ដោយ: គូលែន / សៀមរាប: អគារសិក្សាចំនួន២ខ្នងស្មើនឹង៦០បន្ទប់ ដែលឧបត្ថម្ភថវិកាដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជូនដល់វិទ្យាល័យសម្តេចឪក្រុងសៀមរាប ខេត្តសៀមរាប ឥឡូវសម្រេចកសាងរួចរាល់ជាស្ថាពរហើយរួមជាមួយសមិទ្ធផលផ្សេងៗជាច្រើនទៀត។នេះគឺជាការបញ្ជាក់អោយដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ពីលោក ឈិន តៃឈាង នាយកវិទ្យាល័យសម្តេចឪ។
វិទ្យាល័យសម្តេចឪក្រុងសៀមរាប ខេត្តសៀមរាប បានអនុវត្តគម្រោងសាងសង់ដោយនាយឧត្តមសេនីយ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជការកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប ដែលទទួលបទបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន។
លោក ឈិន តៃឈាង បានបញ្ជាក់អោយដឹងទៀតថា សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី បានផ្តល់សមិទ្ធផលមានអគារសិក្សាចំនួន២ខ្នងស្មើនឹង៦០បន្ទប់ តារាបាល់ទាត់ចំនួន១ តារាងបាល់បោះចំនួន១ តារាងបាល់ទះចំនួន១ ក្លោងទ្វារចំនួន១ ដងទង់ជាតិចំនួន១ ចាក់បេតុងផ្លូវសម្រាប់ដើរប្រមាណ១ម៉ឺនម៉ែត្រការេ និងស្រះទឹកចំនួន១ទំហំ១៥គុណនឹង៤០ម៉ែត្រ។
លោកនាយកវិទ្យាល័យសម្តេចឪបាននិយាយថា សមិទ្ធផលដ៏សន្ធឹកសន្ធាប់ជូនដល់វិទ្យាល័យសម្តេចឪខាងលើនេះ ត្រូវបាននាយឧត្តមសេនីយ ខេង សុមេធ ជាអ្នកកសាងបានសម្រេចរួចរាល់ជាស្ថាពរហើយ កំពុងដាក់អោយសិស្សចូលរៀនបណ្តើរៗហើយ។
ចំពោះការសម្ពោធដាក់អោយប្រើប្រាស់នៅសមិទ្ធផលថ្មីៗរបស់វិទ្យាល័យសម្តេចឪ ក្រុងសៀមរាប ខេត្តសៀមរាបខាងលើនេះ លោកនាយកមិនបានបញ្ជាក់ថា នឹងធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់នៅពេលវេលាណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សមិទ្ធផលថ្មីនេះគឺជាសមិទ្ធផលដ៏មហាសាល ហើយមានភាពរស់រវើកទាំងសោភណ្ឌភាព ទាំងគុណភាព នឹងបរិស្ថានថែមទៀតផង៕ ល
រូបភាពៈ អគារសិក្សាថ្មី២ខ្នង៦០បន្ទប់អំណោយរបស់សម្តេចតេជោហ៊ុនសែនជូនវិទ្យាល័យសម្តេចឪសៀមរាបបានកសាងរួចរាល់ ដាក់អោយសិស្សចូលរៀនហើយ៕ល