អគារសិក្សា១២បន្ទប់​នៅ​អនុវិទ្យាល័យ​ក្រយា សម្រេចបាន ៤០​ភាគរយ​

648
ចែករម្លែក
  • 615
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ សំណង់​អគារសិក្សា​ថ្មី​មួយ​ខ្នង កម្ពស់​ពីរ​ជាន់ ស្មើនឹង​១២​បន្ទប់ ដែល​បាន និង​កំពុង​សាងសង់​នៅ អនុវិទ្យាល័យ​ក្រយា នៅក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ពេលនេះ​សម្រេចបាន​ប្រមាណ ៤០​ភាគរយ​ហើយ ។​នេះ បើតាម​ការបញ្ជាក់ ពី​អ្នកទទួលខុសត្រូវ​ការ​សាង​សាង់ បាន​ជម្រាបជូន​លោក ជា ចាន់តូ កាលពី​រសៀល​ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ​២០១៩ ។ អគារសិក្សា​ថ្មី​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក និង​លោកស្រី ខៀវ ស៊ីណា ។

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក ចុះ​ពិនិត្យ​សំណង់​អគារសិក្សា អនុវិទ្យាល័យ​ក្រយា​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)

​អគារសិក្សា​ថ្មី​នេះ​បាន​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ជា ចាន់តូ ។ សំណង់​នេះ​បន្ទាប់​មើលឃើញ​ពី​តម្រូវការ នៃ​ការខ្វះ​អគារសិក្សា និង​ឆ្លើយ​តបត​តាម​ការ​សំណូមពរ របស់លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ​ក្រយា ។ នៅក្នុង​ពិធីបើកការដ្ឋាន​កសាង​អគារ​ថ្មី​នេះដែរ លោក ជា ចាន់តូ ក៏បាន​ប្រកាស​ជួយ​ជួស​ជុស​អគារ​ចាស់​មួយ​ខ្នង និង​ជួយ​កសាង​របង​ព័ទ្ធជុំវិញ អនុវិទ្យាល័យ​ក្រយា​នេះ​បន្ថែម​ផង ។

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក ជួបសិស្ស អនុវិទ្យាល័យ​ក្រយា​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​(​រូបថត​ក្រុមការងារ​)


​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ សំណង់​អគារសិក្សា​អនុវិទ្យាល័យ​ក្រយា​លោក ជា ចាន់តូ បាន​ជំរុញ​ឲ្យ​ក្រុម​ជាង ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​សាងសង់​ឲ្យ​បាន​ហ្មត់ចត់ ដោយ​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាថា​សំណង់​នេះ​រឹងមាំ នឹង​ប្រើប្រាស់​បានយូរ​អង្វែង ។
​បន្ទាប់មក​លោក​ជា ចាន់តូ ក៍បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដោយបាន​បញ្ជាក់ថា​ក្មួយៗ​ជំនាន់​នេះ ពិតជា​មាន​ភ​ព្វ័​សំណាង​ណាស់ ដែលមាន​ថ្នាក់ដឹកនាំ​ប្រទេស ប្រកបដោយ​គតិបណ្ឌិត និង​យកចិត្តទុកដាក់​ក្នុងការ​សិក្សា របស់​សិស្សានុសិស្ស តាមរយៈ ការ​បង្ខិត​សាលារៀន​ឲ្យ​មក​ជិត​បំផុត ដើម្បី​ផ្ដល់ឱកាស​បាន​សិក្សា​រៀនសូត្រ​គ្រប់ៗ​គ្នា ទោះបី​នៅ​តំបន់​ដាច់ស្រយាល​យ៉ាងណាក៏ដោយ ។ ជាក់ស្ដែង​ដូច​នៅ​ឃុំ​ក្រយា​នេះ​កាលពីមុន​គ្មាន​សាលា​ដូច​សព្វថ្ងៃនេះ​ទេ ហើយ​ថែមទាំង​ញ៉ាំ​ញ៉ី​ដោយ​សង្គ្រាម​ទៀតផង ។ តែ​ឥឡូវ​បន្ទាប់ពី​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការដឹក​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​តេ​ជោ សែន យើង​មានឱកាស​គ្រប់បែបយ៉ាង ទាំង​ក្នុងការ​អភិវឌ្ឍន​ប្រទេស និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស សម្រាប់​បន្តវេន ។ ដូចនេះ​ក្មួយៗ ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​ឲ្យ​ក្លាយជា​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព សម្រាប់​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ពិសេស​ត្រូវ​រួម​សាមគ្គី​គ្នា ថែរក្សា​ការពារ​សុខសន្តិភាព ដែល​យើង​មាន​សព្វថ្ងៃនេះ ឲ្យ​បាន​គង់​វង់​៕សរន