ​ខ្លះ អាន​ហើយ​ព្រឺ​ខ្លួន​ខ្ញាក​ដោយសារ តែ​ស្លាក​យីហោ ដែលមាន​អក្សរ​ខ្មែរ​ធំៗ នៅលើ​អក្សរ​ចិន​នោះ រក​យល់​ន័យ​ឲ្យ​អស់ សេចក្តី មិនបាន​។​នៅមាន​ឧទាហរណ៍​ជាច្រើន​ទៀត​ដែល​បាន​កើតឡើង​រួចមកហើយ ហើយក៏​ត្រូវបាន​បណ្តាញ​ទំនាក់ទំនង​សង្គម​យកមក​ស៊ែរ​ចែកគ្នា​មើល​ពេញ​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​មតិ​ចម្រុះ​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​ជា​បន្តបន្ទាប់ រហូតដល់​ពេលនេះ ស្លាក​យីហោ​ហាង​របស់ ចិន​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​មើលទៅ ហាក់ដូចជា បកប្រែ​ន័យ ត្រង់ៗ​ពី​ភាសា​ចិន មកជា​ខេមរភាសា​។ ប៉ុន្តែ​បន្ទាប់ពី​លើកស្លា​ក​ខុស​អត្ថន័យ​ហើយ​មាន ខ្លះ​ខុស​អក្ខរាវិរុទ្ធ​ទាំងនោះ​ហើយ អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក៏បាន​អន្តរាគមន៍ ឲ្យ​ជនជាតិ​ចិន ដែល​បើកមុខ​របរ​រ​ក​ស៊ី​នៅ​កម្ពុជា​ទាំងនោះ ទម្លាក់​ស្លាក​កែ​តួអក្សរ​ទាំង នោះ​ភ្លាមៗ​ផងដែរ​។​
​ ​
​មាន​មូលហេតុ​ចម្បង​មួយ ដែល​យើង​ដឹង​គ្រប់គ្នា​នៃ​ការលើក​ស្លាក​យីហោ​ខុស​តាម​ហាង ភោជនីយដ្ឋាន ផ្សារ​លក់ទំនិញ ឬក៏​សណ្ឋាគារ​របស់​ចិន ដែល​ចូលមក​រកស៊ី​នៅ​កម្ពុជា ពិសេស​នៅ​កំពង់សោម សៀមរាប និង​នៅ​បាវិត ជាដើម​។ នោះ​គឺ​ជន​ជាតិចិន​ទាំងនោះ បាន​ប្រើ Google Translate បកប្រែ​ពី​ភាសា​ចិន ជា​ភាសា​ខ្មែរ ហើយ​យកទៅ​បោះពុម្ព ដោយ​រោង​ពុម្ព​ចិន​គ្នាឯង ឬក៏​ខ្លះ បោះពុម្ព​ពី​ស្រុក​ចិន​មក​តែម្តង​។ ដូច្នេះហើយ​បានជា យើង​ឃើញ​ស្លាក​យីហោ​ហាង​ចិន​មួយចំនួន​ជា​ភាសា​ខ្មែរ​យើង​រក​អាន​មិនត្រូវ​។ មើល មិន​យល់ ឬក៏​មាន​ខ្លះទៀត ខុស​អក្ខរាវិរុទ្ធ តួអក្សរ ជាដើម​។​

​ប៉ុន្តែ​ការខុស​ស្លាក​យីហោ​ហាង​ចិន​កន្លងមកនេះ​និយាយ​ឲ្យ​ពិត​ត្រង់​ទៅ​មិនមែនជា​កំហុស​របស់​ចិន មករក​ស៊ី​នៅ​កម្ពុជា​យើង​ទាំងស្រុង​នោះទេ​។ ពោលគឺ​អាជ្ញាធរ​សមត្ថកិច្ច មន្ត្រី​ជំនាញ នៅ​ថ្នាក់​ខេត្ត រាជធានី ថ្នាក់​មន្ទីរ ថ្នាក់ក្រុង ស្រុក ខណ្ឌ រហូតដល់​អាជ្ញាធរ សង្កាត់​ឃុំ និង​ថ្នាក់ភូមិ ជាពិសេស​នៅ​ថ្នាក់ជាតិ ដែលមាន​ក្រសួង​ជំនាញ​ដូចជា ក្រសួង វប្បធម៌ ក្រសួង​ព័ត៌មាន ក្រសួងទេសចរណ៍ និង​ក្រសួង ពាណិជ្ជកម្ម ជាដើម​សុទ្ធ​តែមាន តួនាទី​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​បើក និង​លើក​ស្លាក​យីហោ​ហាង​លក់ដូរ ភោជនីយដ្ឋាន ឬ​សណ្ឋាគារ ផ្ទះសំណាក់​។ គឺ​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ គួរតែ​ណែនាំ​ដល់​ជនជាតិ​ចិន ថា​តើ​នៅពេល​បើកហាង លើក​ស្លាក​យីហោ ត្រូវ​ឆ្លងកាត់​បែបបទ​អ្វីខ្លះ និង​ត្រូវ​មានការ ត្រួតពិនិត្យ​ពី​ខាង​មន្ត្រី​ជំនាញ​ណា ហើយ​បំពេញ​សំណុំ​ឯកសារ​ដូចម្តេចខ្លះ​? ដើម្បី​កុំ​ឲ្យ មាន​កំហុស​ដដែលៗ កើតឡើង​?
​ ​
​មួយវិញទៀត ជាធម្មតា​ទេ នៅពេល​ជនបរទេស មិនថាតែ​ជនជាតិ​ចិន​មករក​ស៊ី​នៅ កម្ពុជា​នោះទេ គឺ​តែងតែមាន​ជនជាតិខ្មែរ​យើង រកស៊ី ឬ​ធ្វើការ​ជាមួយ ជា​អ្នកចូលហ៊ុន ឬក៏​ជា​អ្នកបកប្រែ និង​មាន​ខ្មែរ​យើង ខ្លះ​ក៏​កាន់ការ​ចាត់ចែង​ក្នុង​ក្រុមហ៊ុន ហាង​លក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះសំណាក់​ជាដើម​នោះ​។ ដូច្នេះហើយ ខ្មែរ​យើង​ក៏​គួរតែ ផ្តល់​ជា​មតិយោបល់ ជា​គំនិត​ប្រាប់​ទៅ​ជនបរទេស ឬ​ជន​ជាតិចិន ថា​ត្រូវធ្វើ​បែបណា ឲ្យ​ស្របតាម​ច្បាប់ និង​ជាពិសេស​ស្លាក​យីហោ ឲ្យ​ត្រូវ​តាម​តួអក្សរ ត្រឹមត្រូវ​តាម​អត្ថន័យ ភាសា​ខ្មែរ និង​អក្ខរាវិរុទ្ធ ព្រមទាំង​គោរព​ច្បាប់​ក្បួនខ្នាត ដែល​អក្សរ​ខ្មែរ ត្រូវ​នៅលើ​ហើយ មាន​ទំហំ​ធំ​ជាង​អក្សរ​បរទេស ជាដើម​។​ល​។​
​ ​
​ជា​ការពិតហើយ នៅពេល​លើក​ស្លាក​យីហោ​ខុស​ទម្រង់​បែបបទ ខុស​អក្ខរាវិរុទ្ធ ឬក៏ អត្ថន័យ បកប្រែ​តាមន័យ​ត្រង់​ពេក​ពី​ភាសាបរទេស មកជា​ភាសា​ខ្មែរ​មើល​មិន​យល់ ដូច្នេះ គឺ​ពិតជា​នាំ​ឲ្យ​ខាតបង់​ដល់​ជនបរទេស​ដែលជា​ម្ចាស់​ហាង​នោះ​ច្រើនជាងគេ​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក៏​ចូលរួម​ទទួលខុសត្រូវ​ដែរ​។
​ ​
​ក្នុងនោះ ម្ចាស់​ហាង ជា​ជនបរទេស ត្រូវ​ខាតបង់​ទាំង​ពេលវេលា ទាំង​លុយកាក់​ថ្លៃ បោះពុម្ព ថ្លៃឈ្នួល​លើកស្លា​ក​យីហោ ដែល​ខុស​នោះ​។ អាជ្ញាធរ​សមត្ថកិច្ច​បា​ន​តម្រូវ​ឲ្យ រុះរើ​ស្លាក​យីហោ​ខុស​ទាំងនោះ ដោយ​ត្រូវធ្វើ​ឡើងវិញ ឲ្យ​ត្រូវ​តាម​ទម្រង់​បែបបទ​ត្រូវ តាម​អត្ថន័យ និង​តាម​តួអក្សរ ជាដើម​។

​រីឯ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ក៏ត្រូវ​បាន​មហាជន រិះគន់​ពី​តួនាទី​ភារកិច្ច​ដែល​មិន​ពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ពោលគឺ​ស៊ី​ញ៉េ លើ​ក្រដាស​យកតែ​លុយ ថ្លៃ​សេវា ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ជនបរទេស បើកហាង លើក​ស្លាក​យីហោ​តែ​មិន​ព្រម ពិនិត្យ​ខ្លឹមសារ​ស្លាក​យីហោ​ទាំងនោះ​។​ល​។ និង​។​ល​។​
​ ​
​សម័យ​ហ្វេ​ស​ប៊ុ​ក នាពេលនេះ រឿង​អាក្រក់ៗ​ពិសេស​ស្លាក​យីហោ​របស់​ហាង​ជនជាតិ ចិន ដែល​បកប្រែ​តាមន័យ​ត្រង់ៗ ពី​ភាសា​ចិន មក​ភាសា​ខ្មែរ រកតែ​មើល​មិន​យល់ និង​ខ្លះ ទៀត ក៏មាន​បញ្ហា​ខុស​អក្ខរាវិរុទ្ធ ជាដើម ត្រូវបាន​គេ​ថត​បង្ហោះ ចែកចាយ​ពីមួយ​ទៅមួយ យ៉ាង​លឿន​។​
​ ​
នៅពេល​មានការ​ផ្សព្វផ្សាយ​ពី​កំហុសឆ្គង​នៃ​ស្លាក​យីហោ​ទាំងនោះ​ទើប​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ដែនដី នៅ​ខេត្ត​រាជធានី ស្ទុះស្ទារ ស្រាវជ្រាវ ស្វែងរក​ទីតាំង​ហាង ដែលមាន​ស្លាក​យីហោ​ខុស​នោះ​ហើយ​ចុះទៅ​ទម្លាក់​ស្លាក​ទាំងនោះ​ធ្វើ​ហាក់ ដូចជា បន្ទាន់​ណាស់​។ ចុះ​ហេតុអ្វី ក៏​មិន​រួមគ្នា​ទប់ស្កាត់ ឬក៏​ការពារ មុននឹង​ព្យាបាល​?​។​
​ ​
​សរុបមក​ទាំង​ម្ចាស់​ហាង ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន ទាំង​ខ្មែរ​យើង​ដែលជា​អ្នក ធ្វើការ​ជាមួយ​ជនបរទេស ពិសេស​ជាមួយ​ចិន ក៏ដូចជា​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ និង អាជ្ញាធរ​ដែនដី រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជៀសវាង​កំហុសឆ្គង ដោយសារតែ​ស្លាក​យីហោ​ហាង​តទៅទៀត ដើម្បី​កុំ​ឲ្យ​ខាតបង់​ទាំង​ពេល វេលា និង​ទាំង លុយកាក់​។ រីឯ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ក៏​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការងារ​ត្រួតពិនិត្យ​ឯកសារ ពិសេស​ស្លាក​យីហោ មុននឹង​អនុញ្ញាត​ឲ្យ​ជនបរទេស ឬ​ជន​ជាតិចិន លើក​ស្លាក​យីហោ ជៀសវាង​កំហុសឆ្គង​ដដែលៗ ដែល​នាំ​ឲ្យ​មហាជន តែងតែ​លើកឡើងថា មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី មិនគួរ​មិន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ នោះឡើយ​៕ ដោយ​: ម៉េង​ឆៃ​

#